អន្តរជាតិ
ប្រធានទីភ្នាក់ងារប៉ូលិសជប៉ុន លាលែងពីតំណែង ដោយសារករណីបាញ់ប្រហារលោកអាបេ
25, Aug 2022 , 4:59 pm        
រូបភាព
លោក Nakamura Itaru ប្រធានទីភ្នាក់ងារប៉ូលិសជប៉ុន។ រូបភាព៖ AP
លោក Nakamura Itaru ប្រធានទីភ្នាក់ងារប៉ូលិសជប៉ុន។ រូបភាព៖ AP
ប្រធានទីភ្នាក់ងារប៉ូលិសជប៉ុន លោក Itaru Nakamura នៅថ្ងៃទី២៥ ខែសីហា បានប្រកាសលាលែងពីតំណែង បន្ទាប់ពីការស៊ើបអង្កេតបានបង្ហាញថា វាមានភាពខ្វះខាតលើផែនការសន្តិសុខ ការបញ្ជា រួមទាំងការចែករំលែកព័ត៌មាននៅកន្លែង ដែលមានឃាតកម្មលើ លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។



អត្ថបទទាក់ទង
 
 
អតីតប្រមុខរដ្ឋាភិបាលជប៉ុន លោក អាប៉េ ស៊ិនហ្សូ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី៨ ខែកក្កដា ក្នុងអំឡុងពេលលោកស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតសភា នៅតំបន់ណារ៉ា។ ទាក់ទិននឹងការបាញ់សម្លាប់អតីតមេដឹកនាំជប៉ុនរូបនេះ លោក Itaru Nakamura ប្រធានទីភ្នាក់ងារប៉ូលិសជប៉ុន បានប្រកាសលាលែងពីតំណែង។ 
 
«វាមានការខ្វះខាតលើផែនការសន្តិសុខ និងការវាយតម្លៃហានិភ័យនៅទីតាំង រួមទាំងមន្រ្តីបញ្ជាការ គឺមិនគ្រប់គ្រាន់»។ លោក Nakamura បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី២៥ ខែសីហា ដោយបន្តថា លោកបានដាក់សំណើលាលែងទៅគណៈកម្មការសុវត្ថិភាពសាធារណៈរួចហើយ។ លោក Nakamura បានចូលធ្វើការក្នុងទីភ្នាក់ងារប៉ូលិសជាតិ នៅក្នុងឆ្នាំ១៩៨៦ និងបានកាន់តំណែងជាប្រធានទីភ្នាក់ងារប៉ូលិសជប៉ុន ជិតមួយឆ្នាំប៉ុណ្ណោះ។ 
 
ទន្ទឹមនេះ ប្រធានប៉ូលិតតំបន់ណារ៉ា លោក Onizuka Tomoaki ក៏បានបញ្ជាក់ពីបំណងលាលែងពីតំណែងនៅក្នុងថ្ងៃទី២៥ ខែសីហានេះដែរ៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com