ជាតិ
សង្គមជាតិ
ក្រុមស្រាវជ្រាវសន្និដ្ឋានថា បុរសដែលស្លាប់ក្នុងពេលចាប់ខ្លួន អាចដោយសារ «ខ្វះអុកស៊ីសែន» មិនមែនអាវុធហត្ថសង្កត់កឡើយ
19, Aug 2022 , 5:29 pm        
រូបភាព
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ រូបពីវីដេអូលើទំព័រហ្វេសប៊ុក GRK News
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ រូបពីវីដេអូលើទំព័រហ្វេសប៊ុក GRK News
ដោយ៖ វ៉ន ស៊ីចេន 

ប្រតិបត្តិការរបស់កងរាជអាវុធហត្ថខេត្តកំពង់ធំ នៅកន្លែងលេងល្បែងជល់មាន់តាមអនឡាញ បានបណ្តាលឲ្យបុរសវ័យជិត៥០ឆ្នាំម្នាក់ស្លាប់។ ក្រុមមន្រ្តី ដែលចុះទៅស្រាវជ្រាវ សន្និដ្ឋានជាបឋមថា ការខ្វះអ៊ុកស៊ីសែន ពេលត្រូវបានបញ្ជូនចូលទៅក្នុងរថយន្ត គួបផ្សំនឹងសុខភាពមិនសូវល្អ ជាមូលហេតុចម្បង ដែលនាំឲ្យបុរសនោះបាត់បង់ជីវិត។ គ្មានសញ្ញាណា ដែលក្រុមស្រាវជ្រាវរកឃើញថា គាត់ បាត់បង់ជីវិតដោយសារកងរាជអាវុធហត្ថសង្កត់ក ឬប្រើហិង្សាឡើយ។



ក្រោយឃាត់ខ្លួននៅកន្លែងលេងល្បែងជល់មាន់តាមអនឡាញ ជនសង្ស័យ៤នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ ចាប់បញ្ជូលទៅក្នុងរថយន្តម៉ាកស៊ីណា (Sienna) ក្នុងគោលដៅនាំយកទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។ បូករួមទាំងកម្លាំងនគរបាលផង មានមនុស្សទាំងអស់១១នាក់ ក្នុងរថយន្តនោះ។ ក្នុងចំណោមបុរសជាសង្ស័យទាំង៤នាក់ បុរសឈ្មោះ សួង ឌ័ន វ័យ៤៧ឆ្នាំ បានបាត់បង់ជីវិត។ 
 
តាមរយៈសន្និសីទកាសែត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោក អេង ហ៊ី  អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយយ៉ាងលម្អិតពីមូលហេតុដែលនាំឲ្យបុរសនោះបាត់បង់ជីវិត៖  
 
មនុស្ស១១នាក់ ក្នុងរថយន្ត គឺចង្អៀតណាស់។ ពេលកំពុងស្ថិតក្នុងរថយន្ត លោក សួង ឌ័ន មានអាការពុលឡាន ហើយកងរាជអាវុធហត្ថ បញ្ឈប់ឡាន ឲ្យលោកចុះទិញប្រេងកូឡា ដោះខ្នោះដៃឲ្យលោក និងបើកកញ្ចក់ឡានឲ្យខ្យល់ចេញ-ចូល។ ក្នុងរថយន្ត ក៏បើកម៉ាស៊ីនត្រជាក់ផងដែរ។ តែលោក នៅតែមានអាការមិនទាន់ស្រួលខ្លួនដដែល។

ជនសង្ស័យម្នាក់ ប្រាប់កងរាជអាវុធហត្ថថា លោក សួង ឌ័ន ចាប់ផ្តើមមិនស្រួលខ្លាំងហើយ និងនិយាយថា គាត់ ស្លាប់ហើយ។ ពេលនោះ គាត់ ត្រដរ រឹងថ្គាម មុខស្លេក និងប្រឈរភ្នែក។ កងរាជអាវុធហត្ថ បញ្ឈប់រថយន្តម្តងទៀត ដើម្បីធ្វើចលនាឲ្យគាត់ ហើយបានបើករថយន្ត ដឹកយកទៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍។ 
 
វេជ្ជបណ្ឌិត ប្រាប់គណៈកម្មការចំពោះកិច្ច ដែលចុះទៅស្រាវជ្រាវថា លោក សួង ឌ័ន ស្លាប់បាត់ហើយ មុនបញ្ជូនទៅដល់មន្ទីរពេទ្យ។ សម្តីរបស់វេជ្ជបណ្ឌិត ធ្វើឲ្យក្រុមស្រាវជ្រាវ សន្និដ្ឋានថា គាត់ បានស្លាប់តាំងពីនៅលើរថយន្ត។ 
 
ក្រុមស្រាវជ្រាវ មើលកំណត់ហេតុរបស់វេជ្ជបណ្ឌិតអំពីការធ្វើកោសល្យវិច័យសាកសព ដោយកំណត់ហេតុនោះ បង្ហាញថា សាកសព មិនមានស្នាកស្នាមត្រង់ក មិនបាក់ក និងមិនដាច់សរសៃ [ក] ឡើយ។ ក្បាលផ្នែកខាងក្រោយ ដៃជើង ខ្លួន នៅល្អទាំងអស់ តែមានស្នាមពណ៌ស្វាយនៅលើក្បាលប៉ែកខាងក្រោយ។ វេជ្ជបណ្ឌិត ដែលពិនិត្យសាកសព ប្រាប់ក្រុមស្រាវជ្រាវថា កាលណាខ្វះ ឬអត់មានអុកស៊ីសែន គឺបណ្តាលឲ្យមានពណ៌ស្វាយបែបនេះ។ 
 
