ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ កំណត់តំបន់ភ្នំតាម៉ៅ ជាឧទ្យានសួនសត្វ និងព្រៃការពារ
20, Aug 2022 , 11:44 am        
រូបភាព
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ដើម្បីធានានូវនិរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។


យោងតាមព្រះរាជក្រឹត្យ ការបង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»នេះ ក្នុងគោលដំណងអភិវឌ្ឍន៍សួនភូតគាមសាស្រ្តដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់, អភិវឌ្ឍន៍ ទៅជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ, ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ។ 
 
មិនតែប៉ុណ្ណោះ ឧទ្យាននេះ នឹងជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ។ បង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់។ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ-សត្វព្រៃនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព។  
 
បើតាមព្រះរាជក្រឹត្យ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ មានផ្ទៃដីទំហំសរុប ២ ០២៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ ដូចមានផែនទីបញ្ជាក់ទីតាំង និង ចំណុចនិយាមកា ភ្ជាប់ជាឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យ។ 
 
ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» នេះ ត្រូវបានបែងចែកជា ៣តំបន់ ដោយ ទី១ ជាតំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១០២១ហិកតា។  
 
ទី២ តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ហិកតា និងទី៣ តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វ ផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ហិកតា។ 
 
ព្រះរាជក្រឹត្យដដែល បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចគ្រប់គ្រងតំបន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ហើយត្រូវរៀបចំផែនការ និងគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព៕  
 

Tag:
 ភ្នំតាម៉ៅ
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com