អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
28, Aug 2022 , 10:30 pm        
រូបភាព
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានកើតឡើង ខណៈបញ្ហាចាស់ៗនៅតែបន្តកើតមាន។ ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ តែងតែកើតមាន ចាប់តាំងពីទស្សនកិច្ចរបស់លោកស្រីណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិកនៅដើមខែសីហា ខណៈសង្រ្គាមនៅអ៊ុយក្រែន មិនទាន់បានបញ្ចប់។ ក្នុងសប្តាហ៍ថ្មីនេះ តុលាការកំពូលម៉ាឡេស៊ី បានតម្កល់សេចក្តីសម្រេចរបស់តុលាការជាន់ទាបដែលបានកាត់ទោសឱ្យអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់ ជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំផង។

 
ថ្ងៃទី២២ ខែសីហា
 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសរសើររុស្ស៊ីជាមហាអំណាចពិភពលោកដ៏ខ្លាំង និងឯករាជ្យ។ មេដឹកនាំរុស្ស៊ី បានប្តេជ្ញាការពារមាតុប្រទេសរបស់ខ្លួន និងមិនអនុញ្ញាតឱ្យមានអនុត្តរភាព ឬការដាក់បទបញ្ជាពីបរទេសឡើយ។
 
ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា យន្តហោះយោធាចិនចំនួន១៥គ្រឿង និងនាវាចំនួន​ ៥គ្រឿង បានបើកប្រតិបត្តិការនៅជុំវិញតៃវ៉ាន់ ស្របពេលមានដំណើរទស្សនកិច្ចរបស់អភិបាលរដ្ឋ Indiana នៅក្រុងតៃប៉ិ។
 
ថ្ងៃទី២៣ ខែសីហា
 
តុលាការកំពូលម៉ាឡេស៊ី បានតម្កល់សេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលបានកាត់ទោសឱ្យអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់ ជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំជុំវិញសំណុំរឿងពុករលួយ។
 
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានលើកឡើងថា រដ្ឋាភិបាលក្រុងតៃប៉ិបន្តពង្រឹងស្វ័យភាពរបស់ខ្លួន ខណៈខ្លួនកំពុងឈរនៅជួរមុខនៃការពង្រីកឥទ្ធិពលរបស់របបផ្តាច់ការ។ ត្រង់ចំណុចនេះ មេដឹកនាំតៃវ៉ាន់ បានប្តេជ្ញាធ្វើការជាមួយអាម៉េរិកដើម្បីតទល់ការប្រឈមមុខនោះ។
 
ថ្ងៃទី២៤ ខែសីហា
 
តុលាការធម្មនុញ្ញថៃ បានបោះឆ្នោតក្នុងសំឡេងគាំទ្រ៥ និង៤សំឡេងប្រឆាំង ដោយកំណត់ឱ្យលោកប្រាយុទ្ធ ចន្ទអូចា ព្យួរការកាន់តំណែងជានាយករដ្ឋមន្រ្តី បន្ទាប់ពីតុលាការទទួលពាក្យបណ្តឹងជុំវិញការកំណត់អាណត្តិរបស់លោករយៈពេល ៨ឆ្នាំ។
 
អាម៉េរិក បានប្រកាសផ្តល់ជំនួយយោធាថ្មីដែលមានទំហំជិត៣ពាន់លានដុល្លារដល់អ៊ុយក្រែនដើម្បីព្រឹងសមត្ថភាពទប់ទល់សកម្មភាពរុស្ស៊ី។ បើតាមប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ជំនួយនេះមានគោលបំណងជួយអ៊ុយក្រែន​ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីក្នុងរយៈពេលវែង ខណៈសង្រ្តាមរវាងរុស្ស៊ីនិងអ៊ុយក្រែនឈ្លានចូលខែទី៧ហើយ។
 
ថ្ងៃទី២៥ ខែសីហា
 
ប្រធានទីភ្នាក់ងារប៉ូលិសជប៉ុន លោក Itaru Nakamura បានប្រកាសលាលែងពីតំណែង បន្ទាប់ពីការស៊ើបអង្កេតបានបង្ហាញថា វាមានភាពខ្វះខាតលើផែនការសន្តិសុខ ការបញ្ជា រួមទាំងការចែករំលែកព័ត៌មាននៅកន្លែង ដែលមានឃាតកម្មលើ លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។
 
រដ្ឋាភិបាលកោះតៃវ៉ាន់ បានបង្ហាញពីសំណើបង្កើនថវិកាសម្រាប់ការពារជាតិក្នុងទំហំដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ឆ្នាំ២០២៣ ខណៈដែនកោះមួយនេះមានភាពតានតឹងជាមួយចិន។
 
ថ្ងៃទី២៦ ខែសីហា
 
ជប៉ុននឹងចាយប្រាក់រដ្ឋប្រមាណ១,៨៣លានដុល្លារសម្រាប់រៀបចំពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ិនហ្សូ បើទោះជាមានការប្រឆាំងពីសាធារណជនជុំវិញទំនាក់ទំនងរវាងបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) ជាមួយអង្គការសាសនា Unification Church ដែលជាដើមហេតុនាំឱ្យមានការធ្វើឃាតលោក អាបេ ក៏ដោយ។
 
សន្និសីទអន្តរជាតិដើម្បីត្រួតពិនិត្យសន្ធិសញ្ញាហាមប្រាមការសាយភាពនុយក្លេអ៊ែរ មិនអាចចេញសេចក្ដីប្រកាសរួមបានឡើយនៅក្រោយកិច្ចប្រជុំថ្ងៃទី២៦ ខែសីហា។ នេះក៏ព្រោះរុស្ស៊ីចេញមុខជំទាស់ចំណុចខ្លះដែលខ្លួនអះអាងថា មានលក្ខណៈនយោបាយ។
 
ថ្ងៃទី២៧ ខែសីហា
 
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ បានប្រកាសផ្ដល់ជំនួយ៣០ពាន់លានដុល្លារដល់ទ្វីបអាហ្វ្រិកសម្រាប់ការអភិវឌ្ឍ។ ទីក្រុងតូក្យូ ក៏បង្ហាញការប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសក្នុងតំបន់នេះដោយផ្អែកលើសណ្ដាប់ធ្នាប់អន្តរជាតិផងដែរ។
 
ថ្ងៃទី២៨ ខែសីហា
 
នាវាចម្បាំងអាម៉េរិក២គ្រឿង បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២៨ ខែសីហា។ នេះជាវត្តមានលើកដំបូងរបស់នាវាចម្បាំងអាម៉េរិកក្រោយទស្សនកិច្ចរបស់ប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់ ដែលធ្វើឱ្យខឹងសម្បារយ៉ាងខ្លាំងរហូតធ្វើសមយុទ្ធយោធាផ្ទួនៗមិនធ្លាប់មាននៅជុំវិញដែនកោះមួយនេះ​៕ 
 

Tag:
 រុស្ស៊ី
  តៃវ៉ាន់
  ចិន
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com