ជាតិ
សង្គមជាតិ
អ្នកស្រី ត្រឹង ងា ម្ចាស់ស្នាដៃ “អរិយធម៌ខ្មែរ” ទទួលមរណភាព ក្នុងវ័យ៨៧ឆ្នាំ
28, Aug 2022 , 11:54 am        
រូបភាព
អ្នកស្រី ត្រឹង ងា ឈ្មោះដើម ឡាយ ហ៊ុនគី ជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ថ្នាក់បញ្ចប់ បានទទួលមរណៈភាពនៅព្រឹកថ្ងៃទី២៨ សីហា ឆ្នាំ២០២២
អ្នកស្រី ត្រឹង ងា ឈ្មោះដើម ឡាយ ហ៊ុនគី ជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ថ្នាក់បញ្ចប់ បានទទួលមរណៈភាពនៅព្រឹកថ្ងៃទី២៨ សីហា ឆ្នាំ២០២២
 
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ អ្នកស្រី ត្រឹង ងា ឈ្មោះដើម ឡាយ ហ៊ុនគី ជាអ្នកនិពន្ធសៀវភៅ «អរិយធម៌ខ្មែរ»    បានទទួលមរណភាពក្នុងជន្មាយុ៨៧ឆ្នាំ នៅថ្ងៃទី២៨ សីហា ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹក ដោយរោគាពាធ។ នេះបើតាមទំព័រហ្វេសប៊ុក ក្រុមព្រះសុរិយា។

 
ជុំវិញបញ្ហានេះ សារព័ត៌មានថ្មីៗ ពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីសាច់ញាតិសពបាននៅឡើយទេ ដោយមិនមានអ្នកទទួលទូរស័ព្ទ។ 
 
សូមរម្លឹកថា លោក ត្រឹង បញ្ចារុណ ធ្លាប់ផ្តល់ព័ត៌មានដល់សារព័ត៌មានថ្មីៗថា ម្តាយរបស់លោក មានជំងឺពុកឆ្អឹងខ្នងនិងជំងឺលើសសម្ពាធឈាម ហើយគួបផ្សំនឹងវ័យជរាផងនោះ គឺធ្វើឲ្យសុខភាពរបស់ម្តាយ ទន់ខ្សោយ។ លោក បន្តថា ម្តាយរបស់លោក មិនអាចងើបដើរបានឡើយ។ និយាយមួយៗ និងសំឡេងក្នុងស្ថានភាពរវើយៗ ។
 
អ្នកស្រី ឡាយ ហ៊ុនគី មានឈ្មោះល្បីល្បាញតាមរយៈស្នាដៃសៀវភៅ «អរិយធម៌ខ្មែរ» ថ្នាក់បញ្ចប់ ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ១៩៧៤។ អ្នកស្រីជាអតីតសាស្ត្រាចារ្យអក្សរសាស្ត្រមួយរូប។ ពិសេសអ្នកស្រី ត្រឹង ងា បានទទួលសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រពីរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។
 
ត្រឹង ងា ជាឈ្មោះស្វាមីរបស់អ្នកស្រី ដែលជាអតីតសាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរ» ភាគទី១ និងទី២ ដែលបោះពុម្ពផ្សាយនៅឆ្នាំ១៩៧៣។ សាស្ត្រារ្យត្រឹង ងា ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅមន្ទីរស-២១ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ១៩៧៥។
 
ចំណែកឯ សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រដែលរាជបណ្ឌិត្យសភាកម្ពុជាប្រគល់ជូន អ្នកស្រី ឡាយ ហ៊ុនគី ហៅ ត្រឹង ងា ជាការលើកកម្ពស់សម្រាប់ឥស្សរជនជាន់ខ្ពស់ ដែលបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ៕
 




Tag:
 ត្រឹង ងា
  អរិយធម៍ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com