អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាសេដ្ឋីតៃវ៉ាន់ម្នាក់ បរិច្ចាគលុយផ្ទាល់ខ្លួន៣៣លានដុល្លារបង្វឹកជនស៊ីវិលទប់ទល់ការឈ្លានពានពីចិន
01, Sep 2022 , 10:29 pm        
រូបភាព
មហាសេដ្ឋីតៃវ៉ាន់ Robert Tsao (កណ្ដាល)។ រូបថត AFP
មហាសេដ្ឋីតៃវ៉ាន់ Robert Tsao (កណ្ដាល)។ រូបថត AFP
ដោយ:
មហាសេដ្ឋីតៃវ៉ាន់ លោក Robert Tsao នៅថ្ងៃទី ១ ខែកញ្ញា បានបង្ហាញពីផែនការមួយដោយយកលុយរបស់លោកផ្ទាល់ប្រមាណ​៣៣លានដុល្លារ ទៅហ្វឹកហ្វឺនជនស៊ីវិលជាង៣លាននាក់ឱ្យក្លាយជាអ្នកចម្បាំងដើម្បីជួយការពារកោះតៃវ៉ាន់ ក្នុងករណីចិនឈ្លានពាន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

 
ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ហក់ឡើងដល់ចំណុចក្តៅថ្មីមួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកទៅក្រុងតៃប៉ិកាលពីដើមខែសីហា។ ទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់លំដាប់ទីបីរបស់អាម៉េរិកនេះបង្កឱ្យក្រុងប៉េកាំងធ្វើសមយុទ្ធយោធាឆ្លើយតបដោយមានបាញ់មីស៊ីល បញ្ជូននាវា និងយន្តហោះចម្បាំងឆ្លងកាត់ដែនអាកាស និងទឹកជុំវិញកោះតៃវ៉ាន់ ដែលនេះជាការហាត់សមដ៏គឃ្លើន និងធំបំផុតតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ៩០ មក។ 
 
ដោយរស់នៅក្រោមការគំរាមកំហែងពីសំណាក់ចិនជាច្រើនទសវត្សរ៍មកហើយ ក្រុងតៃប៉ិក៏មិននៅស្ងៀមដែរដោយបានធ្វើសមយុទ្ធយោធាពង្រឹងសមត្ថភាព ហើយព្រមានថានឹងវាយប្រហារតបទៅវិញ បើកងកម្លាំងប្រដាប់អាវុធចិនចូលទឹកដីខ្លួន។ ខណៈកងកម្លាំងប្រយុទ្ធនៅស្ទើរយ៉ាងខ្លាំងបើធៀបទៅនឹងចិន មហាសេដ្ឋីតៃវ៉ាន់មួយរូប លោក Robert Tsao នៅថ្ងៃទី១ ខែកញ្ញាបានប្រកាសបរិច្ចាគលុយប្រមាណ៣៣លានដុល្លារដើម្បីយកទៅហ្វឹកហ្វឺនជនស៊ីវិលតៃវ៉ាន់ជាង ៣ លាននាក់។ 
 
បើតាមលោក Tsao ដែលជាអ្នកជំនួញតៃវ៉ាន់ដ៏ជោគជ័យម្នាក់ ហើយក៏ជាអ្នកបង្កើតក្រុមហ៊ុនផលិតមីក្រូឈីប UMC ទឹកប្រាក់ប្រមាណ២០លានដុល្លារនឹងយកទៅបង្ហាត់អ្នកចម្បាំងខ្លាឃ្មុំខ្មៅ៣លាននាក់ដែលអាចធ្វើការជាមួយយោធាបាននៅ៣ឆ្នាំខាងមុខ។ រីឯ ប្រហែល១៣លានដុល្លារទៀតនឹងយកទៅហ្វឹកហ្វឺនផ្នែកជំនាញបាញ់ប្រហារទៅកាន់អ្នកបាញ់កាំភ្លើង៣​សែននាក់។ 
 
«ការគំរាមរបស់បក្សកុម្មុយនីស្តចិនគឺកំពុងកើនឡើង ហើយការប្រយុទ្ធនេះតំណាងឱ្យសេរីភាពប្រឆាំងទាសភាព ប្រជាធិបតេយ្យប្រឆាំងអំណាចផ្តាច់ការ និងជនស៊ីវិលប្រឆាំងនឹងអ្នកយង់ឃ្នង»។ លោក Tsao លើកឡើងបែបនេះដោយបន្តថា ប្រសិនបើតៃវ៉ាន់អាចទប់ទល់មហិច្ឆតារបស់ចិនបាន នោះមិនត្រឹមតែអាចការពារមាតុភូមិតៃវ៉ាន់បានប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកយ៉ាងធំធេងដល់ស្ថានភាពពិភពលោកបច្ចុប្បន្ន។ 
 
លើសពីនេះ មហាសេដ្ឋីតៃវ៉ាន់វ័យ ៧៥ ឆ្នាំរូបនេះព្រមានថា វានឹងក្លាយជាការសម្លាប់ដោយចេតនា ហើយក៏ជាឧក្រិដ្ឋកម្មសង្រ្គាម និងសង្រ្គាមប្រឆាំងមនុស្សជាតិដ៏ឃោរឃៅដែរ ប្រសិនបើចិនប្រើកម្លាំងវាយប្រហារតៃវ៉ាន់។ 
 
បើតាមការប៉ាន់ស្មានរបស់មន្ទីរបញ្ចកោណ កងកម្លាំងតៃវ៉ាន់ មានតិចជាងកងទ័ពរំដោះប្រជាជនច្រើនដោយកងកម្លាំងជើងគោកមានតែ៨៨០០០នាក់ ធៀបនឹងកងទ័ពចិនមានដល់១លាននាក់។ បន្ថែមពីនេះ កាតព្វកិច្ចចូលយោធាបម្រើប្រទេសសម្រាប់បុរសតៃវ៉ាន់មានត្រឹម៤ខែប៉ុណ្ណោះ​ ខណៈចិនមានរយៈពេលដល់ទៅពី៣ទៅ៤ឆ្នាំ៕
 
 
 
 
 
 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com