កីឡាជាតិ
ជាតិ
តេស្តកីឡាករត្រៀមប្រកួតមិត្តភាព៖ អ្នករត់មិនបាន ២០.៥គីឡូម៉ែត្រ/១ម៉ោង ធ្លាក់
02, Sep 2022 , 2:53 pm        
រូបភាព
ការធ្វើតេស្តកីឡាករអាយុក្រោម២០ឆ្នាំ ដើម្បីត្រៀមសម្រាប់ការប្រកួតពានរង្វាន់ AFC U20 Championship 2023
ការធ្វើតេស្តកីឡាករអាយុក្រោម២០ឆ្នាំ ដើម្បីត្រៀមសម្រាប់ការប្រកួតពានរង្វាន់ AFC U20 Championship 2023
កីឡាករ ចំនួន៣៥រូប នឹងត្រូវធ្វើតេស្ដកាយសម្បទា និងល្បើន (30 -15IFT Test) នៅថ្ងៃទី១៣ ខែកញ្ញា ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិ ជាមួយជម្រើសជាតិជប៉ុនអាយុក្រោម ២៣ឆ្នាំ នៅថ្ងៃទី២០ ខែកញ្ញា។ ដោយឡែកកីឡាករ៤០នាក់ទៀត នឹងត្រូវធ្វើតេស្តដូចគ្នានេះ សម្រាប់ជំនួប មិត្តភាពអន្តរជាតិ MinebearMitsumi ទល់និងក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ។ បើតាមលោក Keisuke Honda តេស្ដ 30 -15IFT Test ដោយរត់មិនបាន២០.៥គីឡូម៉ែត្រ/១ម៉ោងមិនជាប់ជម្រើសឡើយ។

 
មន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជា ១រូប មិនបញ្ចេញឈ្មោះ បានអះអាងថា លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា មិនសប្បាយចិត្តចំពោះការប្រកួតរបស់ជម្រើសកម្ពុជា ក្នុងព្រឹត្តិការណ៍ AFC Asian Cup 2022 Qualifiers នៅទីក្រុង Kolkata  ប្រទេសឥណ្ឌា នាអំឡុងខែមិថុនា។ បច្ចេកទេស របស់កីឡាករកម្ពុជា មិនមានកម្រិតខុសគ្នាឆ្ងាយពីកីឡាករបរទេសប៉ុន្មានទេ ប៉ុន្ដែកាយសម្បទា និងកម្លាំងប្រកួត គឺមានកម្រិតខុសគ្នា។ 
 
បន្ថែមលើសពីនេះទៀត អ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះ បាននិយាយថា៖«ខ្ញុំ នឹង មិនយកកីឡាករណាដែលរត់ មិនបាន២០.៥គីឡូម៉ែត្រ/១ម៉ោង។ នេះ គឺជាការជ្រើសរើសកីឡាករជម្រើសជាតិ ដែលយ៉ាប់បំផុត»។
 
លោក ភា សុភក្ត្រា គ្រូជំនួយជម្រើសជាតិកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា នេះ គឺជាលើកដំបូង ដែលកម្ពុជាអនុវត្តតេស្តល្បឿនកីឡាករ ដែលរត់លើទីលានកម្រិតទាបបំផុត ១៨គីឡូម៉ែត្រ/១ម៉ោង សម្រាប់ក្រុមលីគ២ និងក្រុមលីគកំពូល ១៨.៥ គីឡូម៉ែត្រ/១ម៉ោង។ ប៉ុន្ដែដើម្បីចូលរួមក្នុងជម្រើសជាតិបាន កីឡាករ ត្រូវសម្រេចល្បឿន ២០.៥ គីឡូម៉ែត្រ/១ម៉ោង។ នោះមានន័យថា កីឡាករ ដែលមិនជាប់តេស្ដនេះ នឹងមិនត្រូវជាប់ជម្រើសជាតិទេ។
 
ចំពោះករណីលើកលែង ឬការបន្ធូបន្ថយយ៉ាងមិចចំពោះការតេស្ដនេះ សារព័ត៌មានថ្មីៗ មិនទាន់ទទួលបានការបញ្ជាក់បន្ថែមពីមន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជា ណាមួយឡើយ។
 
