ជាតិ
សង្គមជាតិ
រដ្ឋ ចំណាយអស់៧៧៥លានដុល្លារ ផ្តល់ឲ្យពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងកូវីដ-១៩ រូបពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
×
ដោយ៖ វ៉ន ស៊ីចេន
ភ្នំពេញ៖ រដ្ឋ បានចំណាយថវិកាអស់៧៧៥,១១លានដុល្លារហើយ ផ្តល់ឲ្យពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងគ្រោះដោយសារកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចេញថ្ងៃទី២៤ សីហា ឆ្នាំ២០២២។
រដ្ឋាភិបាលកម្ពុជា បានចំណាយថវិការសរុប៧៧៥,១១លានដុល្លារ ទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជិត៧សែននាក់ គិតចាប់ពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤សីហា ឆ្នាំ២០២២ ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវឲ្យ ប្រជាពលរដ្ឋទៅបើកប្រាក់ឧបត្ថម្ភរបស់ខ្លួននៅក្នុងខែសីហានេះ នៅតាមបញ្ជរវីង ដោយមិនចាំបាច់ទៅសាលាឃុំ-សង្កាត់ជាថ្មីឡើយ ចំពោះគ្រួសារក្រីក្រ ដែលបានផ្ទៀងផ្ទាត់រួចហើយ កាលពីខែកក្កដា។
ចំណែកឯគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌មានសុពលភាព ហើយមិនទាន់បានទៅផ្ទៀងផ្ទាត់កាលពីខែកក្កដា និងគ្រួសារក្រីក្រដែលទើបទទួលបានប័ណ្ណសមធម៌ថ្មី ចាំបាច់ត្រូវទៅផ្ទៀងផ្ទាត់នៅសាលាឃុំសង្កាត់ មុននឹងទទួលបានការបើកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលសម្រាប់ខែសីហានេះ។ នេះបើតាមក្រសួងសង្គមកិច្ចដដែល។
សូមជម្រាបថា រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលនៃជំងឺកូវីដ១៩នេះ កាលពីថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០២០។ នៅក្នុងដំណាក់កាលទី១នេះ មានប្រជាពលរដ្ឋប្រមាណជា៥៣ម៉ឺនគ្រួសារ ស្មើនឹងប្រជាពលរដ្ឋជាង២លាននាក់ ដែលត្រូវបានចាត់ទុកថា ជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ។
ដោយឡែក នៅក្នុងដំណាក់កាលទី២នេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ បានចាត់ទុកគ្រួសារក្រីក្រនិងងាយរងគ្រោះ ជាង១៩ម៉ឺននាក់ ស្មើនឹងជាង៥ម៉ឺនគ្រួសារបន្ថែមទៀត ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែក្នុងនោះ ក្រសួងផែនការក៏បានរកឃើញពលរដ្ឋជាង៤ពាន់គ្រួសារ បានបន្លំខ្លួនធ្វើជាក្រីក្រ ដើម្បីបានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com