អន្តរជាតិ
ចិន បិទ​ខ្ទប់​ក្រុង​Chengdu ដែលមាន​ប្រជាជន​រស់នៅ​២១,២​លាន​នាក់ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩
01, Sep 2022 , 9:33 pm        
រូបភាព
អាជ្ញាធរចិនធ្វើតេស្តរកជំងឺកូវីដ-១៩ នៅក្នុងខេត្ត Hainan។ រូបភាព៖ Xinhua
អាជ្ញាធរចិនធ្វើតេស្តរកជំងឺកូវីដ-១៩ នៅក្នុងខេត្ត Hainan។ រូបភាព៖ Xinhua
ទីក្រុង​ដែល​ស្ថិតនៅ​ភាគខាងត្បូង​ចិន Chengdu នៅ​ថ្ងៃទី​១ ខែកញ្ញា បានប្រកាស​បិទ​ខ្ទប់ និង​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ ទីក្រុង​មួយ​នេះ មាន​ប្រជាជន​រស់នៅ​ប្រមាណ ២១,២​លាន​នាក់​។

 
 
​ខណៈ​បណ្តា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក កំពុងបើក​ប្រទេស​ឡើងវិញ ក្រោយ​ផ្តល់​វ៉ាក់សាំង​ជាច្រើន​លាន​ដូ​ស​ឱ្យ​ប្រជាជន ចិន នៅតែ​បន្ត​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដ៏​តឹងរ៉ឹង​។ ក្រុង Chengdu ខេត្ត​Sichuan នៅ​ថ្ងៃទី​៣១ ខែសីហា បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ១៥៧​ករណី​។ 
 
​ដោយ​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់ ប្រជាជន​ប្រមាណ ២១,២ លាន​នាក់ នៅក្នុង​ក្រុង​ភាគខាងត្បូង​ចិន​មួយ​នេះ ត្រូវបាន​បញ្ជា​ឱ្យ​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន ចាប់ពី​ម៉ោង ៦​ល្ងាច នៅ​ថ្ងៃទី​១ ខែកញ្ញា​។ តាមរយៈ​វិធាន​បិទ​ខ្ទប់​ក្រុង​នេះ គ្រួសារ​មួយ អាច​បញ្ជូន​សមាជិក ១​នាក់​ប៉ុណ្ណោះ​ទៅ​ទិញ​ទំនិញ ដែល​ចាំបាច់​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​មួយ​របស់​រដ្ឋាភិបាល​ក្រុង Chengdu​។ 
 
​វិធានការ​នៅក្នុង​ក្រុង Chengdu ជា​ករណី​បិទ​ខ្ទប់​ក្រុង​ដ៏​ធំ​បំផុត ចាប់តាំងពី​បិទ​ក្រុង​សៀង​ហៃ នៅក្នុង​ខែមេសា និង​ខែឧសភា នាពេល​កន្លងមក ស្របពេល​អាជ្ញាធរ​ចិន បានចាប់ផ្តើម​ធ្វើតេស្តរ​ក​ជំងឺឆ្លង​ទ្រង់ទ្រាយ​ធំ​រយៈពេល ៤​ថ្ងៃ​។ យ៉ាងណាមិញ គេ​មិនទាន់​ដឹង​ច្បាស់​ឡើយ ថា​តើ​វិធាន​បិទ​ខ្ទប់​នេះ នឹង​លើកចោល​ក្រោយ​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​ឬ​យ៉ាងណា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​មិនតែប៉ុណ្ណោះ ក្នុង​សប្តាហ៍​នេះ ក្រុង Shenzhen ដែល​ស្ថិតនៅ​ភាគខាងត្បូង និង​ក្រុង Dalian ដែល​ស្ថិតនៅ​ភាគ​ឦសាន ក៏បាន​បង្កើន​ចំណាត់ការ​មួយចំនួន ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ផង ក្នុងនោះ​មានដូចជា ការអំពាវនាវ​ឱ្យធ្វើ​ការ​ពី​ផ្ទះ និង​បិទ​អាជីវកម្ម​កម្សាន្ត​មួយចំនួន​ផង​។ 
 
​មកទល់ពេលនេះ ចិន មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ជាង ២៤​ម៉ឺន​ករណី និង​ស្លាប់​ជាង ៥​ពាន់​នាក់​។ មិនតែប៉ុណ្ណោះ ប្រជាជន​ចិន​ជាច្រើន​លាន​នាក់ បានទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ២​ដូ​ស​៕ 

Tag:
 ​ចិន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com