កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Chelsea ចាញ់ Southampton ឯ Fulham ផ្ដល់បរាជ័យលើកដំបូងដល់​ Brighton
31, Aug 2022 , 1:59 pm        
រូបភាព
តោខៀវ Chelsea បន្តការចាប់ផ្ដើមមិនល្អជាថ្មីនៅរដូវកាលនេះ ក្រោយចាញ់នៅកីឡដ្ឋាន​​ St Mary’s របស់ក្រុម Southampton ដោយលទ្ធផល ២-១ សម្រាប់ជំនួបសប្តាហ៍ទី៥ នៃ Premier League ថ្ងៃទី៣១ ខែសីហា។ ​ចំណែក Aleksandar Mitrovic របស់ Fulham បង្អាក់ដំណើរមិនចាញ់នាដើមរដូវកាល របស់ ​Brighton។

 
នាជំនួបទល់ Southampton តោខៀវ Chelsea អាចបើកការនាំមុខមុនដោយកីឡាករ Raheem Sterling នៅនាទី២៣ ។ ត្រឹមវគ្គទីមួយដដែល Southampton ស៊ុតបំប៉ោងសំណាញ់ទីលើតោខៀវវិញដោយកីឡាករ Romeo Lavia និង Adam Armstrong ។
 
ជាកំណត់ត្រាដ៏អាក្រក់ថ្មីមួយ Chelsea ប្រកួតចាញ់ដល់ទៅ៣លើកហើយក្នុងចំណោម៥ប្រកួត និងឈរនៅចំណាត់ថ្នាក់ទី១០ ក្នុងតារាង។
 
ឯការចាប់ផ្តើមរដូវកាលថ្មីយ៉ាងល្អរបស់ Brighton & hove Albion ត្រូវបានបញ្ចប់ក្រោមថ្វីជើងក្រុម Fulham នាទឹកដី Craven Cottage ។ Mitrovic ជាតួឯកដ៏សំខាន់ដែលបានស៊ុតនាំមុខ ១គ្រាប់ឱ្យ Fulham ដើមវគ្គទីពីរ នាទី៤៨ ចំណែកគ្រាប់ទី២ ធ្វើបានដោយកីឡាករ Lewis Dunk របស់ Brighton ជាគ្រាប់ចូលទីខ្លួនឯងនាទី៥៥។ នៅនាទី៦០ កីឡា Alexis MacAllister អាចស៊ុតបាល់ពិន័យ ១១ម៉ែត្រតាមបាន ១គ្រាប់វិញ។
  


​រីឯការប្រកួតក្នុងកីឡដ្ឋាន Selhurst Park ទឹកដី Crystal Palace វិញ ក្រុមភ្ញៀវ Brentford អាចស្វែងរក១គ្រាប់តាមស្មើមកវិញនៅនាទី៨៨ ដោយកីឡាករ Yoane Wissa ។ ១គ្រាប់របស់ម្ចាស់ផ្ទះធ្វើបានដោយ Wilfried Zaha នៅនាទី៥៨ ។ ក្រុមដឹកនាំដោយលោក Patrick Vieira និងកូនក្រុមលោក Thomas Frank ចែកគ្នាម្នាក់ ១ពិន្ទុ។
 
ចំណែកម្ចាស់ផ្ទះ Leeds United ដណ្តើមបាន១ពិន្ទុមកវិញពី Everton របស់លោក Frank Lampard ហើយបង្អាក់ក្រុមរបស់អតីតខ្សែបម្រើក្រុម Chelsea រូបនេះ ពីការរកបានជ័យជម្នះលើកដំបូងបានឡើយ។ Anthony Gordon ស៊ុតនាំមុខឱ្យ Everton តាំងពីនាទី១៧ ប៉ុន្តែលទ្ធផលនាំមុខមិនអាចរក្សាបានឡើយ ដោយកីឡាករ Luis Sinisterrra របស់ក្រុមម្ចាស់ផ្ទះអាច់រកបាន១គ្រាប់តាមស្មើមកវិញ ហើយលទ្ធផលហូសបន្លាយរហូតចប់ការប្រកួត៕
 

 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com