អន្តរជាតិ
តើ អាបេ ជានរណា?
08, Jul 2022 , 5:59 pm        
រូបភាព
លោកអាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តី។ រូបភាព៖ AFP
លោកអាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តី។ រូបភាព៖ AFP
អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ បានទទួលមរណភាពហើយនៅក្នុងវ័យ ៦៧ឆ្នាំ នៅថ្ងៃទី៨ ខែកក្កដា បន្ទាប់ពីត្រូវបានបាញ់ប្រហារក្នុងតំបន់ណារ៉ា។ លោកអាបេ ធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីជប៉ុនចាប់ពីឆ្នាំ២០០៦ ដល់២០០៧ និងចាប់ពី២០១២ ដល់២០២០។ នៅក្នុងឆ្នាំ២០១៩ លោក អាបេ បានក្លាយជានាយករដ្ឋមន្រ្តី ដែលកាន់អំណាចបានយូរបំផុតរបស់ជប៉ុន។



 
កើតនៅក្នុងឆ្នាំ១៩៥៤ លោកអាបេ ស៊ិនហ្សូ ជាអ្នកនយោបាយដ៏សំខាន់មួយរូបនៅជប៉ុន និងជាសមាជិកដ៏សំខាន់មួយរបស់បក្សសេរីប្រជាធិបតេយ្យ (LDP)។ កើតនៅក្នុងត្រកូលអ្នកដឹកនាំជប៉ុន លោក អាបេ មានជីតា លោក Nobusuke Kishi ជានាយករដ្ឋមន្រ្តីចាប់ពីឆ្នាំ ១៩៥៧-១៩៦០ និងឪពុកធ្លាប់ជាប្រធានលេខាធិការគណៈរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសជប៉ុន។ 
 
បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Seikei នៅក្រុងតូក្យូ នៅឆ្នាំ ១៩៧៧ លោកអាបេ បានផ្លាស់ទៅរៀននៅអាម៉េរិក ផ្នែកវិទ្យាសាស្រ្តនយោបាយ នៅសកលវិទ្យាល័យ Southern California ក្នុងទីក្រុង Los Angeles។ នៅក្នុងឆ្នាំ១៩៧៩ ចៅប្រុសអតីតនាយករដ្ឋមន្រ្តីជប៉ុនរូបនេះ បានធ្វើការនៅក្រុមហ៊ុនដែក Kōbe Steel មុនចូលរួមក្នុងបក្សសេរីប្រធិបតេយ្យ និងបានក្លាយជាលេខារបស់ឪពុក នៅក្នុងឆ្នាំ ១៩៨២។ ក្នុងឆ្នាំនោះ ឪពុកលោកអាបេ ជារដ្ឋមន្រ្តីការបរទេសជប៉ុន។ 
 
រហូតដល់ឆ្នាំ១៩៩៣ លោកអាបេ បានក្លាយជាសមាជិកសភាជាន់ទាបជប៉ុន ហើយក្រោយមកបានកាន់តំណែងនៅក្នុងរដ្ឋាភិបាល។ នៅក្នុងឆ្នាំ២០០៣ លោកអាបេ ត្រូវបានដាក់ឈ្មោះជាលេខាធិការបក្សសេរីប្រជាធិបតេយ្យ។ ក្នុងឆ្នាំ២០០៦ ប្រធានបក្សLDP និងជានាយករដ្ឋមន្រ្តីជប៉ុន លោក Koizumi Junichiro ត្រូវបានបង្ខំឱ្យចេញពីតំណែង ដោយសារការកំណត់អាណត្តិរបស់បក្ស។ 
 
ក្នុងឆ្នាំនោះហើយ លោកអាបេ ត្រូវបានជ្រើសតាំងជាប្រធានបក្សសេរីប្រជាធិបតេយ្យ មុននឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុនដំបូង ដែលកើតក្រោយសង្រ្គាមលោកលើកទីពីរ និងជានាយករដ្ឋមន្រ្តីក្មេងជាងគេរបស់ជប៉ុន ចាប់តាំងពីសង្រ្គាមលោកលើកទីពីរផង។ 
 
