ជាតិ
សេដ្ឋកិច្ច
ក.ប.ប រកឃើញម្សៅលាបខ្លួនទារក​និងកុមារ ១២ប្រភេទ ដែលអាចបង្កជំងឺមហារីក
23, Aug 2022 , 5:41 pm        
រូបភាព
ម្សៅលាបខ្លួនទារក​និងកុមារដែលចរាចរនៅលើទីផ្សារកម្ពុជាចំនួន១២ប្រភេទ ត្រូវបានរកឃើញមានផ្ទុកសារធាតុគីមី អាសបេស្តុស(Asbestos)​ ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពមនុស្ស។  ជាពិសេសសារធាតុគីមីនេះ គឺអាចបង្កឱ្យកើតជំងឺមហារីកដល់អ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ លោក ផាន អូន​ អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)។

 
ក.ប.ប បានបញ្ជាឱ្យក្រុមហ៊ុនប្រមូលម្សៅលាបខ្លួនទារក​និងកុមារ ពីទីផ្សារឱ្យអស់មកវិញ ក្រោយពីរកឃើញមានផ្ទុកសារធាតុគីមីអាសបេស្តុស ដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ ប្រភេទម្ស៉ៅទាំងនោះរួមមាន Johson’s baby powder380g, Johson’s blossoms baby powder 380g,  D-nee Kids baby powder 380g, D-nee Newborn baby powder 380g, Pureen baby powder 125g, Laffair Be Love 320g, Kodomo baby powder 180g, BHAESAJ Cool powder 35g, និងBaby mild Natural’N Mild 180g។ ម្សៅលាបខ្លួនទារក​ និងកុមារទាំងនេះ ក.ប.ប បានបញ្ជាក់ថា ជាផលិតផលដែលផលិតនៅរោងចក្រក្នុងប្រទេសថៃ  និងម៉ាលេស៊ី។ 
 

លោក ផាន អូ​ន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ នារសៀលថ្ងៃទី២៣សីហានេះ​ ថា ៖« សារធាតុគីមីនេះ គឺអាចបង្កជាជំងឺមហារីកដល់អ្នកប្រើប្រាស់។ បច្ចុប្បន្ន ​យើងបានផ្អាកជាបណ្តោះអាសន្ននូវការនាំចូល និងចែកចាយផលិតផលនេះនៅលើទីផ្សារ រួមទាំងបញ្ជាឱ្យប្រមូលផលិតផលនេះពីទីផ្សារមកវិញ»។ 
 
លោក ផាន អូន បានបញ្ជាក់ថា​ អគ្គនាយកដ្ឋាន ក.ប.ប ទុកពេលឱ្យក្រុមហ៊ុន ចំនួន១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី២២សីហា ដល់៥កញ្ញា ឆ្នាំ២០២២ ក្នុងការសហការជាមួយ ក.ប.ប  ដើម្បីនាំយកសំណាកនៃផលិតផលដែលត្រូវបានរកឃើញមានសារធាតុអាសបេស្តុសនោះ  ទៅវិភាគបន្តនៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាព និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ 
 
អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប រូបនេះ​ បានតម្រូវឱ្យក្រុមហ៊ុន ត្រូវបន្តកិច្ចសហការជាមួយរោងចក្រផលិត និងសមត្ថកិច្ច ក.ប.ប ដោយឈរលើគោលការណ៍តម្លាភាព និងគាំទ្រដោយមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាបាននូវរាល់ផលិតផលម្សៅលាបខ្លួនទារក និងកុមារនេះ ត្រូវបានចែកចាយ និងដាក់លក់នៅលើទីផ្សារ ដោយគ្មានសារធាតុ អាសបេស្តុស នេះទៀតឡើយ៕ 
 
 
 
 

Tag:
 ក.ប.ប
© រក្សាសិទ្ធិដោយ thmeythmey.com