ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប នឹងពិចារណា សំណើរបស់ បក្សទាំង៤ លើការកែទម្រង់ការបោះឆ្នោត
31, Aug 2022 , 5:22 pm        
រូបភាព
ជំនួប គ.ជ.ប និងបក្សនយោបាយចំនួន៤ នាថ្ងៃទី៣១សីហា ២០២២។ រូបពី គ.ជ.ប
ជំនួប គ.ជ.ប និងបក្សនយោបាយចំនួន៤ នាថ្ងៃទី៣១សីហា ២០២២។ រូបពី គ.ជ.ប
ភ្នំពេញ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថា ក្រុមការងារនឹងពិនិត្យលើសំណើទាំង១៧ចំណុចរបស់ គណបក្សទាំង៤ ដែលស្នើឲ្យកែទម្រង់ប្រព័ន្ធបោះឆ្នោត។

 
សំណើទាំង១៧ចំណុច ដែលបក្សទាំង៤ បានស្នើទៅ គ.ជ.ប ផ្ដោតសំខាន់លើ ការស្នើឲ្យកែរូបមន្តនៃការបែងចែកអាសានៈ, ការចុះឈ្មោះបោះឆ្នោត និងការរើសបេក្ខជនមន្រី្តរៀបចំការបោះឆ្នោតជាដើម។ 
 
ក្រោយជួបជជែកគ្នា ជាមួយគណបក្សទាំង៤ រួមមាន បក្សឆន្ទៈខ្មែរ កែទម្រង់កម្ពុជា ភ្លើងទៀន និងបក្សប្រជាធិបតេយ្យមូលដ្ឋាននោះ គ.ជ.ប បានសម្រេចបែងចែកសំណើទាំង១៧នោះ ជាបីផ្នែក។ ផ្នែកទីមួយ គឺសំណើពាក់ព័ន្ធនឹងផ្នែកបច្ចេកទេសនៃការបោះឆ្នោត, ទីពីរសំណើពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ គ.ជ.ប និងទីបី សំណើពាក់ព័ន្ធនឹងស្ថាប័នផ្សេងៗ ដែលពុំពាក់ព័ន្ធនឹង គ.ជ.ប។ ការបែងចែកនេះ ព្រោះសំណើទាំងអស់ពុំត្រូវបាន គ.ជ.ប យកទៅពិចារណា ហើយអនុវត្តតាមទេ។ ដូច្នេះ គ.ជ.ប ដោះស្រាយ តែសំណើដែលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប៉ុណ្ណោះ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៣១សីហានេះ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា៖ «គ.ជ.ប នឹងពិចារណា បើសិនចំណុចណាដែលស្របនឹងច្បាប់ គឺនឹងដាក់ក្នុងនីតិវិធី នៃការអនុវត្ត…»។ ប៉ុន្តែ មុននឹងសម្រេចឲ្យអនុវត្តឬកែប្រែចំណុចណាមួយ គ.ជ.ប នឹងផ្ដល់ដំណឹងដល់តួអង្គពាក់ព័ន្ធ រួមទាំងបក្សដទៃ ដើម្បីផ្ដល់យោបល់បន្ថែមលើសំណើបក្សទាំង៤ខាងលើ។ 
 
បើតាមការជជែកគ្នាក្នុងអង្គប្រជុំ នៅថ្ងៃទី៣១សីហានេះ ភាគច្រើននៃសំណើ ពុំអាចអនុវត្តតាមផ្លូវច្បាប់បានឡើយ។ ជាក់ស្ដែង ដូចជា ការស្នើឲ្យ បង្កើតការិយាល័យបោះឆ្នោតនៅតាមបណ្ដាលស្ថានទូត និងព្រំដែនជាដើម។ 
 
ទោះយ៉ាងនេះក្ដី ក្រោយជំនួបជជែកគ្នាហើយ គ.ជ.ប នឹងធ្វើរបាយការណ៍ ហើពិនិត្យបន្ថែម លើសំណើទាំង១៧ ។ អ្នកនាំពាក្យរូបនេះ ថ្លែងយ៉ាងដូច្នេះ៖ «ក្រុមការងារដែលជួបបក្សទាំង៤ នឹងធ្វើរបាយការណ៍ ទៅសមភាពនីមួយនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំង៩រូប និងប្រធាន គ.ជ.ប ហើយអាចនឹងដាក់ចូលទៅក្នុងបទបញ្ជាឬនីតិវិធី បើយល់ថា សំណើនោះ មានផលវិជ្ជមានល្អ និងស្របច្បាប់ក្នុងដំណើរការបោះឆ្នោត»។ 
 
លោក គង់ មុនីកា ប្រធានបក្សឆន្ទៈខ្មែរ បានឲ្យដឹងថា ក្រៅពីស្នើឲ្យកែប្រែទម្រង់នៃការឆ្នោតហើយ បក្សទាំង៤ក៏ស្នើឲ្យ គ.ជ.ប ពិចារណាឡើងវិញ ហើយទម្លាក់បទចោទលើសំណុំរឿងរបស់ លោក សុន ឆ័យ អនុប្រធានបក្សភ្លើងទៀនផងដែរ ជុំវិញបទបរិហាកេរ្តិ៍ស្ដីពីដំណើរការបោះឆ្នោតឃុំសង្កាត់នាពេលកន្លងមក៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com