កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ពិន័យសហព័ន្ធបាល់ទាត់ឥណ្ឌា ជិត២ម៉ឺនដុល្លារ
01, Sep 2022 , 8:29 am        
រូបភាព
រូបពីហ្វេសប៊ុក Indian Football Team
រូបពីហ្វេសប៊ុក Indian Football Team
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានពិន័យទឹកប្រាក់ ១៨០០០ដុល្លារ ពីសហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ចំពោះការធ្វេសប្រហែស អំឡុងពេលធ្វើជាម្ចាស់ផ្ទះ ការប្រកួតវគ្គជម្រុះក្នុងពូល D នៃព្រឹត្តិការណ៍ AFC Asian Cup 2022 Qualifiers នៅទីក្រុង Kolkata នាអំឡុងខែមិថុនា ឆ្នាំ២០២២។ ការពិន័យនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ក្រោយពី FIFA ដកការព្យួរសកម្មភាពពី AIFF។



AIFF រងការពិន័យពី AFC ដោយសារសកម្មភាពអវិជ្ជមានរបស់អ្នកគាំទ្រជម្រើសជាតិឥណ្ឌា អំឡុងពេលប្រកួតជាមួយ ហុងកុង និង អាហ្វហ្គានីស្ថាន។ នេះបើយោងទៅលើការផ្សាយរបស់គេហទំព័រ India Express ។
 
គណៈកម្មាធិការវិន័យ និងក្រមសីលធម៌របស់ AFC (The AFC's Disciplinary and Ethics Committee) ចាត់ទុកការលុកលុយ និងភាពរញ៉េរញ៉ៃរបស់អ្នកគាំទ្រថាជា ទង្វើមិនសមរម្យ ដែលជាផ្នែកមួយរបស់ AIFF មិនបានយកចិត្តទុកដាក់។ AFC ចាត់ទុកបញ្ហានេះ ជាកំហុសរបស់សហព័ន្ធបាល់ទាត់ឥណ្ឌា។ បើតាមAFC ក្នុងនាមជាម្ចាស់ផ្ទះ AIFF ត្រូវធានាឲ្យបាននូវសុវត្ថិភាពផ្សេងអំឡុងការប្រកួត  និងរក្សានូវសណ្តាប់ធ្នាប់ នៅក្នុងកីឡដ្ឋាន។
 
កាលពីថ្ងៃទី១៤ ខែមិថុនា អ្នកគាំទ្រឥណ្ឌា ២នាក់ បានរត់ចូលទៅក្នុងទីលាន និងអង្គុយលើកៅអីបច្ចេកទេស របស់ក្រុមម្ចាស់ផ្ទះ អំឡុងពេលប្រកួតជាមួយហុងកុង។ នេះ ត្រូវបានចាត់ទុកថា ជាទង្វើមិនសមរម្យ ហើយក៏ជាការធ្វេសប្រហែសរបស់ក្រុមម្ចាស់ផ្ទះឥណ្ឌា ដែលមិនបានគិតដល់បញ្ហាទាំងនេះ។
 
មិនត្រឹមតែប៉ុណ្ណោះទេក្នុងការប្រកួតនេះ ម្ចាស់ផ្ទះឥណ្ឌា ក៏បានធ្វេសប្រហែសចំពោះ ការមិនរៀបចំភ្លេងជាតិកម្ពុជា ផងដែរ ក្នុងជំនួបជាមួយកម្ពុជា។ ប៉ុន្ដែ បញ្ហានេះ ត្រូវបានបញ្ចប់ដោយគ្មានការដេញដោលទៀត ព្រោះ AIFF ព្រមទាំងទូតឥណ្ឌាប្រចាំនៅកម្ពុជា បានសុំទោសដល់សហព័ន្ធបាលទាត់កម្ពុជា (FFC) និងកីឡាករកម្ពុជា៕
 

Tag:
 បាល់ទាត់
  AFC Asian Cup
  AFC
  AIFF
© រក្សាសិទ្ធិដោយ thmeythmey.com