ជាតិ
សង្គមជាតិ
ទឹកទន្លេមេគង្គ និងជលផលកម្ពុជាថយចុះ ដោយសារទំនប់វារីអគ្គិសនីដនសាហុង និងសាយាបូរី
26, Aug 2022 , 9:59 pm        
រូបភាព
រូបភាពពីគណៈកម្មការទន្លេមេគង្គ Mekong River Commission (MRC)
រូបភាពពីគណៈកម្មការទន្លេមេគង្គ Mekong River Commission (MRC)
ទឹកទន្លេមេគង្គ និងជលផលកម្ពុជាបានថយចុះ ដោយសារការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង និងសាយាបូរីរបស់កម្ពុជា និងឡាវ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវពីគណៈកម្មការទន្លេមេគង្គ Mekong River Commission (MRC)​ ដោយកត់សម្គាល់ថា ទំនប់ទាំង២នេះ នឹងបង្កឱ្យមានផលប៉ះពាល់លើលំហូរទឹក កំណកកករ និងជលផលទន្លេមេគង្គ។


របាយការណ៍ដដែលបានបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គិសនីទាំងពីរនេះ នឹងបង្កឱ្យមានបម្រែបម្រួលទឹកទន្លេមេគង្គក្រោម នៅពេលទឹកទំនប់ហូរធ្លាក់ចុះមក។ ប៉ុន្តែនៅផ្នែកខាងលើនៃទំនប់ មិនមានផលប៉ះពាល់អ្វីនោះឡើយ។ 
 
ក្រុមអ្នកស្រាវជ្រាវរបស់គណៈកម្មការទន្លេមេគង្គ សង្កេតឃើញការប្រែប្រួលកម្រិតទឹកជាប្រចាំថ្ងៃ នៅផ្នែកខាងក្រោមទំនប់វារីសាយាបូរី ប្រទេសឡាវ។ ហើយការប្រែប្រួលកម្រិតទឹកនេះ នឹងអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គផងដែរ។
 
ក្រុមអ្នកស្រាវជ្រាវរបស់ MRC បានបញ្ជាក់ទៀតថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជលផល និងទឹកទន្លេមេគង្គរបស់កម្ពុជា បានធ្លាក់ចុះខ្លាំង ពិសេសផ្នែកខាងក្រោមទំនប់វារីដនសាហុង ដែលនៅជាប់នឹងព្រំប្រទល់កម្ពុជា-ឡាវ។
 
ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវនៃគម្រោងសាកល្បងកម្មវិធីតាមដានបរិស្ថានរួម Joint Environmental​ Monitoring (JEM) ក៏បានស្នើឱ្យបន្តតាមដាន២-៣ឆ្នាំទៀត ដើម្បីសិក្សាកាន់តែច្បាស់ពីផលប៉ះពាល់នៃការអភិវឌ្ឍវារីអគ្គិសនីលើដងទន្លេមេគង្គ និងផលប៉ះពាល់បង្កដោយមនុស្ស។
 
លោក Anoulak Kittikhoun នាយកប្រតិបត្តិរបស់ MRC បានលើកឡើងថា៖«យើងត្រូវដឹងពីកម្រិតនៃបញ្ហាប្រឈមរបស់យើង និងធ្វើការកំណត់ពីវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត ដើម្បីវាយតម្លៃផលប៉ះពាល់នេះ»។ 
 
លោក នឹងបន្តស្រាវជ្រាវបន្ថែមពីប្រភពនៃផលប៉ះពាល់ ដែលមានទំនប់វារីអគ្គិសនី ការប្រែប្រួលអាកាសធាតុ ឬការអភិវឌ្ឍផ្សេងៗទៀត។
 
លោក បញ្ជាក់ថា របាយការណ៍នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ MRC ហើយក៏តំណាងឱ្យប្រទេសសមាជិកទាំង៤ មានកម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងការបង្កើតតុល្យភាពសេដ្ឋកិច្ចសង្គម និងផលប៉ះពាល់ពីទំនប់វារីអគ្គិសនី។ មិនតែប៉ុណ្ណោះ របាយការណ៍នេះនឹងក្លាយជាមូលដ្ឋានគ្រឹះមួយសម្រាប់សកម្មភាពនានា ទាំងផ្នែកគោលនយោបាយ និងការតាមដាននាពេលអនាគតផងដែរ៕
 

Tag:
 ទន្លេមេគង្គ
 ជលផល
 ទំនប់វារីអគ្គិសនី
 ដនសាហុង
 សាយាបូរី
© រក្សាសិទ្ធិដោយ thmeythmey.com