ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន ផ្ដល់ជំនួយឡាន១៥០គ្រឿងដល់ក្រសួងការពារជាតិកម្ពុជា
01, Sep 2022 , 11:09 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ និងអគ្គរដ្ឋទូតចិន វ៉ាង ចិនធៀន ក្នុងពិធីទទួលរថយន្តជំនួយរបស់ក្រសួងការពារជាតិចិន។
រដ្ឋមន្រ្តីការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ និងអគ្គរដ្ឋទូតចិន វ៉ាង ចិនធៀន ក្នុងពិធីទទួលរថយន្តជំនួយរបស់ក្រសួងការពារជាតិចិន។
ក្រសួងការពារប្រទេសចិន បានផ្ដល់ជំនួយឥតសំណងជារថយន្ត ដល់ទៅ១៥០គ្រឿងដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីបម្រើដល់ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២២ខាងមុខ និងបេសកកម្មផ្សេងទៀត។ ប្រមុខការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ បានអរគុណចិនដែលផ្ដល់ការគាំទ្រទាន់ពេលវេលាបែបនេះ ហើយចាត់ទុកជំនួយនេះជាការបញ្ជាក់ជាថ្មីទំនាក់ទំនងរឹងមាំរវាងយោធាកម្ពុជា និងចិន។

 
រដ្ឋមន្រ្តីការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ និងអគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជា វ៉ាង វិនធៀន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរថយន្ត១៥០គ្រឿង ដែលរៀបចំនៅវិមានឈ្នះឈ្នះនៅថ្ងៃទី១ ខែកញ្ញា។ ក្រៅពីរថយន្ត ក្រសួងការពារជាតិចិន ក៏ផ្ដល់ជាសម្ភារៈការិយាល័យជាច្រើនមុខ និងវិទ្យុទាក់ទងផងដែរ។
 
លោក វ៉ាង វិនធៀន និយាយថា​ ចិន និងកម្ពុជា​ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ ហើយជាគម្រូនៃទំនាក់ទំនងរវាងប្រទេស និងប្រទេសដែលគោរព និងគាំទ្រគ្នា។​ អគ្គរដ្ឋទូតចិន ក៏អរគុណកម្ពុជាដែលបន្តគាំទ្រនយោបាយចិនតែមួយ និងគាំទ្រជំហររបស់ចិនលើការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន ហើយចិនវិញក៏គាំទ្រមុតមាំចំពោះភាគីកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ម្ចាស់ការ និងការអភិវឌ្ឍវិស័យការពារជាតិ។
 

 
«យើងខ្ញុំសង្ឃឹមស្មោះថា កម្ពុជាអាចដើរតួនាទីកាន់តែសកម្ម និងសំខាន់ក្នុងសន្តិសុខតំបន់។» លោក វ៉ាង វិន ធៀន អះអាងបែបនេះ ដោយសំដៅដល់ការប្រើប្រាស់ជំនួយយោធាលើកនេះក្នុងការទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននៅពេលខាងមុខ ដែលចូលរួមរដ្ឋមន្រ្តីការបរទេសដៃគូរបស់អាស៊ានប្រមាណ៨ប្រទេសទៀត។
 
ថ្លែងក្នុងពិធីទទួលដដែល ប្រមុខការពារជាតិកម្ពុជា បានអរគុណក្រសួងការពារជាតិចិនដែលផ្ដល់ជំនួយរថយន្តពេលនេះ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិន។ សម្ដេច ទៀ បាញ់ លើកឡើងថា ពិភពលោកជួបបញ្ហាធំមិនចេះមិនចប់មិនចេះហើយមានជំងឺកូវីដ-១៩ ដែលមិនទាន់ផុតរលត់ និងការជ្រៀតជ្រែក វាយប្រហារ​ រំលោភអធិបតេយ្យ ញុះញង់ បំបែកបំបាក់ឥតឈប់ឈរពីសំណាក់អ្នកគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងចូលចិត្តបំផ្លាញអ្នកដទៃ។
 
«ឆ្លើយតបនឹងការគំរាមកំហែងប្រកបដោយគ្រោះថ្នាក់នេះ ចិន និងកម្ពុជានៅតែរឹងមាំជានិច្ចក្នុងការជម្នះលើការលំបាក និងរាល់សកម្មភាពអមិត្តនៅក្រោមស្មារតីស្នេហាសន្តិភាព នយោបាយមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។» រដ្ឋមន្ត្រីការពារជាតិកម្ពុជាថ្លែងបែបនេះ មុនបន្តថា៖ យើងជឿជាក់ថា រាល់ការប៉ុនប៉ងដើម្បីបំផ្លាញសេចក្ដីសុខ និងធ្វើឱ្យខូចខាតមិត្តភាពកម្ពុជា-ចិន មុខជាទទួលបានការឈឺចាប់ និងទទួលបរាជ័យនៅទីបំផុត។»
 
បើតាមសម្ដេច ទៀ បាញ់ ជំនួយសម្ភារនេះ ពិតជាមានតម្លៃ ចំពេលដែលក្រសួងការពារជាតិកម្ពុជាកំពុងត្រូវការចាំបាច់បំផុតសម្រាប់បម្រើការងារទំនាក់ទំនងបរទេសផ្នែកយោធា ពិសេសពេលកម្ពុជាមមាញឹកក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានក្នុងឆ្នាំ២០២២។ ក្រៅពីនេះ សម្ភារទាំងនេះ ក៏បម្រើដល់ការងារស្រាវជ្រាវ សិក្សា និងការពារប្រវត្តិសាស្រ្តយោធា។

 
ទាក់ទងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ប្រមុខការពារជាតិកម្ពុជា ប្រាប់អ្នកសារព័ត៌មានថា ប្រទេសទាំងពីរកំពុងជជែកពីការរៀបចំសមយុទ្ធទ្រង់ទ្រាយធំ និងចម្រុះថែមទៀត ហើយក៏អាចមានសមយុទ្ធទ័ពជើងទឹកផងដែរ។ កន្លងមក កម្ពុជា-ចិន រៀបចំសមយុទ្ធជើងគោកប៉ុណ្ណោះ។
 
ចំពោះបញ្ហាមូលដ្ឋានរាម សម្ដេច ទៀ បាញ់ អះអាងថា​ វាជារឿងចាស់យូរណាស់មកហើយ ហើយក៏គ្មានអ្នកណាអាចបកស្រាយឱ្យអ្នកដែលមានបំណងមិនល្អឱ្យយល់ឡើយ។ ដោយមិនសំដៅប្រទេសណា សម្ដេចចាត់ទុកការនិយាយម្ដងហើយម្ដងទៀតនេះ ជាការញុះញង់បង្កើតរឿងពីប្រភពផ្សេងៗ ទោះមានការបញ្ជាក់ម្ដងហើយម្ដងទៀតរាប់មិនអស់ពីកម្ពុជា សូម្បីតែពីសម្ដេចផ្ទាល់ក្ដី។
 
«និយាយឱ្យច្បាស់ទៅ និយាយជាមួយអ្នកដែលហៅថា យើងប្រើពាក្យថា ត្រជាក់ល្អ តែធ្វើថ្លង់ ភ្នែកល្អ តែធ្វើខ្វាក់។ អាហ្នឹងពិបាកនិយាយតែម្ដង។ ទោះយើងពន្យល់របៀបណាមួយក៏ដោយ មិនបានតាមបំណងប្រាថ្នារបស់គេ គេនៅតែចោទ។» ប្រមុខការពារជាតិកម្ពុជាបន្ថែមបែបនេះ៕










 

Tag:
 កម្ពុជា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com