គ្រូពេទ្យ មិនហ៊ានវាយតម្លៃនោះទេថា លោក សួង ឌ័ន ស្លាប់ដោយសារមូលហេតុអ្វីឲ្យពិតប្រាកដ ព្រោះគ្រូពេទ្យ ពុំបានដឹងស្ថានភាពរបស់អ្នកជំងឺជាមុន។ គ្រូពេទ្យ ប្រាប់ក្រុមស្រាវជ្រាវថា អាចវាយតម្លៃពីមូលហេតុដែលនាំឲ្យស្លាប់បាន លុះត្រាតែដឹងស្ថានភាពរបស់អ្នកជំងឺជាមុន។  
 
«ក្នុងកំណត់ហេតុពិនិត្យសាកសពនោះ សរសេរថា មូលហេតុ ដែលស្លាប់ គឺដោយសារគាំងបេះដូង ឬមូលហេតុផ្សេងៗ ឬជំងឺផ្សេងៗ។ ដូច្នេះ ពាក្យនេះ គឺយើង មិនអាចយកមកវាយតម្លៃបានទេ តែក្រុមការងារចំពោះកិច្ច អាចសន្និដ្ឋានមួយជំហាន ដើម្បីយកទៅជូនខាងតុលាការស្រាវជ្រាវបន្ត គឺបុគ្គលនេះ អាចស្លាប់ដោយសារការខ្វះអុកស៊ីសែន»។ 
 
«សាក្សីទាំងអស់ និងកងរាជអាវុធហត្ថដែលពាក់ព័ន្ធ លើកឡើងថា គ្មានប្រើអំពើហិង្សា ធ្វើទារុណកម្មទេ។ បុគ្គលពាក់ព័ន្ធ៣នាក់ទៀត [ជាជនង្ស័យ] ដែលជិះក្នុងឡាន ក៏បាននិយាយចុងក្រោយដែរថា អត់មានកងរាជអាវុធហត្ថណា សង្កត់ក ឬវ៉ៃគាត់ទេ»។
 
មានកងរាជអាវុធហត្ថ៣នាក់ ដែលពាក់ព័ន្ធក្នុងការបាត់បង់ជីវិតជនសង្ស័យ ត្រូវឃាត់ខ្លួន និងបញ្ជូនទៅតុលាការ។ ពួកគេ អាចត្រូវចោទពីបទមនុស្សឃាតដោយអចេតនា តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ ហើយអាចជាប់ពន្ធនាគារ ពី១ឆ្នាំ ដល់៣ឆ្នាំ។ ពួកគេ អាចត្រូវចោទពីមនុស្សឃាតដោយអចេតនា ដោយសារពួកគេធ្វេសប្រហែសក្នុងអំឡុងបំពេញតួនាទី រហូតបណ្តាលឲ្យជនសង្ស័យស្លាប់។ 
 
កាតព្វកិច្ចរបស់ពួកគេនាពេលនានោះ គឺត្រូវនាំជនសង្ស័យ ដែលមិនស្រួលខ្លួនទៅមន្ទីរពេទ្យភ្លាមៗ តែពួកគេ បែរជាអូសបន្លាយពេលវេលាយូរ រហូតធ្វើឲ្យជនសង្ស័យស្លាប់។ នេះចាត់ទុកថា ជាការធ្វេសប្រហែស ដែលពួកគេ ត្រូវទទួលខុសត្រូវ។



សូមរម្លឹកថា កម្លាំងកងរាជអាវុធហត្ថ បានចុះទៅបង្ក្រាបកន្លែងលេងល្បែងជល់មាន់នោះ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងថ្ងៃកើតហេតុនោះ នារីម្នាក់ ជាកូនរបស់លោក សួង ឌ័ន បង្ហោះលើបណ្តាញសង្គមថា ឪពុកនាង ស្លាប់ដោយសារត្រូវកម្លាំងកងរាជអាវុធហត្ថ សង្កត់ក។ 
 
២ថ្ងៃក្រោយ គឺថ្ងៃទី៩ ខែសីហា លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញបញ្ជាឲ្យស៊ើបអង្កេតករណីនេះ។ ក្នុងថ្ងៃដែលលោក សៅ សុខា ចេញបញ្ជា គណៈកម្មការចំពោះកិច្ច ដែលសមាសភាពជាកងរាជអាវុធហត្ថ ក៏ត្រូវថ្នាក់លើបង្កើតឡើង ដើម្បីចុះទៅស៊ើបអង្កេត។ 
 
មានកងរាជអាវុធហត្ថសរុប១៣នាក់ ដែលត្រូវបានឃាត់ទុកឲ្យនៅម្តុំក្នុងបន្ទាយ ដើម្បីរង់ចាំការស៊ើបអង្កេត។ គណៈកម្មការចំពោះកិច្ច នៅតែបន្តស៊ើបសួរកងរាជអាវុធហត្ថ១០នាក់ទៀត បន្ទាប់ពីកងរាជអាវុធហត្ថ៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ៕ 
 
 

Tag:
 ករណីស្លាប់ពលរដ្ឋពេលធ្វើប្រតិបត្តិការ
  អេង ហ៊ី
© រក្សាសិទ្ធិដោយ thmeythmey.com