អន្តរជាតិ
ចៅក្រម​បញ្ជា​ឱ្យ​ក្រសួង​យុត្តិធម៌​បើក​ឯកសារ​ឆែកឆេរ​ផ្ទះ​លោក​ Donald Trump ​
28, Aug 2022 , 8:30 am        
រូបភាព
ឯកសារ​ទាក់ទង​នឹង​ដីកា​ឆែកឆេរ​គេហដ្ឋាន​ Mar-A-Lago ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Donald Trump នៅ​ទី​ក្រុង Palm Beach រដ្ឋ Florida ថត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២។
ឯកសារ​ទាក់ទង​នឹង​ដីកា​ឆែកឆេរ​គេហដ្ឋាន​ Mar-A-Lago ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Donald Trump នៅ​ទី​ក្រុង Palm Beach រដ្ឋ Florida ថត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២។
ដោយ: VOA
 
ចៅក្រម​សហព័ន្ធ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជា​ឱ្យ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បើក​ឯកសារ​កំណែថ្មី​នៃ​លិខិត​បញ្ជាក់​ដែល​ក្រសួង​នេះ​ប្រើ​ដើម្បី​ទទួល​បាន​ដីកា​ថ្មី​មួយ​សម្រាប់​ឆែកឆេរ​គេហដ្ឋាន ​រមណីយដ្ឋាន​ Mar-A-Lago ​របស់​អតីត​ប្រធានាធិបតី​លោក ​Donald Trump។​


លោក​ចៅក្រម​ Bruce Reinhart​ បាន​ចេញ​ដីកា​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ក្រសួង​យុត្តិធម៌​បាន​ស្នើ​សុំ​ឯកសារ​កំណែ​ថ្មី​ដែល​រដ្ឋ​អាជ្ញា​បាន​និយាយ​ថា ​ត្រូវការ​ចាំបាច់​ដើម្បី​ការពារ​ព័ត៌មាន​លម្អិត​សំខាន់ៗ​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​អំពី​របៀប​ដែល​លោក ​Trump ​គ្រប់គ្រង​ឯកសារ​សម្ងាត់។​
 
ស្ថាប័ន​ព័ត៌មាន​អាមេរិក​និង​ក្រុម​ផ្សេង​ទៀត​កំពុង​ស្វែង​រក​លិខិត​បញ្ជាក់​នេះចំពេល​សាធារណជន​ចាប់​អារម្មណ៍​ជា​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឆែក​ផ្ទះ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ដោយ​ ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​ ​FBI ​កាលពី​ថ្ងៃ​ទី ៨​ ខែ​សីហា​ ដែល​មិន​ធ្លាប់​មាន​ពីមុន​មក។​
 
ក្នុង​អំឡុង​ពេល​នៃ​ការ​ឆែកឆេរ​នោះ​ ភ្នាក់ងារ​ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត ​(FBI)​ បាន​ដក​យក​សំណុំ​ឯកសារ​ចំនួន​ ១១​ ដែល​មាន​ស្លាក​សញ្ញា​សម្ងាត់​ឬ​សម្ងាត់​បំផុត។ នេះបើ​យោង​តាម​បង្កាន់​ដៃ​ដែល​ផ្តល់​ឱ្យ​មេធាវី​របស់​លោក ​Trump។​ ដីកា​ឆែកឆេរ​ត្រូវ​បាន​លាត​ត្រដាង​រយៈពេល​បួន​ថ្ងៃ​ក្រោយ​មក ​ដោយ​បង្ហាញ​ថា ​លោក​ Trump ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ពីបទ​បំពាន​ច្បាប់​ចារកម្ម ​និង​បទ​ល្មើស​ផ្សេង​ទៀត។​
 
លោក Trump ​និង​សម្ពន្ធមិត្ត​របស់​លោក​បាន​ថ្កោលទោស​សកម្មភាព​នេះ​ ដោយចោទ​ប្រកាន់​ថា​ រដ្ឋបាល​លោក​ Joe Biden ​«ប្រើប្រាស់​ការ​ពង្រឹង​ច្បាប់​ជា​អាវុធ»​ប្រឆាំង​នឹង​លោក។ ​លោក​បាន​និយាយ​ថា ​លោក​ចង់​ឱ្យ​បើក​លិខិត​បញ្ជាក់​នោះ។ ​រដ្ឋមន្ត្រី​យុត្តិធម៌​លោក​ Merrick Garland ​ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​យុត្តិធម៌​សុំ​ដីកា​នោះ​ បាន​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ។
 
នៅក្នុង​បទ​បញ្ជា​របស់​លោក​ លោក​ Reinhart​ បាន​សរសេរ​ថា​ លោក​បាន​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ឯកសារ​កំណែថ្មី​នោះ ហើយ​នឹង​លិខិត​រដ្ឋបាល​ផ្លូវច្បាប់​ដែល​ភ្ជាប់​មក​ជាមួយ ​ហើយ​លោក​បាន​រក​ឃើញ​ថា​ ​ «រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ទទួល​បន្ទុក​ចាំបាច់​និង​មាន​ហេតុផល​ល្អ​ក្នុងការ​រក្សា​ការ​សម្ងាត់​ផ្នែក​ខ្លះ​នៃ​ឯកសារ​នោះ​ ពីព្រោះ​ហេតុផល​ទីមួយ​គឺ​ការ​លាត​ត្រដាង​នឹង​បង្ហាញ​អត្ត​សញ្ញាណ​សាក្សី ​ភ្នាក់ងារ​អនុវត្តច្បាប់ ​និង​ភាគី​ដែល​មិន​ត្រូវ​បាន​ចោទ​ប្រកាន់។ ​
 
ហេតុផល​ទីពីរ​គឺ​យុទ្ធសាស្ត្រ​នៃ​ការ​ស៊ើប​អង្កេត ​ទិសដៅ ​ទំហំ ​ប្រភព ​និង​វិធីសាស្រ្ត ​ហើយ​ហេតុផល​ទី៣​ គឺ​ព័ត៌មាន​របស់​គណៈ​វិនិច្ឆ័យ​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​សហព័ន្ធ​សម្រាប់​នីតិវិធី​ព្រហ្មទណ្ឌ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com