អន្តរជាតិ
ចិនផ្ដល់ជំនួយមនុស្សធម៌ជិត ១៥លានដុល្លារឱ្យប៉ាគីស្ថាន ដើម្បីដោះស្រាយគ្រោះទឹកជំនន់
31, Aug 2022 , 4:19 pm        
រូបភាព
ជំនួយចិន ដែលដឹកទៅប៉ាគីស្ថាន នៅថ្ងៃទី៣០ ខែសីហា។ រូបភាពយកពីCIDCAរបស់ចិន
ជំនួយចិន ដែលដឹកទៅប៉ាគីស្ថាន នៅថ្ងៃទី៣០ ខែសីហា។ រូបភាពយកពីCIDCAរបស់ចិន
រដ្ឋាភិបាលចិនបានប្រកាសផ្ដល់ជំនួយមនុស្សធម៌បន្ទាន់មានតម្លៃប្រមាណ ១៤,៥លានដុល្លារទៅឱ្យប៉ាគីស្ថាន ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់។ ជំនួយរបស់ចិនរួមមានតង់ ២៥០០០ និងសម្ភារសង្គ្រោះក្នុង គ្រោះមហន្តរាយផ្សេងទៀតដែលដឹកទៅដល់ប៉ាគីស្ថាននៅថ្ងៃទី៣០ និង៣១ ខែសីហា។ នេះបើតាមទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA)។

 
តំបន់ភាគខាងជើង និងខាងត្បូងប៉ាគីស្ថាន បានរងជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ដោយគ្រោះធម្មជាតិមួយនេះ ប៉ះពាល់ដល់ប្រជាជនច្រើនជាង៣០លាននាក់ និងបានសម្លាប់មនុស្សច្រើនជាង១ពាន់នាក់ ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំជាច្រើនហិចតាត្រូវខូចខាត។ ទាក់ទិននឹងបញ្ហានេះ ចិន បានប្រកាសផ្តល់ជំនួយជិត ១៥លានដុល្លារទៅប៉ាគីស្ថាន។ 
 
លោក Zheng Yuandong មន្ត្រីនៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិចិន (CIDCA) នៅថ្ងៃទី២៦ ខែសីហា បានលើកឡើងថា រដ្ឋាភិបាលចិនបានសម្រេចចិត្តផ្ដល់ជំនួយមនុស្សធម៌ជាសម្ភារដែលមានតម្លៃ ១៤,៥ លានដុល្លារ មានដូចជាតង់ ២៥០០០ និងសម្ភារសង្គ្រោះបន្ទាប់ក្នុងគ្រោះមហន្តរាយផ្សេងទៀត ទៅឱ្យប៉ាគីស្ថានដែលកំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ។ 
 
តាម ​​CIDCA កងទ័ពអាកាសចិនបានប្រើប្រាស់យន្តហោះ Y-២០ ចំនួនពីរគ្រឿងជញ្ជូនសម្ភារជំនួយទៅប៉ាគីស្ថានចំនួន២ថ្ងៃ គឺថ្ងៃទី៣០ និង៣១ខែសីហា។ ព្រឹកនៅថ្ងៃទី៣០ ខែសីហាតង់ចំនួន ៣ពាន់ ត្រូវបានដឹកទៅមុនគេ ព្រោះវាជាសម្ភារត្រូវការជាបន្ទាន់បំផុតនៅប៉ាគីស្ថាន។ ចំណែកតង់ចំនួន ២២០០០ និងសម្ភារផ្សេងៗដែលនៅសល់ត្រូវដឹកជញ្ជូនតាមក្រោយទៀតឱ្យបានលឿនបំផុត តាមស្ថានភាពគ្រោះមហន្តរាយ។ 
 
ទូរទស្សន៍ជាតិចិន CGTN បានចុះផ្សាយថា សមាគមកាកបាទក្រហមចិន បានផ្តល់ជំនួយជាលុយ ៣០ម៉ឺនដុល្លារដល់កាកបាទក្រហមប៉ាគីស្ថាន ហើយស្ថានទូតចិនប្រចាំនៅប៉ាគីស្ថានបានស្នើឱ្យសហគ្រាសចិននៅក្នុងប្រទេសរងគ្រោះនោះបរិច្ចាកលុយ ២៥ម៉ឺនដុល្លារដែរ។ ជាការឆ្លើយតប មន្រ្តីជាន់ខ្ពស់របស់ស្ថានទូតប៉ាគីស្ថានប្រចាំចិន Naeem Iqbal Cheema បានបង្ហោះសេចក្តីថ្លែងការណ៍មួយ បង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយពីរដ្ឋាភិបាលចិន។
 
ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការសង្គម និងជីវភាពរស់នៅរវាងចិន-ប៉ាគីស្ថាន ចិនបានផ្តល់ជំនួយម្ដងមកហើយទៅប៉ាគីស្ថាន រួមមានតង់ចំនួន៤ពាន់ ភួយ៥ម៉ឺន និងផ្ទាំងកំណាត់មិនជ្រាបទឹកចំនួន ៥ម៉ឺន។ 
 
កន្លងមក ប៉ាគីស្ថានទទួលបានជំនួយមនុស្សធម៌ និងជំនួយហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសផ្សេងៗ រួមមានតួកគី អារ៉ាប៊ីសាអូឌីត កាតា អាម៉េរិក អង់គ្លេស អេមីរ៉ាតអារ៉ាប់រួម និងប្រទេសអឺរ៉ុបមួយចំនួនទៀត។ អង្គការសហប្រជាជាតិបានផ្ដល់លុយ ៣លានដុល្លារដើម្បីជួយជនរងគ្រោះដោយទឹកជំនន់នៅក្នុងប៉ាគីស្ថាន ខណៈសហភាពអឺរ៉ុបបានប្រកាសផ្ដល់ជំនួយជាង ២លានដុល្លារផងដែរ៕  
 

Tag:
 ចិន
  ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com