ជាតិ
អាជ្ញាធរ ឱ្យទេសចរប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗ ក្រោយក្មេងប្រុសអាយុ១១ឆ្នាំម្នាក់លង់ទឹកស្លាប់នៅព្រះសីហនុ
25, Aug 2022 , 3:22 pm        
រូបភាព
 លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។ រូបភាព៖ ស្នងការនគរបាលខេត្តព្រះសីហនុ។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។ រូបភាព៖ ស្នងការនគរបាលខេត្តព្រះសីហនុ។
ដោយ:
ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ បានលង់ទឹកស្លាប់នៅចំណុចចុងឆ្នេរអូឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី ២៤សីហា ឆ្នាំ២០២២។ ការលង់ទឹកនេះ បណ្ដាលមកពីរលកធំៗ ដែលធ្វើឱ្យក្មេងប្រុសនោះគៀបជាប់នឹងពោងទឹក។

 
គ្រួសារជាអ្នកខេត្តព្រះសីហនុមួយ ដែលមានកូន៣នាក់បាន នាំគ្នាទៅលេងនៅឆ្នេរអូឈើទាល ហើយកូនប្រុស៣នាក់បានចុះលេងទឹក។ អំឡុងពេលលេងទឹក ក្មេងប្រុស មានអាយុ១១ឆ្នាំបានលង់ទឹក។ ភ្លាមៗអាជ្ញាធរខេត្តព្រះសីហនុបានស្វែងរកក្មេងប្រុសនោះ និងចំណាយពេលប្រហែល ៤០នាទី ទើបបានឃើញ សាកសពក្មេងប្រុសដែលបានលង់ទឹកនេះ។
 
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថាមកពីអាណាព្យាបាលធ្វេសប្រហែសមួយភ្លែត ហើយក្មេងតែងសប្បាយពេលឃើញទឹក។ ជាមួយគ្នានេះលោក ជួន ណារិន្ទ ឱ្យអាណាព្យាបាលយកចិត្តទុកដាក់ខ្ពស់ការពារកូនៗ ពេលដើរកម្សាន្តនៅតំបន់សមុទ្រក្នុងរដូវវស្សា។
 

រូបភាពពីទំព័រហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ

លោក ជួន ណារិន្ទ ប្រាប់ ThmeyThmey25 ដូច្នេះ៖ «ក្រសួងធនធានទឹក បានប្រកាស ថាមានភ្លៀង និងខ្យល់ពីតិចទៅច្រើន។  ដូច្នេះយើងបានដើរល្បាត  ហើយដើរផ្សព្វផ្សាយមិនឱ្យចុះទឹកជ្រៅ  ពេលខ្លះមានខ្យល់ខ្លាំងយើងដេញគាត់ឡើងគោក។ អាណាព្យាបាល គ្រួសារគាត់ប្រហែសមួយភ្លែត ព្រោះសមត្ថកិច្ចមិនបានគ្រប់បរិមាណនៅក្បែរពួកគាត់ ដូច្នេះយើងដើរចល័ត។ សំខាន់ត្រូវចូលរួមពីអាណាព្យាបាល»។
 
ករណីមានមនុស្សលង់ទឹកស្លាប់ នេះជាករណីទីមួយក្នុងខេត្តព្រះសីហនុ នៅឆ្នាំ២០២២នេះ។ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើប៉ម នៅតាមឆ្នេរមួយចំនួន ដើម្បីតាមដានសកម្មភាពលេងទឹករបស់ភ្ញៀវទេសចរ។ ជាមួយគ្នានេះអាជ្ញាធរក៏បានដាក់ក្រុមការងារល្បាតនៅតាមឆ្នេរផងដែរ។
 
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ សីហា បានចេញសេចក្ដីជូនដំណឹងថា រាជធានី-ខេត្តមួយចំនួន ដូចជារាជធានីភ្នំពេញ  ខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តតាកែវ នឹងមានភ្លៀងបង្គួរ ខ្យល់កន្រ្តាក់ និងរន្ទះ។ តំបន់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ៕  
 


រូបភាពពីទំព័រហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ។ ក្មេងប្រុសអាយុ១១ឆ្នាំបានលង់ទឹកស្លាប់នៅចំណុចចុងឆ្នេរអូរឈើទាល ។

 
 

Tag:
 ThmeyThmey25
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com