កីឡាអន្តរជាតិ
អន្តរជាតិ
អាវក្រៅទឹកដីថ្មីអាហ្សង់ទីនតំណាងឱ្យសមភាពយេនឌ័រ និងការកាត់បន្ថយប្លាស្ទិកតាមឆ្នេរសមុទ្រ
31, Aug 2022 , 8:29 am        
រូបភាព
អាវក្រៅទឹកដីថ្មីរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន មានពណ៍ស្វាយ ត្រៀមសម្រាប់ការប្រកួតព្រឹត្តិការណ៍ World Cup ប្រទេសកាតានាចុងឆ្នាំនេះ កំពុងក្លាយជាទីចំណាប់អារម្មណ៍ដ៏ទាក់ទាញមួយ។ អាវក្រុមម្ចាស់ជើងឯក Copa America ថ្មីនេះ ក៏មានបង្កប់នូវសារដ៏មានអនុភាពផងដែរ។

 
ក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ធំលំដាប់ពិភពលោក Adidas បានឱ្យដឹងពីមូលហេតុដែលអាវក្រៅទឹកដីនៃក្រុមជម្រើសជាតិអាហ្សង់ទីនមានពណ៍ស្វាយបែបនេះថា«ជម្រើសពណ៍អាវសម្រាប់ក្រុមជម្រើសជាតិមួយនេះ គឺបង្ហាញពីសមភាពនៃយេនឌ័រ។»។
 
អាហ្សង់ទីននឹងត្រូវពាក់អាវឈុតពណ៍ស្វាយដ៏ស្រស់ស្អាតរបស់ខ្លួនលើកដំបូង ប្រចាំប្រវត្តិសាស្ត្រ ដែលមានលាយឡំជាមួយការបង្ហាញស្រម៉ោលពន្លឺភ្លើងនៃព្រះអាទិត្យ ដូចនឹងរូបព្រះអាទិត្យនៅលើទង់ជាតិអាហ្សង់ទីនដែរ។
 
អាវក្រៅទឹកដីថ្មីរបស់អាហ្សង់ទីននេះ បានប្រើប្រាស់ពណ៍ខុសពីកាលលើកមុនៗមក ដែលនិយមប្រើពណ៍ខៀវក្រម៉ៅ ឬ ពណ៍ខ្មៅតែប៉ុណ្ណោះ។ អាវមានពណ៍ស្វាយដែល មានខ្សែប្រយុទ្ធឆ្នើម Lionel Messi បានពាក់បង្ហាញជាផ្លូវការ កាលថ្ងៃទី២៩ សីហា ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ តាមប្រព័ន្ធអ៊ិនធឺណិត។
 
«អាវក្រៅទឹកដីថ្មីនៃក្រុមជម្រើសជាតិអាហ្សង់ទីនបានបង្កប់នៅសារដ៏មានអនុភាពនៃសមភាពយេនឌ័រ ស្របតាមតម្លៃនៃភាពចម្រុះ និងរួមបញ្ជូលទាំងម៉ាកផ្សព្វផ្សាយផលិតផលរបស់យើង។ តាមរយៈកីឡាយើងមានលទ្ធភាព និងឱកាសផ្លាស់ប្តូរការរស់នៅរបស់មនុស្ស ហើយបាល់ទាត់ក៏បានរួមចំណែកក្នុងការផ្លាស់ប្តូររឿងទាំងអស់នេះដោយពិតប្រាកដ។»។ នេះបើតាមសម្តីលោក Pablo Lamo ប្រធាននាយកក្រុមហ៊ុន Adidas នៃប្រទេសអាហ្សង់ទីន។
 
អ្វីដែលលើសពីនេះទៅទៀត Adidas បានអះអាងក្នុងគេហទំព័រថា អាវក្រុមអាហ្សង់ទីនបានផលិតចេញពីសរសៃអំបោះ ដែលកែច្នៃចេញពីប្លាស្ទិក ហើយប្រមូលមកបានពីកម្មវិធីលាងសម្អាតផ្ទៃសមុទ្រ ដែលមានឈ្មោះថា Parley Ocean Plastic របស់ក្រុមហ៊ុន Adidas។ អាវនេះក៏រួមបញ្ចូលនូវអត្ថន័យ ការចូលរួមកាត់បន្ថយប្លាស្ទិកនៅតាមសមុទ្រ ដែលរួមមានដូចជា នៅលើកោះ តាមឆ្នេរសមុទ្រ និងនៅតាមសហគមន៍នានា ឱ្យចៀសឆ្ងាយពីការបំពុលសមុទ្រ។
 
គួររំលឹកថាព្រឹត្តិការណ៍ World Cup នៅប្រទេសកាតានឹងចាប់ផ្តើមឡើងថ្ងៃទី២០ ខែវិច្ឆិកា ហើយក្រុមអាហ្សង់ទីនដែលស្ថិតក្នុងពូល C នឹងត្រូវប្រកួតប្រជែងជាមួយក្រុម អារ៉ាប៊ីសាអូឌីត ម៉ិកស៊ិក និង ប៉ូឡូញ។ ជំនួបដំបូងពូល C អាហ្សង់ទីន នឹងត្រូវប៉ះម៉ិកស៊ិក ថ្ងៃទី២២ ខែវិច្ឆិកា វេលាម៉ោង ៥ល្ងាច(ម៉ោងនៅកម្ពុជា)៕
 
 
 
 
 

Tag:
 Argentina
  Qatar World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com