ជាតិ
ស្ថានភាពទឹកខេត្តព្រះវិហារ និងឧត្ដរមានជ័យស្រកចុះ ខណៈកំពង់ធំ នៅកម្រិតប្រុងប្រយ័ត្ន
23, Aug 2022 , 2:00 pm        
រូបភាព
ទឹកជំនន់ខេត្តព្រះវិហារ។ រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ទឹកជំនន់ខេត្តព្រះវិហារ។ រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ដោយ:
ស្ថានភាពទឹកខេត្តព្រះវិហារ និងឧត្ដមានជ័យស្រកចុះវិញហើយ ក្រោយភ្លៀងធ្លាក់ជាប់គ្នាផ្ទួនៗ។ ដោយឡែក ស្ថានភាពទឹកនៅក្នុងខេត្តកំពង់ធំ ស្ថិតនៅក្នុងកម្រិតប្រុងប្រយ័ត្ន។

 
 
លោក សុទ្ធ គឹមកុលមន្នី បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ៦៩គ្រួសារ បានរងផលប៉ះពាល់ ដោយសារទឹកជំនន់ ក្នុងនោះ ១១គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព។ បើតាមលោក គឹមកុលមន្នី ជំនន់ទឹកភ្លៀងបានស្រកចុះបណ្ដើរៗហើយ។
 

 ទឹកជំនន់ខេត្តព្រះវិហារ។ រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ 

«កម្ពស់ទឹកស្ទឹងសែន នៅទីរួមខេត្តមានកម្ពស់ ១០,៩០ម៉ែត្រ បើធៀបនឹងថ្ងៃទី២១ ទឹកស្រុតចុះ ០,០២ម៉ែត្រ ដែលកម្រិតកម្ពស់ទឹកប្រកាសអាសន្ន ១១,៥០ម៉ែត្រ។ ចំពោះអាងទឹករក្សា មានកម្ពស់ ៤៣,៦០ម៉ែត្រ  បើធៀបនឹងថ្ងៃទី២១ ទឹកស្រុកចុះ ០,១០ម៉ែត្រ។ លោក សុទ្ធ គឹមកុលមុន្នី ប្រាប់សារព័ត៌មានថ្មីៗនាព្រឹកថ្ងៃទី ២៣ សីហានេះ។ 
 
ចំណែកក្រុង-ស្រុកចំនួន ៧ នៅខេត្តព្រះវិហារនេះ ពុំទាន់មានផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅឡើយ ប៉ុន្តែកម្លាំងអន្តរាគមន៍ជួយសង្រ្គោះ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងភូមិសាស្រ្តរៀងៗខ្លួនរួចជាស្រេចហើយ។
 
ដោយឡែកស្ថានភាពទឹកនៅខេត្តឧត្ដមានជ័យ បានស្រកចុះជាបណ្ដើរដែរ ក្រោយបង្កផលប៉ះពាល់ដល់ពលរដ្ឋ២គ្រួសារ នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រសាទ។ បើតាមលោក គឹមកុលមុន្នី ករណីលិចលង់នៅក្នុងនៅភូមិត្រពាំងបី នេះ ក៏បានបណ្ដាលឱ្យក្មេងប្រុសម្នាក់ អាយុ៦ឆ្នាំស្លាប់ ដោយសារឪពុកម្ដាយ ខ្វះការប្រុងប្រយ័ត្នឲ្យកូនចុះលេងក្នុងទឹក។
 

 ទឹកជំនន់ខេត្តព្រះវិហារ។ រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ 

ងាកទៅខេត្តកំពង់ធំវិញ ស្ថានភាពទឹកកំពុងស្ថិតនៅក្នុងការប្រកាសឱ្យប្រុងប្រយ័ត្ន ខណៈកំពស់ទឹកស្ទឹងសែនឡើងដល់ ១៣,៥០ម៉ែត្រ ប៉ុន្តែស្រកចុះ០,០២ម៉ែត្រ នៅថ្ងៃទី២៣ សីហានេះ។ 
ទិន្នន័យបឋមចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២២នេះ ខេត្តរងគ្រោះដោយសារទឹកជំនន់មាន ១៦ខេត្ត គឺខេត្តត្បូងឃ្មុំ, ព្រះសីហានុ, កំពត, កោះកុង,  កែប, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ធំ, សៀមរាប, ក្រចេះ, បន្ទាយមានជ័យ, ព្រះវិហារ, ឧត្ដមានជ័យ, មណ្ឌលគិរី និងរតនៈគិរី។ ចំពោះផ្ទះលិចទឹក មានចំនួន ១៥៩១ខ្នង, ផ្ទះខូចខាត ៤៥ខ្នង, វត្ដលិចទឹក ៤ទីតាំង, សាលារៀន ៤ទីតាំង និងស្លាប់ ៦នាក់។ ប្រជាពលរដ្ឋរងផលប៉ះពាល់ជិត ៣ពាន់គ្រួសារ និងជម្លៀសប្រជាជនជិត ៣០០គ្រួសារ៕
  

Tag:
 ទឹកជំនន់
  ព្រះវិហារ
  កំពង់ធំ
  ឧត្ដមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com