អន្តរជាតិ
បក្សកុម្មុយនីស្តចិន នឹងកោះប្រជុំសមាជលើកទី២០ ចាប់ពីថ្ងៃទី១៦ ខែតុលា
31, Aug 2022 , 2:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
បក្សកុម្មុយនីស្តចិន នឹងរៀបចំសមាជបក្សលើកទី២០ នៅថ្ងៃទី១៦ ខែតុលា ដោយលោក ស៊ី ជិនភីង អគ្គលេខាធិការបក្ស ត្រូវបានរំពឹងថា នឹងបន្តកាន់តំណែងជាអគ្គលេខាធិការបក្សនៅអាណត្តិទី៣។ មិនតែប៉ុណ្ណោះ គណៈអចិន្រ្តៃយ៍នៃការិយាល័យនយោបាយ ដែលជាស្ថាប័នមានអំណាចខ្លាំងបំផុតនៅក្នុងបក្សកុម្មុយនីស្តចិន ក៏មានការផ្លាស់ប្តូរសមាជិកដែរ។

 
សមាជបក្សកុម្មុយនីស្តចិន ប្រារព្ធឡើងរៀងរាល់ ៥ឆ្នាំម្តង។ ក្នុងឆ្នាំនេះ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តចិន បានប្រកាសថា សមាជជាតិបក្សកុម្មុយនីស្តចិនលើកទី២០ នឹងចាប់ផ្តើមនៅថ្ងៃទី ១៦ ខែតុលាខាងមុខ។ 
 
កិច្ចប្រជុំ ដែលមានការចូលរួមពីសមាជិកបក្សកុម្មុយនីស្តចិនប្រមាណ ២៣០០នាក់ មកពីទូទាំងប្រទេស នៅមហាវិមានប្រជាជនចិន នឹងជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមប្រមាណ ២០០នាក់។  បន្ទាប់ពីមានការជ្រើសរើសអ្នកតំណាងថ្មី គណៈមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងបើកកិច្ចប្រជុំមួយប ន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិន ដើម្បីជ្រើសរើសសមាជិកការិយាល័យនយោបាយរបស់បក្សកុម្មុយនីស្ត ដែល បច្ចុប្បន្នមាន២៥រូប និងគណៈអចិន្រ្តៃយ៍របស់ការិយាល័យនយោបាយ ដែលមានអំណាចបំផុតនៅក្នុងជួរបក្សកុម្មុយនីស្តចិន។ 
 
តាមក្រឹត្យក្រមរបស់បក្សកុម្មុយនីស្តចិន សមាជិកបក្ស ត្រូវចូលនិវត្តន៍នៅអាយុ៦៨ឆ្នាំ ហើយមន្រ្តីដែលមានអាយុ៦៧ឆ្នាំ អាចបន្តកាន់តំណែងបាន។ ប៉ុន្តែការកំណត់អាយុនេះ ត្រូវបានលើកលែងសម្រាប់លោក ស៊ី ដែលមានអាយុ៦៩ឆ្នាំ។
 
សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយ ដែលមានវ័យត្រឹម ឬលើស ៦៨ឆ្នាំ មានដូចជា លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន មានវ័យ ៧២ឆ្នាំ និង លោក Han Zheng ឧបនាយករដ្ឋមន្រ្តី មានវ័យ ៦៨ឆ្នាំ។ 
 
សមាជបក្សលើកនេះ លោកស៊ី ជីនភីង អគ្គលេខាធិការបក្ស ត្រូវបានរំពឹងថា នឹងបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិននៅអាណត្តិទីបី និងជាប្រធាននៃគណៈកម្មការយោធាមជ្ឈិម។ លោកស៊ី បានក្លាយជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន នៅក្នុងឆ្នាំ២០១២ មុននឹងក្លាយជាប្រធានាធិបតីចិន នៅឆ្នាំ២០១៣។ 
 
ចំណែកលោក លី ខឹឈាំង ដែលមានអាយុ៦៧ឆ្នាំនៅឡើយនោះ ទំនងអាចបន្តអង្គុយកៅអីសមាជិកគណៈអចិន្រ្តៃយ៍ទៀត តែត្រូវបោះបង់តំណែងនាយករដ្ឋមន្រ្តីព្រោះកាន់២អាណត្តិហើយ។
 
ទន្ទឹមនេះ សមាជបក្សលើកទី២០ ក៏ពិនិត្យលើការសម្រេចគោលនយោបាយសេដ្ឋកិច្ច និងនយោបាយនាពេលកន្លងមក។ មិនតែប៉ុណ្ណោះ បក្សកុម្មុយនីស្តចិន ក៏ត្រៀមដាក់ចេញផែនការផ្សេងៗ ដើម្បីពន្លឿនសេដ្ឋកិច្ចចិន និងការអភិវឌ្ឍប្រទេសបន្ថែមផង៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com