ជាតិ
ពីនេះ ពីនោះ
ទឹក ហូរធ្លាក់ពីភ្នំគូលែនចូលទៅបឹងទន្លេសាប តាមស្ទឹងណាខ្លះ?
28, Aug 2022 , 8:00 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
នៅតំបន់អង្គរមានស្ទឹង៣ ដែលហូរធ្លាក់ពីភ្នំគូលែនចូលទៅក្នុងបឹងទន្លេសាប។  ស្ទឹងទាំង៣នេះ ដើរតួនាទីយ៉ាងសំខាន់តាំងពីបុរាណ រហូតដល់បច្ចុប្បន្ន។

 
សៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «​ជីវិតជុំវិញបឹងទន្លេសាប» បានរៀបរាប់ពីថា នៅតំបន់អង្គរមានស្ទឹងចំនួន៣ ដែលហូរធ្លាក់ពីភ្នំគូលែនចូលទៅក្នុងបឹងទន្លេសាប គឺស្ទឹងរលួស ស្ទឹងសៀមរាប និងស្ទឹងពួក ហើយស្ទឹងដែលហូរកាត់ក្រុងសៀមរាប គឺស្ទឹងសៀមរាប។ ភ្នំគូលែន ជាអាងរក្សាទឹកសម្រាប់ស្រោចស្រពវាលរាបអង្គរ ដើម្បីធ្វើស្រែចម្ការ។ រីឯ បឹងទន្លេសាប ផ្តល់ត្រីជាម្ហូបអាហារ។
 
ស្ទឹង​សៀមរាប ត្រូវបាន​ចាត់ទុកថា ជា​ស្ទឹង​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់​សម្រាប់​ខេត្តសៀមរាប​។  តាមពិតទៅ ស្ទឹង​សៀមរាប គឺជា​ស្ទឹង​សិប្ប​និមិត្ត ដែល​កកើតឡើង​ដោយ​ស្នាដៃ​របស់​មនុស្ស​។ គ្មាន​ឯកសារ​បញ្ជាក់​ពី​ឆ្នាំ​នៃ​ការបង្កើត​ស្ទឹង​សៀមរាប​ឲ្យ​ជាក់លាក់​នោះទេ ប៉ុន្តែ​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា វា​ត្រូវគេ​បង្កើត និង​កែច្នៃ​ជាច្រើន​សារ តម្រូវ​តាម​ការរៀបចំ​ដែនដី​នៅ​សម័យអង្គរ​។ ​ស្ទឹងមួយនេះ កកើតឡើង​ដោយសារ​ការ​ប្រសព្វ​គ្នា​រវាង​អូរ​ធំៗ​ចំនួន​២ គឺ​អូរ​ធំ និង​អូរ​ក្បាលស្ពាន​។
 
អង្គរ ជាដែនដីដ៏ចំណាស់មួយនៅកម្ពុជា ដែលសម្បូរទៅដោយសំណង់ប្រាសាទដ៏អស្ចារ្យជាច្រើន។ សំណង់នីមួយៗ មានអាយុកាលរាប់រយឆ្នាំ ដែលបន្សល់ទុកពីដូនតា មកដល់បច្ចុប្បន្ន។  ភស្តុតាងជាច្រើន ដែលត្រូវបានគេរកឃើញជាច្រើន បញ្ជាក់ថា មានមនុស្សមករស់នៅអង្គរជាយូណាស់មកហើយ។ ភស្តុតាងទាំងនោះ ជារបស់របរប្រើប្រាស់ផ្សេងៗធ្វើពីថ្ម ដីដុត និងលោហៈ។
 
ទីតាំង ដែលគេបានប្រទះឃើញរបស់ទាំងនោះ ហៅថា «ស្ថានីយបុរេប្រវត្តិ»។ ស្ថានីយមួយនេះ មានអាយុប្រហែល៣០០០ឆ្នាំមុនគ្រិស្តសករាជ។ នៅតំបន់អង្គរនាសម័យនោះ ដូនតាខ្មែរបានសាងសង់ប្រាសាទជាច្រើន ដោយប្រាសាទខ្លះនៅឈររឹងមាំដល់សព្វថ្ងៃ ហើយខ្លះទៀតនៅសល់ត្រឹនតែស្នាមគ្រឹះ ឬខឿន តែប៉ុណ្ណោះ។
 
នៅសតវត្សទី១៥ អង្គរ លែងជារាជធានីនៃព្រះរាជាណាចក្រខ្មែរទៀតហើយ ប៉ុន្តែនៅតែមានប្រជាជនរស់នៅរហូតមក។ តាំងពីពេលនោះមក ដូនតាខ្មែរ លែងសាងប្រាសាទបែបសាសនាព្រាហ្មណ៍ទៀតហើយ គឺគាត់សាងព្រះវិហារវិញ។ បុព្វបុរសខ្មែរ សាងសង់ព្រះវិហារ អំពីឈើ និងខឿនធ្វើអំពីថ្ម សម្រាប់គោរពបូជាព្រះពុទ្ធសាសនា ហើយជួនកាលពួកគាត់កែប្រែប្រាសាទខ្លះ ដែលមានស្រាប់ឱ្យទៅជាព្រះវិហារវិញ។ 
 
គួរបញ្ជាក់ដែរថា ក្នុងបរិវេណប្រាសាទអង្គរវត្ត មានវត្តពីរ គឺវត្តអង្គរខាងជើង និងវត្តអង្គរខាងត្បូង។ ក្រៅពីវត្តស័ក្ដិសិទ្ធិទាំងពីរ ដែលពលរដ្ឋគោរពបូជា រួតបាកាណ ដែលជាទីខ្ពស់បំផុតនៃប្រាសាទអង្គរវត្ត ក៏ត្រូវបានពុទ្ធសានិកគោរពប្រតិបត្តិ ដោយសន្ធប់ហើយឆ្លាក់ជា ព្រះពុទ្ធរូប។ ក្នុងនោះដែរគេក៏បានឃើញមានសិលាចារឹកចំនួន៤០ ដែលបានចារក្នុងសម័យនោះផងដែរ៕
 

Tag:
 ស៊ីប៉ា
  ពីនេះពីនោះ
© រក្សាសិទ្ធិដោយ thmeythmey.com