កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Man City សរសើរ​ Haaland មានទេពកោសល្យពិសេស ក្រោយស៊ុត hat-trick បំបែកកំណត់ត្រាថ្មីនៅ EPL
01, Sep 2022 , 11:29 pm        
រូបភាព
លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City សរសើរខ្សែប្រយុទ្ធ ​​Erling Haaland ថាមានទេពកោសល្យពិសេសដែលអាចស៊ុត Hat-Trick បានតាំងពីវគ្គទីមួយ នៃការប្រកួតដែលក្រុមមេឃខៀវឈ្នះ ​Nottingham Forest ក្នុងលទ្ធផល ៦​-០ នៅថ្ងៃទី១ ខែកញ្ញា។


ចាប់តាំងពី ​Haaland ចូលប្រកួតប្រជែងក្នុងក្របខណ្ឌ Premier League មក រូបគេអាចរកគ្រាប់បាល់ ១គ្រាប់គ្រប់ការប្រកួត ដោយប្រើពេលត្រឹម ៤៣នាទីប៉ុណ្ណោះ។ ពេលនេះខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះចាប់ផ្តើមអាជីពដ៏រីកចម្រើន ជាមួយការបំបែកកំណត់ត្រាថ្មីនានាជាមួយ Man City។
 
រកបាន ៣គ្រាប់ម្នាក់ឯង ត្រឹម ៣៨នាទីលើក្រុម Nottingham Forest ជាគ្រាប់បាល់ទី៩ របស់ Haaland នៅលីគកំពូលអង់គ្លេស និងជា ​Hat-Trick លើកទីពីរសម្រាប់អាជីពនៅ Premier League។ Haaland ក្លាយជាកីឡាករដំបូងគេបង្អោះដែលរកបាន ៩គ្រាប់ គិតត្រឹមការបង្ហាញខ្លួន ៥ប្រកួតដំបូងនៃ Premier League ដោយបំបែកកំណត់ត្រាវីរបុរស Man City កីឡាករ Sergio Aguero និងលោក Micky Quinn ដែលធ្វើបាន ៨គ្រាប់ដូចគ្នា។
 
ប៉ះបាល់ត្រឹម ១៦លើក ធ្វើបាន ៣គ្រាប់ លោក Guardiola បាននិយាយថាលោកពិតជាសប្បាយចិត្តពេលឃើញកូនក្រុមបំបែកកំណត់ត្រា Premier League ដ៏លឿនបែបនេះ។
«ខ្ញុំដឹងថាគេសប្បាយចិត្តដែលបានរកគ្រាប់បាល់ ខ្ញុំកាន់តែសប្បាយចិត្តចំពោះរូបគេ ហើយខ្ញុំគិតថាអ្វីដែលជាចង់បាននោះគឺជ័យជម្នះ។ កំណត់ត្រាថ្មីគឺមិនជាអ្វីនោះទេ ប្រសិនបើអ្នកតាមស្មើកំណត់ត្រានោះហើយពេលនោះអ្នកស៊ុតមិនចូល មិនអាចឈ្នះការប្រកួត ទើបជារឿងដ៏ដែលអ្នកនឹងមិនពេញចិត្ត ជាពិសេសចំពោះ Haaland គេមានទេពកោសល្យពិសេសមួយសម្រាប់ការបំបែកកំណត់ត្រាអស់ទាំងនេះ។»។ លោក Pep និយាយប្រាប់ទូរទស្សន៍ ​BT Sports បែបនេះ។
 
មិនត្រឹមតែ Haaland ឡើយដែលអាចបំបែកកំណត់ត្រា ក្រុម Man City ផ្ទាល់ក៏ធ្វើបានកំណត់ត្រាថ្មីមួយដែរ ដោយក្លាយជាក្រុមមានគ្រាប់ស៊ុតគូប្រកួតលើស ៥គ្រាប់ ជាលើកទី៣២ នៅលីគកំពូលអង់គ្លេស ក្រោមការដឹកនាំ ២៣៣ប្រកួតរបស់លោក Guardiola។
 
ក្រុមមេឃខៀវ Man City នឹងធ្វើដំណើរទៅប្រកួតនៅទឹកដីក្រុម Aston Villa ថ្ងៃទី៣ ខែកញ្ញា សម្រាប់យុទ្ធនាការ ​Premier League សប្តាហ៍ទី៦។ បច្ចុប្បន្ន Man City ឈរលំដាប់លេខ ២ មាន ១៣ពិន្ទុ តាមពីក្រោយ Arsenal ឈរកំពូលតារាងមាន ១៥ពិន្ទុ ពីជ័យជម្នះទាំង ៥សប្តាហ៍៕
 
 

Tag:
 Erling Haaland
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com