ជាតិ
យុវជនសកម្ម សេវាល្អ
អ្នកគ្រូពេទ្យ ឌុច ស្រអែម ប្តេជ្ញាបម្រើពលរដ្ឋ ជាពិសេសស្រ្តីមានផ្ទៃពោះឱ្យកាន់តែល្អបន្ថែមទៀត
21, Aug 2022 , 7:39 pm        
រូបភាព
ដោយ៖ យុវជនឃុំត្រពាំងសង្កែ

ស្រុកទឹកឈូ, ខេត្តកំពត៖ ការផ្តល់សេវាពិនិត្យសុខភាពជូនពលរដ្ឋ ជនមានពិការភាព កុមារ និងស្រ្តីមានផ្ទៃពោះ ក្នុងឃុំត្រពាំងសង្កែ នៃស្រុកទឹកឈូ ខេត្តកំពត កាន់តែមានភាពល្អប្រសើរ និងទទួលបានកោតសរសើរជាច្រើន។ អ្នកស្រី ឌុច ស្រអែម ជាឆ្មបប្រចាំការម្នាក់ នៅមណ្ឌលសុខភាពត្រពាំងសង្កែ ដែលផ្តល់ការប្រឹក្សាយោបល់ដល់ស្រ្តីមានផ្ទៃពោះជុំវិញការថែសុខភាពឱ្យកូនក្នុងផ្ទៃរឹងមាំ។ អ្នកគ្រូពេទ្យរូបនេះ ទទួលបានការពេញចិត្តពីសំណាក់ពលរដ្ឋជាច្រើន ដែលវាជាកម្លាំងចិត្តសម្រាប់អ្នកស្រី ស្រអែម ខំប្រឹងបម្រើប្រជាជនបន្ថែមក្នុងភូមឃុំរបស់ខ្លួន។

 
 
 
រៀងរាល់ខែ មណ្ឌលសុខភាពត្រពាំងសង្កែ មានស្រ្តីទៅទទួលសេវាពិនិត្យសុខភាពប្រមាណ៥០នាក់។ អ្នកស្រី ឌុច ស្រអែម ជាគ្រូពេទ្យតាមដានសុខភាពស្រ្តីមានផ្ទៃពោះ ដែលមកទទួលសេវាពិគ្រោះយោបល់ និងថែទាំសុខភាព។ ក្រៅពីផ្តល់សេវាពន្យារកំណើត និងថ្នាំបង្ការ អ្នកគ្រូពេទ្យរូបនេះក៏ត្រូវទាក់ទងទៅអ្នកម្តាយគ្រប់រូបឱ្យមកពិនិត្យសុខភាពតាមថ្ងៃកំណត់ផងដែរ ដ្បិតការពិនិត្យសុខភាពមានសារៈសំខាន់សម្រាប់កូនក្នុងផ្ទៃ។ ការចិត្តទុកដាក់ និងផ្តល់សេវាជូនពលរដ្ឋនេះ ត្រូវបានពលរដ្ឋជាច្រើនលើកសរសើរ និងពេញចិត្ត។ អ្នកគ្រូពេទ្យបានឱ្យដឹងថា៖«សេវារបស់ក្រុមគ្រូពេទ្យមានការសរសើ និងទុកចិត្តពីសំណាក់ពលរដ្ឋកន្លងមក ព្រោះគ្រូពេទ្យរុះរាយ និងមានសីលធម៌ល្អ ជាពិសេសប្រចាំការ២៤ម៉ោង»។ 
ទន្ទឹមនឹងភាពត្រេកអរ ដែលទទួលបានការស្ញើចសរសើរពីពលរដ្ឋ អ្នកគ្រូពេទ្យ ស្រអែម បានប្តេជ្ញាខំប្រឹងផ្តល់សេវាឱ្យកាន់តែប្រសើរដូច្នេះថា៖«ក្រុមគ្រូពេទប្តេជ្ញា ខិតខំបម្រើប្រជាជនឱ្យកាន់តែល្អបន្ថែមទៀត»៕
 
 
(វីដេអូ​នេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com