អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខសិទ្ធិមនុស្ស UN៖ ចិនទំនងជាប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅស៊ីនជាំង
01, Sep 2022 , 4:29 pm        
រូបភាព
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស Michelle Bachelet ។ រូបថត Xinhua
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស Michelle Bachelet ។ រូបថត Xinhua
ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៣១ ខែសីហា បានចេញរបាយការណ៍មួយដែលគេរង់ចាំជាយូរមកហើយទាក់ទងបញ្ហាសិទ្ធិមនុស្សស៊ីនជាំង។ របាយការណ៍គួរឱ្យភ្ញាក់ផ្អើលនេះសេរថា ការឃុំខ្លួនដោយបំពាន និងការរើសអើងទៅលើជនជាតិវីហ្គ័រ និងជនជាតិមូស្លីមផ្សេងទៀតនៅក្នុងតំបន់ស៊ីនជាំង ទំនងអាចចាត់ទុកជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។


ឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានរងការរិះគន់យ៉ាងខ្លាំងពីអ្នកការទូត និងក្រុមសិទ្ធិមនុស្សមួយចំនួន ដោយ​សារមិនព្រមចេញផ្សាយរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ 
 
ទីបំផុតលោកស្រី Bachelet បានចេញរបាយការណ៍នេះប៉ុន្មាននាទីក្រោយបញ្ចប់អាណត្តិរបស់ខ្លួននៅថ្ងៃទី៣១ ខែសីហា។ ក្នុងរបាយការណ៍នោះ ចិនទំនងជាប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងសិទ្ធមនុស្សពិតមែន។
 
«ស្ថានភាពនៃការឃុំខ្លួនដោយបំពាន ក៏ដូចជាការរើសអើងក្រុមជនជាតិវីហ្គ័រ និងក្រុមជនជាតិមូស្លីមផ្សេងទៀត ទំនងជាឧក្រិដ្ឋកម្មអន្តរជាតិ ជាពិសេសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ របាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានបញ្ជាក់បែបនេះ។ 
 
ប្រមុខសិទ្ធិមនុស្ស UN បានផ្តល់អនុសាសន៍តាមរបាយការណ៍ដដែល ឱ្យរដ្ឋាភិបាលចិន ប្រញាប់ចាត់វិធានការភ្លាមៗដើម្បីដោះលែងអ្នកដែលត្រូវបានឃុំខ្លួនទាំងអស់នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល ពន្ធនាគារ ឬកន្លែងឃុំឃាំង។ ម៉្យាងវិញទៀត របាយការណ៍​បង្ហាញ​ពីការ​រំលោភ​សិទ្ធិ​បន្ត​ពូជរបស់ប្រជាជន​តាម​រយៈ​​ការកំណត់​ផែនការ​គ្រួសារ​។
 
នៅមុនរបាយការណ៍របស់អង្គការសិទ្ធិមនុស្សចេញផ្សាយបន្តិច អគ្គរដ្ឋទូតចិនប្រចាំ UN នៅទីក្រុងញូវយ៉ក លោក Zhang Jun ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ទីក្រុងប៉េកាំងនៅតែប្រឆាំងការចេញរបាយការណ៍nV។ លោក Zhang ក៏បានសង្កត់ធ្ងន់ថា ប្រមុខ​សិទ្ធិ​មនុស្ស​របស់​ UN ​មិន​គួរ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន​ឡើយ ខណៈរបាយការណ៍នេះមិនបានបង្កើត​ផល​ល្អ​ដល់​អ្នក​ណា​ម្នាក់​ទេ តែ​ធ្វើ​ឲ្យ​ខូច​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​សហ​ប្រជាជាតិ និង​រដ្ឋ​ជា​សមាជិកប៉ុណ្ណោះ។ 
 
កន្លងមក ក្រុមសិទ្ធិមនុស្សជាច្រើន រួមទាំងប្រទេសលោកខាងលិចបានចោទទីក្រុងប៉េកាំងពីការរំលោភបំពានសិទ្ធិលើជនជាតិវីហ្គ័នៅក្នុងតំបន់ស៊ីនជាំង រួមមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ការឃុំឃាំង ការបំផ្លាញទីតាំងវប្បធម៌ និងសាសនារបស់ជនជាតិវីហ្គ័រ។ ចំណែកអាម៉េរិកកន្លងមក​បានចោទចិនថាប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕
 

Tag:
 UN
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com