អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តៃវ៉ាន់ថា ខ្លួននឹងវាយបកវិញ ប្រសិនបើកងទ័ពចិនចូលក្នុងដែនដីខ្លួន
31, Aug 2022 , 11:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
តៃវ៉ាន់ នៅថ្ងៃទី៣១ ខែសីហា បានព្រមានថា ខ្លួននឹងអនុវត្តសិទ្ធិការពារខ្លួន ហើយវាយប្រហារតបទៅវិញ ប្រសិនបើកងកម្លាំងប្រដាប់អាវុធចិនចូលទឹកដីរបស់ខ្លួន។ ការអះអាងរបស់តៃវ៉ាន់ធ្វើឡើង ស្របពេលក្រុងប៉េកាំងបង្កើនសកម្មភាពយោធានៅជិតកោះមួយនេះ។


ទីក្រុងប៉េកាំង ធ្វើសមយុទ្ធយោធាជាញឹកញាប់នៅជុំវិញកោះតៃវ៉ាន់ក្នុងខែសីហា ក្នុងចេតនាបង្ហាញការមិនពេញចិត្តចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅលើកោះនេះ។ តៃវ៉ាន់វិញមិនបាននៅស្ងៀមឡើយ ខណៈបាន​ធ្វើសមយុទ្ធដើម្បីពង្រឹងសមត្ថភាពយោធាខ្លួន។
 
មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី៣១ ខែសីហា ក្នុងសន្និសីទសារព័ត៌មានមួយបានលើកឡើងថា កោះតៃវ៉ាន់នឹងវាយបកវិញទៅលើចិន ប្រសិនបើកងទ័ពចិនហ៊ានចូលមកក្នុងដែនអធិបតេយ្យភាពកោះនេះ។
 
«សម្រាប់យន្តហោះ និងនាវាចម្បាំងដែលចូលក្នុងដែនសមុទ្រ ឬដែនអាកាសរបស់យើងដល់ចម្ងាយប្រហែល២០គីឡូម៉ែត្រនោះ កងទ័ពជាតិនឹងអនុវត្តសិទ្ធិការពារខ្លួន និងវាយប្រហារតបវិញដោយគ្មានករណីលើកលែងឡើយ»។ ឧត្តមសេនីយ៍ Lin Wen-Huang អគ្គសេនាធិការរងកងទ័ពតៃវ៉ាន់ទទួលបន្ទុកផែនការ អះអាងបែបនេះ។
 
នេះមិនមែនជាលើកដំបូងដែលតៃវ៉ាន់ព្រមានវាយបកលើកងទ័ពចិនឡើយ។ កាលពីសប្ដាហ៍មុន ក្នុងខួបរំឭកដល់ការប្រឈមមុខដាក់គ្នាជាមួយចិនកាលពីប្រាំមួយទសវត្សរ៍មុនដែលតៃវ៉ាន់បានបំបាក់មុខកងទ័ពចិន ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ព្រមានថា កងកម្លាំងតៃវ៉ាន់នឹងឆ្លើយតបយ៉ាងចាស់ដៃចំពោះការឈ្លានពានណាមួយរបស់ចិន។
 
បច្ចុប្បន្ន រដ្ឋាភិបាលតៃវ៉ាន់កំពុងយកចិត្តទុកដាក់ខ្លាំងលើបង្កើនសមត្ថភាពកងកម្លាំងការពារជាតិខ្លួន ដោយបានស្នើទៅសភាបង្កើនថវិកាសម្រាប់វិស័យការពារជាតិក្នុងទំហំដ៏ច្រើនសន្ធឹកសន្ធាប់។ ក្នុងទំហំថវិកាសរុបជិត២០ពាន់លានដុល្លារ ថវិកាប្រមាណ៣,៥ពាន់លានដុល្លារ ត្រូវយកទៅចំណាយលើយន្តហោះចម្បាំង គ្រឿងបរិក្ខារយោធាផ្សេងៗ និងមូលនិធិពិសេសរបស់ក្រសួងការពារជាតិ។ 
 
ម្ដងហើយម្ដងទៀត ចិនតែងប្រកាសក្ដែងៗថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិនដីគោក ហើយបើចាំបាច់ អាចប្រើកម្លាំងដើម្បីត្រួតត្រាតែម្ដង។ យ៉ាងណាមិញ តៃវ៉ាន់អះអាងថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេ៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com