កីឡាអន្តរជាតិ
អន្តរជាតិ
Floyd នឹងត្រូវប៉ះអ្នកប្រដាល់ MMA ជប៉ុន Asakura នៅតូក្យូ
01, Sep 2022 , 8:29 pm        
រូបភាព
កីឡាករ Floyd Mayweather (ពាក់មួក) ក្នុងជំនួបថ្លឹងគីឡូជាមួយកីឡាករជប៉ុន Mikuru Asakura។ រូបពី MMA
កីឡាករ Floyd Mayweather (ពាក់មួក) ក្នុងជំនួបថ្លឹងគីឡូជាមួយកីឡាករជប៉ុន Mikuru Asakura។ រូបពី MMA
ដោយ:
កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather នឹងតទល់ជាមួយអ្នកវាយក្នុងទ្រុង MMA ជនជាតិជប៉ុន Mikuru Asakura នៅក្នុងកម្មវិធី RIZIN Fight Pass នាសង្វៀន SAITAMA SUPER ARENA ក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២៥ ខែកញ្ញា។ ជំនួបនេះកើតឡើង បន្ទាប់ពី Floyd ផ្តួលកីឡាករប្រដាល់សេរីជប៉ុន Tenshin Nasukawa ឲ្យសន្លប់ក្នុងទឹក១ កាលពីឆ្នាំ២០១៨។

 
បន្ទាប់ពីខកខានឡើងសង្វៀនរយៈ៣ឆ្នាំ ពេលនេះអ្នកប្រដាល់សកលអាជីព Floyd Mayweather  នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីប្រកួតជាមួយម្ចាស់ទឹកដី Mikuru Asakura។ សម្រាប់ពួកគេទាំងពីរពុំដែលមានប្រវត្តិជួបគ្នាឡើយ។
 
សម្រាប់ Floyd នេះជាលើកទីពីរសម្រាប់រូបគេដែលទៅកាន់ទឹកដីជប៉ុនក្នុងការប្រកួតប្រដាល់សកល។ Floyd ឈ្នះទាំង ៥១ប្រកួត មិនស្គាល់ចាញ់ឡើយ ក្នុងនោះផ្តួលគូតស៊ូឳ្យសន្លប់ ២៨ដង។ ៤ប្រកួតចុងក្រោយអ្នកប្រដាល់អាម៉េរិក ឈ្នះពិន្ទុស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao និងAndre Berto នៅឆ្នាំ២០១៥ ផ្តួលកំពូលកីឡាករវាយក្នុងទ្រុង Conor McGregor ឱ្យស្លប់នៅទឹកទី១០ នៅឆ្នាំ២០១៧ និងចុងក្រោយផ្តួលកីឡាករជប៉ុន Tenshin Nasukawa ឳ្យសន្លប់ក្នុងទឹកទី១។
 
ចំណែកអ្នកប្រដាល់ MMA របស់ជប៉ុនកីឡាករ Mikuru Asakura មានប្រវត្តិប្រកួត ២០ដង ឈ្នះ១៦ ស្មើ១ ចាញ់៣ និងផ្តួលគូប្រកួតឳ្យសន្លប់ ៨ដង។ ៤ប្រកួតចុងក្រោយ Asakura ឈ្នះ Satoshi Yamasu ដោយសន្លប់នៅទឹកទី២ ចាញ់កីឡាករ Klember Koike Erbst ដោយបោះបង់ការប្រកួតទឹកទី២នៅឆ្នាំ ២០២១ ឈ្នះ Kyohei Hagiwara និងចុងក្រោយឈ្នះ Youtaka Saito៕
 
 
 

Tag:
 ប្រដាល់សកល
© រក្សាសិទ្ធិដោយ thmeythmey.com