កីឡាអន្តរជាតិ
អន្តរជាតិ
លោក Conte ថាបុរសល្អដូច Son សក្ដិសមធ្វើជាកូនប្រសារលោកបំផុត
01, Sep 2022 , 5:59 pm        
រូបភាព
Antonio Conte អ្នកចាត់ការក្រុម ​Tottenham Hotspur ថ្ងៃទី១​ ខែកញ្ញា និយាយថា Son Heung-Min គឺជាបុរសដ៏ល្អម្នាក់និងមានសក្តានុពល។គ្រូបង្វឹកសញ្ជាតិអ៊ីតាលី បានអះអាងដោយលើកឧទាហរណ៍ថា លោកគួរតែពិចារណាឱ្យ Son ដែលជាមនុស្សប្រុសដ៏ល្អម្នាក់រៀបការជាមួយកូនស្រីរបស់លោក។



ចាប់ផ្តើមរដូវកាលថ្មីនេះ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង មានភាពរអាករអួលក្នុងការស្វែងរកទម្រង់ដ៏ល្អមកវិញ បើទោះបី Spurs ចាប់ផ្តើមរដូវកាលថ្មី បានល្អយ៉ាងណាក្តី​។ ដោយឆ្លងកាត់៥ ប្រកួតមកនេះ Spurs រកជ័យជម្នះបាន ៣លើក និងស្មើ ២លើក Son Heung-Min មិនទាន់អាចស៊ុតបាន ១គ្រាប់នៅឡើយ។ រដូវកាលមុន Son ជាបេក្ខភាពស្បែកជើងមាសប្រចាំ ​Premier League ជាមួយ Mohamed Salah ដែលស៊ុតបាន ២៣គ្រាប់ដូចគ្នា។
 
ទោះបី Son មិនទាន់អាចបង្ហាញភាពខ្លាំងវិញក្តី តែកីឡាករមកពីតំបន់អាស៊ីរូបនេះ តែងទទួលបានជម្រើស ១១នាក់ដំបូង ក្រោមការដឹកនាំរបស់លោក ​Conte។ 
លោក Conte ក៏បានសរសើរ Son ថា ជាបុរសកំពូលជាមួយសក្តានុពល ។ Conte ក៏លើកឧទាហរណ៍ថា Son សក្ដិសមជាកូនប្រសាររបស់លោកខ្លាំងណាស់។
 
«ខ្ញុំដឹងថា Sonny ជាកីឡាករដ៏មានប្រាជ្ញាម្នាក់ រូបគេពិតជាមានប្រាជ្ញាល្អខ្លាំង និងជាបុរសកំពូលជាបុរសដ៏ល្អម្នាក់ ប្រសិនបើខ្ញុំលើកជាឧទាហរណ៍ ខ្ញុំនឹងរកបុរសដែលសាកសមជាស្វាមីកូនស្រីខ្ញុំ គឺជាបុរសដូច Son អ៊ីចឹង។ ប្រហែលជាកន្លងមករូបគេធ្វើការងារធ្ងន់ច្រើនសម្រាប់ក្រុម ទើបមិនអាចស្វែងរកគ្រាប់បាន ។ ប៉ុន្តែគេត្រូវតែបន្ត ហើយត្រូវជឿជាក់លើខ្លួនគេរាល់គ្រប់ការប្រកួត គេមានឱកាសច្រើនបន្ថែមទៀត។»។ Conte និយាយបែបនេះក្នុងសន្និសីទកាសែត។
 
សម្រាប់ការប្រកួតរបស់ Spurs នាសប្តាហ៍ទី៦ នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវ Fulham នាកីឡដ្ឋាន Tottenham Hotspur ថ្ងៃទី៣ ខែកញ្ញា វេលាម៉ោង ៩យប់ (ម៉ោងនៅកម្ពុជា)។ បច្ចុប្បន្ន Spurs ស្ថិតនៅលេខ៣ តំបន់កំពូលតារាងទាំង៤ នៃ Premier League ដោយមាន ១១ពិន្ទុក្នុងដៃ៕
 

Tag:
 Antonio Conte
  Heung Min Son
© រក្សាសិទ្ធិដោយ thmeythmey.com