អន្តរជាតិ
ចិនថា នឹងចរចាបញ្ហាអាកាសធាតុឡើងវិញ បើអាម៉េរិកជម្រះឥទ្ធិពលអវិជ្ជមាលោកស្រី ផេឡូស៊ី នៅតៃវ៉ាន់
31, Aug 2022 , 5:49 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន។ រូបភាព៖ AFP
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន។ រូបភាព៖ AFP
ចិន នៅថ្ងៃទី៣១ ខែសីហា បានដាក់លក្ខខណ្ឌឱ្យអាម៉េរិកជម្រះឥទ្ធិពលអវិជ្ជមានដែលបន្សល់ទុកដោយទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេនឡូស៊ី ប្រធានសភាតំណាងអាម៉េរិកឱ្យអស់ ប្រសិនបើចង់ឱ្យខ្លួនចូលតុចរចាទ្វេភាគី ទាក់ទិននឹងបញ្ហាបម្រែបម្រួលអាកាសធាតុឡើងវិញ។

 
ដំណើរទស្សនកិច្ចរបស់លោកស្រីណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់ នាដើមខែសីហាកន្លងមក បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងយ៉ាងខ្លាំង។ ក្រោយដំណើរទស្សនកិច្ចនេះ ចិនបានប្រកាសផ្អាកកិច្ចពិភាក្សាទ្វេភាគីជាមួយអាម៉េរិក លើវិស័យជាច្រើន ក្នុងនោះមានបញ្ហាបម្រែបម្រួលអាកាសធាតុផង។ ក្រោយការផ្អាកនេះ លោកJonh Kerry ប្រេសិតពិសេសអាម៉េរិកលើបញ្ហាបម្រែបម្រួលអាកាសធាតុ នាពេលកន្លងមក បានជំរុញឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនភីង ចាប់ផ្តើមកិច្ចចរចាឡើងវិញ។
 
យ៉ាងណាមិញ ការអំពាវនាវនេះ ត្រូវបានក្រុងប៉េកាំងច្រានចោល និងជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន លុបចោទឥទ្ធិពលដ៏អាក្រក់ ដែលបណ្តាមកពីទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី នៅតៃវ៉ាន់ឱ្យអស់។ 
 
«ភាគីអាម៉េរិក គួរតែជម្រះឥទ្ធិពលអវិជ្ជមាននៃដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ីនៅតៃវ៉ាន់»។ ក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ដោយបន្តថា នេះជាលក្ខខណ្ឌដ៏ចាំបាច់នៃកិច្ចសហប្រតិបត្តិការបម្រែបម្រួលអាកាសធាតុរវាងចិន និងអាម៉េរិក។ 
 
សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្ថែមថា ចិនបន្តចូលរួមយ៉ាងសកម្មនៅវេទិកាអន្តរជាតិស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ។ 
 
គួររំឮកថា ចាប់តាំងពីទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង កាន់តែហក់ឡើងខ្លាំង ស្របពេលមហាអំណាចសេដ្ឋកិច្ចទាំងពីរ កំពុងមានភាពល្អក់កករស្រាប់ទាក់ទិននឹងប្រភពដើមជំងឺកូវីដ-១៩ និងពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះ ចិន ក៏បានប្រកាសដាក់ទណ្ឌកម្មលើប្រធានសភាអាម៉េរិក រួមទាំងក្រុមគ្រួសារផង៕ 
 

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com