អន្តរជាតិ
ប្រមុខការទូតថៃ៖ ការព្យួរលោកប្រាយុទ្ធពីតំណែងនាយករដ្ឋមន្រ្តី មិនប៉ះពាល់កិច្ចប្រជុំAPEC ទេ
25, Aug 2022 , 2:55 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ ដែលត្រូវបានព្យួរតំណែង។ រូបភាព៖ AFP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ ដែលត្រូវបានព្យួរតំណែង។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai នៅថ្ងៃទី២៤ ខែសីហា បានលើកឡើងថា ការព្យួរតំណែងលោកប្រាយុទ្ធ ចន្ទអូចា នឹងមិនប៉ះពាល់ដល់កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ច (APEC) ឡើយ ដោយសារកិច្ចប្រជុំនោះ នឹងរៀបចំឡើងនៅខែវិច្ឆិកាខាងមុខ។



 
លោកប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២៤ ខែសីហា ត្រូវបានតុលាការធម្មនុញ្ញសម្រេចឱ្យព្យួរតំណែងជានាយករដ្ឋមន្រ្តីមួយរយៈ រហូតដល់មានសេចក្តីសម្រេចជុំវិញការកំណត់របស់លោកចំនួន ៨ឆ្នាំ។ តុលាការធម្មនុញ្ញ បានទទួលពាក្យបណ្តឹងរបស់បក្សប្រឆាំងក្នុងសំឡេង ៩លើ៩។ តុលការធម្មនុញ្ញថៃ មានសមាជិកចំនួន ៩រូប។ បន្ទាប់ពីការព្យួរតំណែងនេះ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តី បានក្លាយជានាយករដ្ឋមន្រ្តីថៃបណ្តោះអាសន្ន។ 
 
បើទោះលោកប្រាយុទ្ធ ត្រូវបានព្យួរតំណែងក៏ដោយ លោក Don Pramudwinai រដ្ឋមន្រ្តីការបរទេសថៃ បានប្រាប់អ្នកសារព័ត៌មានថា វានឹងមិនប៉ះពាល់កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ច ដែលថៃគ្រោងរៀបចំនៅខែវិច្ចិកាឡើយ។ មិនតែប៉ុណ្ណោះ ប្រមុខការទូតរូបនេះ បានបន្តថា វាក៏មិនប៉ះពាល់ដល់ទំនុកចិត្តអន្តរជាតិមកលើថៃដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
បើតាមប្រមុខការទូតថៃ ការមិនប៉ះពាល់នេះ ដោយសារតែថៃ បានត្រៀមរៀបចំកិច្ចប្រជុំដ៏សំខាន់មួយនេះ នៅក្នុងខែវិច្ឆិកា ខាងមុខ។ បន្ថែមពីនេះ លោក Don Pramudwinai បានពន្យល់ថា លោក Prawit ដែលជានាយករដ្ឋមន្រ្តីថៃបណ្តោះអាសន្នពេលនេះ តែងទទួលបានការរាក់ទាក់ពីបណ្តាប្រទេសផ្សេង នៅពេលលោកចូលរួមនៅក្នុងវេទិកាអន្តរជាតិជំនួសលោកប្រាយុទ្ធ ក៏ដូចជាបំពេញកាតព្វកិច្ចជារដ្ឋមន្រ្តីការពារជាតិថៃ នៅក្នុងអតីតកាល។ 
 
ប្រមុខការទូតថៃ ក៏បានបញ្ជាក់ផងថា មុនការព្យួរតំណែងរបស់លោកប្រាយុទ្ធ គណៈរដ្ឋមន្រ្តីថៃ ក៏បានបើកកិច្ចប្រជុំចាត់ចែងការងារសម្រាប់រដ្ឋមន្រ្តីនីមួយៗផង បើមានការព្យួរតំណែង។ ដូចនេះ ការព្យួរតំណែងរបស់លោកប្រាយុទ្ធ មិនប៉ះពាល់ដល់ដំណើរការរដ្ឋាភិបាលឡើយ។ 
 
គួររំឭកថា កន្លងមក បក្សប្រឆាំងអះអាងថា លោក ប្រាយុទ្ធ ដែលកាន់តំណែងតាំងពីរដ្ឋប្រហារឆ្នាំ២០១៤ មក លែងមានសិទ្ធិធ្វើជានាយករដ្ឋមន្រ្តីទៀតហើយ ព្រោះលោកកាន់តំណែងនេះ៨ឆ្នាំហើយ ដែលស្មើនឹង២អាណត្តិ។ ប៉ុន្តែអ្នកគាំទ្រលោក ប្រាយុទ្ធ និយាយការពារថា អាណត្តិរបស់លោក រាប់ចាប់ពីការបោះឆ្នោតឆ្នាំ២០១៩ ក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧។ ក្នុងន័យនេះ លោកប្រាយុទ្ធ នៅអាចធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត៕ 
 

Tag:
 ថៃ
  APEC
© រក្សាសិទ្ធិដោយ thmeythmey.com