នៅក្នុងឆ្នាំ២០០៧ រដ្ឋាភិបាលរបស់លោកអាបេ មានរឿងអាស្រូវជាច្រើនពាក់ព័ន្ធហិរញ្ញវត្ថុ បញ្ហាខុសឆ្គងនៅសាធារណៈ និងការគ្រប់គ្រងមិនបានល្អលើប្រាក់ចូលនិវត្តន៍ជាដើម។ បញ្ហានេះ បានធ្វើឱ្យបក្សLDP បាត់បង់សំឡេងភាគច្រើន នៅក្នុងសភាជាន់ខ្ពស់។ ក្រោយមានរឿងអាស្រូវ លោកអាបេ បានចុះចេញពីតំណែង នៅក្នុងខែកញ្ញា ឆ្នាំ២០០៧ ស្របពេលលោកមានបញ្ហាសុខភាពផង។ ខណៈតំណែងប្រមុខរដ្ឋាភិបាលជប៉ុនថ្មី ត្រូវជំនួសដោយលោក Fukuda Yasuo។ លោកអាបេ នៅតែមានកៅអីក្នុងសភាជាន់ទាប ប៉ុន្តែបានស្ងប់ស្ងាត់ពីនយោបាយមួយរយៈ។ 
 
នៅក្នុងឆ្នាំ ២០១២ កូនប្រុសអតីតរដ្ឋមន្រ្តីការបរទេសជប៉ុនរូបនេះ បានកាន់តំណែងនាយករដ្ឋមន្រ្តីជាថ្មី។ សកម្មភាពដំបូង ដែលលោកអាបេធ្វើកាលនោះ គឺទៅគោរពនៅវិហារ Yasukuni ដែលជាកន្លែងគោរពវិញ្ញាណខន្ធរបស់ទាហានជប៉ុនស្លាប់ក្នុងសង្រ្គាមលោកលើកទីពីរ រួមទាំងបុគ្គល ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម។ ទស្សនកិច្ចនៅវិហារនេះ ត្រូវបានប្រទេសក្នុងតំបន់ជាពិសេសចិន តវ៉ាយ៉ាងខ្លាំង។
 
ក្នុងពេលកាន់តំណែងជាប្រមុខរដ្ឋាភិបាលលើកទីពីរ លោកអាបេ បានសម្ពោធកម្មវិធីសេដ្ឋកិច្ចថ្មីមួយ ដោយដាក់ឈ្មោះថា Abenomics ដើម្បីជួយជប៉ុនស្តារសេដ្ឋកិច្ចពីគ្រោះរញ្ជួយដី និងស៊ូណាមិញក្នុងឆ្នាំ ២០១១ ទប់នឹងអតិផរណាក្នុងប្រទេស និងបញ្ចុះតម្លៃប្រាក់យ៉េនផង។ 
 
នៅក្នុងឆ្នាំ២០១៩ លោក អាបេ បានក្លាយជានាយករដ្ឋមន្រ្តី ដែលកាន់អំណាចបានយូរបំផុតរបស់ជប៉ុន ពោលគឺច្រើនជាងលោក Kōshaku Katsura Tarō អតីតនាយករដ្ឋមន្រ្តីជប៉ុនទៅទៀត។ យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២០ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ បានប្រកាសចុះចេញពីតំណែង ដោយសារមានជំងឺដំបៅពោះវៀន។ 
 
ជាអកុសល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ លោកអាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងអំឡុងពេលរកសំឡេងឆ្នោត ក្នុងការបោះឆ្នោតសភាជាន់ខ្ពស់។ លោកបានទទួលមរណភាព ក្នុងវ័យ ៦៧ឆ្នាំ។ ប៉ូលិស បានចាប់ខ្លួនជនសង្ស័យមួយរូប។ ប្រភពអ្នកស៊ើបអង្កេតបានប្រាប់ទូរទស្សន៍ NHK ថា កាំភ្លើង ដែលត្រូវបានដកហូតនៅកន្លែងកើតហេតុ ទំនងជាត្រូវបានផលិតដោយដៃ។
 
ទន្ទឹមនេះ ប៉ូលិសជប៉ុន បានប្រាប់ក្រុមស៊ើបអង្កេតថា ជនសង្ស័យដែលមានវ័យ ៤១ឆ្នាំ និងរស់នៅតំបន់ណារ៉ា បានសារភាព មិនពេញចិត្ត និងចង់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន។ ទូរទស្សន៍ដដែលដោយស្រង់ប្រភពពីក្រសួងការពារជាតិជប៉ុន បានចុះផ្សាយថា ជនសង្ស័យ Yamagami Tetsuya ធ្លាប់ធ្វើការនៅកម្លាំងស្វ័យការពារជើងទឹកក្នុងរយៈពេល ៣ឆ្នាំរហូតដល់អំឡុងឆ្នាំ២០០៥៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com