កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag រីករាយ ដែល Ronaldo មិនចេញពី Man Utd នៅទីផ្សារដោះដូរលើកទីមួយនេះ
01, Sep 2022 , 11:48 am        
រូបភាព
ទីបំផុតទីផ្សារដោះដូកីឡាករតំបន់អឺរ៉ុបបិទហើយនៅប៉ុន្មានម៉ោងមុនថ្ងៃទី១​ ខែកញ្ញា។ រឿងរ៉ាវដែលជាមន្ទិលដ៏យូរនៃការចាកចេញ ឬក៏បន្តនៅរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវលាតត្រដាង ក្រោយរូបគេបន្តស្នាក់នៅ Manchester United។ លោក Erik Ten Hag អ្នកចាត់ការបិសារចក្រហម បង្ហាញក្តីរីករាយនៅពេល ​Ronaldo មិនអាចចាកចេញនៅពេលនេះ។


 
ចាប់តាំងពីខែមិថុនា ក្រោយពេល ​Premier League រដូវកាល ២០២១-២២ បញ្ចប់ រឿងរ៉ាវរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ក្លាយជាបញ្ហាដ៏ក្តៅមួយ។ Ronaldo ស្នើសុំក្លិបចាកចេញ ខណៈកិច្ចសន្យាសល់រយៈពេល ១រដូវកាលទៀត។ កាលនោះក្លិប Atletico Madrid, Chelsea, Bayern Munich, Sporting CP និង​ Napoli ជាដើមសុទ្ធតែត្រូវបានកាសែតកីឡាល្បីៗរាយការណ៍ថាចាប់អារម្មណ៍លើ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះ ​តែចុងក្រោយក្លិបទាំងអស់នោះចេញមុខបដិសេធវិញ។
 
ហេតុផលចម្បងផ្សេងទៀត Man United គ្មានកៅអី UEFA Champions League សម្រាប់រដូវកាលថ្មី ខណៈប្រាក់ពលកម្មក៏ត្រូវកាត់ ២៥ភាគរយ។ តែយ៉ាងណាមុនបើករដូវកាលថ្មី EPL មួយសប្តាហ៍ Ronaldo ក៏បានវិលចូលហ្វឹកហាត់ជាមួយក្រុមវិញ និងបានបង្ហាញខ្លួនរដូវកាលថ្មី ៤ប្រកួតឱ្យបិសាចក្រហម។
 
ទាក់ទងបញ្ហា Ronaldo លោក Ten Hag អ្នកចាត់ការថ្មីបានព្យាយាមឃុំគ្រង ​Ronaldo ឱ្យបន្តស្នាក់នៅព្រមទាំងបដិសេធលើសំណើរផ្សេងៗពីក្លិបដទៃ។ អំឡុងប្រកួតមិត្តភាពទេសចរណ៍នៅប្រទេសថៃ និងអូស្ត្រាលី កាលខែកក្កដា អ្នកចាត់ការវ័យ ៥២ឆ្នាំ បានអះអាងថា Ronaldo គឺស្ថិតក្នុងគម្រោងកសាង Man United ឱ្យល្អឡើងវិញ។
 
ក្រោយទីផ្សារដោះដូរលើកទីមួយបិទទ្វារ អតីតគ្រូបង្វឹក Ajax Amsterdam បានបង្ហាញអារម្មណ៍រីករាយចំពោះការមកដល់នៃកីឡាករចំណូលថ្មីច្រើនរូប ហើយនិយាយថា Ronaldo នឹងអាចសម្របខ្លួនលេងបានគ្រប់ទម្រង់នៃគម្រោងរបស់ក្រុម។
 
«ខ្ញុំគិតថានេះគឺជាសញ្ញាមួយ ខ្ញុំរីករាយនូវការមកដល់របស់ពួកគេ ប៉ុន្តែខ្ញុំគិតថាក្លិបធំៗនៅ Premier League បានចំណាយច្រើនដូចគ្នានៅទីផ្សារដោះដូរ នេះជាការប្រកួតប្រជែង។ ខ្ញុំធ្លាប់និយាយពីដំបូង យើងមានគម្រោងជាមួយគាត់ (Ronaldo) នេះជាចក្ខុវិស័យរបស់គាត់ មិនមែនខ្ញុំទេ ហើយយើងសប្បាយចិត្តដែលមានគាត់ ដូច្នេះគាត់គួរតែនៅទីនេះដើម្បីជោគជ័យទាំងអស់គ្នា។ ដូចដែលអ្វីបានឃើញគាត់ជាកីឡាករដ៏អស្ចារ្យ និងមានសមត្ថភាព កីឡាករបែបនេះខ្ញុំត្រូវការ បន្តិចទៀតគាត់នឹងអាចលេងគ្រប់ប្រព័ន្ធ និងរបៀបលេងផ្សេងៗច្រើនទៀត។»។ លោក Ten Hag និយាយក្នុងសន្និសីទកាសែតមុនការប្រកួតទល់ Leicester City បែបនេះ។
 
សូមជម្រាបថា​កីឡាករចំណូលថ្មីដែលបិសាចក្រហមនាំមកនាទីផ្សារលើកដំបូងនេះរួមមាន Casemiro ពី Real Madrid, Christian Eriksen ពី Brentford, Lisandro Martinez ពី Ajax, Tyrell Malacia ពី PSV Einhoven, Antony ពី Ajax និង អ្នកចាំទី Martin Dubravka ពី Newcastle United៕
 
 
 
 
 

Tag:
 Cristiano Ronaldo
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com