សមាសភាពកីឡាករទាំង ៣៥រូបដែលត្រូវជ្រើសរើសយកទៅធ្វើតេស្ត រួមមាន៖
 
  • អង្គរថាយហ្គឺរ ២រូប៖ ស៊ុំ សាន់ និង សុផល ឌីម៉ង់
  • បឹងកេត ៥រូប៖ សឿត ណាវ៉ា, សៀង ចន្ធា, តាំង ប៊ុនឆៃ, កយ សាលីម និងវ៉ាំង ដាវីន
  • អគ្គិសនីកម្ពុជា ៣រូប៖ អ៊ឺម វីនុន, ទួត សារ៉ូត និង សៀន សុភក្ដ្រា
  • ណាហ្គាវើលដ៏ ៤រូប៖ ជា សុម៉េង, ភេម តៅសិញ, កែវ ឧត្ដម និង ញឹម លីហួរ
  • ភ្នំពេញក្រោន ២រូប៖ លឹម ពិសុទ្ធ និង ឈុំ សុខហៃ
  • កងយោធពលខេមរភូមិន្ទ ៣រូប៖ ណាត សង្ហា, ទេព ហ្វីលីប និង​ញាន សុស៊ីដាន
  • កោះកុង ១រូប៖ សារី តៃម៉ូ
  • នគរបាលជាតិ ២រូប៖ អេម ផលនិត និង នី មូស្ដាហ្វា
  • ព្រៃវែង ៤រូប៖ ស រតនា, អះមាត់ ស៊ូរីម, ចាន់ សារ៉ាពេជ្យ និង អាត អូនទូច
  • ព្រះខ័នរាជស្វាយរៀង ៣រូប៖ អ៊ាន ពិសី, នី សុខរី និង មិន រតនៈ
  • អាយ អេស អាយ ដង្កោសែនជ័យ ១រូប៖ ដោរ រូហ្សាន់
  • វិសាខា ២រូប៖ សារ ទី និង គី រីណា
  • គិរីវង់សុខសែនជ័យ ៣រូប៖ ថា ច័ន្ទឬទ្ធី, ហ៊ត ឈិនជិន និង លឹម អារុណរ៉េយមិន។ 

ចំណែកកីឡាករ ៤០តេស្ដត្រៀមប្រកួត មិត្តភាពអន្តរជាតិ MinebearMitsumi ទល់និងក្រុមជម្រើសជាតិបង់ក្លាដែស មាន៖
  • ក្លិបបឹងកេត ៦រូប៖ ហ៊ុល គឹមហ៊ុយ, ម៉ាត់ នូរុណ, សាន គឹមហេង, សេត រ៉ស៊ីប, ជា វេសលី និង ឱ ភារុណ
  • ក្លិបទ័ព ២រូប៖ ណារ៉ុង កក្កដា និងកាន់ ពិសាល
  • គិរីវង់សុខសែនជ័យ ១រូប៖ អ៊ឹម សំអូន
  • Orlando City SC ១រូប៖ ថេឡរ នីកូឡាស់ឌឿង
  • ភ្នំពេញក្រោន ៥រូប៖ យ៉ើ ម៉ូស្លីម, អ៊ន ចាន់ប៉ូលីន, ប្រាក់ ធីវ៉ា, សឿត បារាំង និង ជួន ចាន់ចាវ
  • ព្រះខ័នរាជ ស្វាយរៀង ៥រូប៖ សឿយ វិសាល, សារ៉េត គ្រីយ៉ា, គីម សុខយុទ្ធ, ឡុង ភារ៉ាត់ និង អោម ឧត្តម
  • វិសាខា ១០រូប៖ កែវ សុខសិលា, ទេសសម្បត្តិ, ទៀត គឹមហេង, កែវ សុខផេង, ស៊ិន កក្កដា, ឆេង ម៉េង, អ៊ិន សូដាវីដ, កែវ ច័ន្ទសុភក្ត្រ, អ៊ុក សុវណ្ណ និង ប៊ិន ចន្ថាធារី
  • ណាហ្គាវើលដ៍ ៣រូប៖ គួច សុគម្ភៈ, ស៊ូ យ៉ាទី និងសុះ ស៊ូហាណា
  • អគ្គិសនីកម្ពុជា ៥រូប៖ ចន្ថា ចន្ធាកា, ណុប ដេវីត, ឈួន សិនទៀត, ផាច សុជាវីឡា និង ឈឿង វិស៊ីនុ
  • ព្រៃវែង ១រូប៖ ផាន សុផេង
  • សូលទីឡូអង្គរ ១រូប៖ ជា ច័ន្ទតារា៕

Tag:
 បាល់ទាត់
  30 -15IFT Test
© រក្សាសិទ្ធិដោយ thmeythmey.com