ជាតិ
ពីនេះ ពីនោះ
ទូតអូស្តា្រលីប្រកាសដាក់ឱ្យដំណើរការគម្រោង​ «បច្ចេកវិទ្យាជលផល FishTech»​ ​នៅកម្ពុជា
02, Sep 2022 , 7:59 pm        
រូបភាព
រូបភាពពីលើអាកាសនៃ «ជណ្តើរត្រី» ស្ថិតនៅក្នុងភូមិស្នោរ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០០៦។ ជណ្ដើរត្រីនេះ ត្រូវបានរចនាប្លង់ដោយ លោក បេន អែនឌឺសុន បារ៉េច (Ben Anderson Barrage) យកលំនាំតាមទន្លេ ប៊រណេត (Burnett) នៅរដ្ឋ Queenland ប្រទេសអូស្ត្រាលី។ រូបភាព៖ ឈុត ទូច
រូបភាពពីលើអាកាសនៃ «ជណ្តើរត្រី» ស្ថិតនៅក្នុងភូមិស្នោរ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០០៦។ ជណ្ដើរត្រីនេះ ត្រូវបានរចនាប្លង់ដោយ លោក បេន អែនឌឺសុន បារ៉េច (Ben Anderson Barrage) យកលំនាំតាមទន្លេ ប៊រណេត (Burnett) នៅរដ្ឋ Queenland ប្រទេសអូស្ត្រាលី។ រូបភាព៖ ឈុត ទូច
ដោយ៖ ឈុត ទូច

កំពង់ធំ៖ រដ្ឋាភិបាលអូស្ត្រាលី ដោយសហការជាមួយរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់ជំនួយលើបច្ចេកវិទ្យាការពារត្រី ធ្វើឱ្យប្រសើរឡើងវិញនូវគុណភាពទឹកទន្លេ និងបង្កើនភាពធន់នឹងអាកាសធាតុ នៅកម្ពុជា។ នាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២ ពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង​ «បច្ចេកវិទ្យាជលផលកម្ពុជា»​ FishTech ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី បានប្រារព្វធ្វើឡើងនៅជណ្តើរត្រីស្ទឹងជីនិត ស្ថិតនៅក្នុងភូមិស្នោរ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។

 

លោក​ឯកអគ្គរាជទូតអូស្តា្រលី ឯកឧត្តម បាប្លូ កាង​ (Pablo Kang) ថ្លែងសន្ទរកថានៅក្នុង​ពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង​ ​FishTech។ រូបភាព៖ ឈុត ទូច
 
​ឯកអគ្គរាជទូតអូស្តា្រលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បាប្លូ កាង​ (Pablo Kang) បាន​ប្រកាសដាក់ឱ្យដំណើរការគម្រោង «បច្ចេកវិទ្យាជលផល»​​ ​FishTech នេះ ​ដោយមានការចូលរួមពីសាស្រ្តាចារ្យ អេនឌ្រូ ខេមបែល (Andrew Campbell) នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR), ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ, ឯកឧត្តម ឃុត សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ពុំសុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ប្រធានរដ្ឋជលផលផងដែរ។ 
ឯកឧត្តម បាប្លូ កាង​ Pablo Kang បានមានប្រសាសន៍ថា៖ «ការគ្រប់គ្រង និងការពារទឹក និងធនធានដែលពាក់ព័ន្ធ កាន់តែមានសារៈសំខាន់ខ្លាំងឡើង នៅក្នុងតំបន់នេះ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានល្បឿនលឿន កំណើនប្រជាជន និងការប្រែប្រួលអាកាសធាតុ។ ជលផល គឺជាគន្លឺះនៃសន្តិសុខស្បៀងរបស់ប្រជាជនកម្ពុជា ព្រមទាំងផ្តល់អត្ថប្រយោជន៍ការងារ និងការចិញ្ចឹមជីវិតដល់ប្រជាជនកម្ពុជា ប្រមាណពីរលាននាក់ផងដែរ។ អូស្រ្តាលី កំពុងចាប់ដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីការពារត្រី នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពទន្លេ ព្រមទាំងបង្កើនភាពធន់នឹងអាកាសធាតុ តាមរយៈគម្រោង Fish Tech នេះ»។ គម្រោង​ ​FishTech នេះ នឹងជួយសម្រួលដល់ផ្លូវត្រី ឬ «ជណ្តើរត្រី» ដើម្បីទ្រទ្រង់ការផ្លាស់ទីរបស់ត្រី នៅក្នុងប្រព័ន្ធធារាសាស្រ្ត​ និងទំនប់ទឹក ដែលនឹងនាំឱ្យផលិតកម្មជីវៈចម្រុះ និងការបង្កើតប្រាក់ចំណូលក្នុងស្រុកកាន់តែរឹងមាំផងដែរ។
 
បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការ គម្រោង FishTech នេះ នឹងគ្រប់គ្រងដោយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ដឹកនាំដោយសាស្រា្តចារ្យ Lee Baumgartner មកពីសាកលវិទ្យាល័យ Charles Sturt របស់ប្រទេសអូស្ត្រាលី។
 

សាស្រ្តាចារ្យ អេនឌ្រូ ខេមបែល (Andrew Campbell) នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) (រូបទី១ រាប់ពីឆ្វេង), ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ, ឯកឧត្តម ឃុត សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោកឯកអគ្គរាជទូតអូស្តា្រលី ឯកឧត្តម បាប្លូ កាង​  (Pablo Kang)។ រូបភាព៖ ឈុត ទូច
 
 
សាស្រា្តចារ្យ Campbell បានមានប្រសាសន៍ថា៖ «ត្រីគឺជាប្រភពប្រូតេអ៊ីនចំនួន ៦០ភាគរយ នៃចំនួនប្រូតេអ៊ីនទាំងអស់ ដែលប្រជាជនរស់នៅតាមដងទន្លេគង្គទទួលបាន។ ជាធម្មតា ប្រភេទត្រីទន្លេមេគង្គ ធ្វើចរាចរផ្លាស់ទីទៅខ្សែទឹកខាងលើនៃទន្លេមេគង្គ នារដូវប្រាំងដើម្បីពង-កូន ហើយ​ធ្វើចរាចរផ្លាស់ទីត្រឡប់ចូលមកតំបន់វាលទំនាបលិចទឹកនានាវិញ ជាពិសេស ចូលទៅក្នុងបឹងទន្លេសាប ដើម្បីបំពេញវដ្តជីវិតរបស់ពួកវា។ ការសាងសង់សំណង់នានា ដូចជា សំណង់ទំនប់ធារាសាស្រ្ត ឬទំនប់វារីអគ្គិសនី បានរារាំងផ្លូវធ្វើចរាចរផ្លាស់ទីរបស់ត្រី ទាំងទៅផ្នែកខ្សែទឹកខាងលើនៃទន្លេ និងទាំងការត្រឡប់ចុះមកខ្សែទឹកខាងក្រោមទន្លេវិញ ដែលជាការគំរាមកំហែងដល់សន្តិសុខស្បៀងក្នុងតំបន់។ ជំនួយនេះ ជាឧទាហរណ៍យ៉ាងច្បាស់ របស់រដ្ឋាភិបាលអូស្រ្តាលី ដែលធ្វើការជាមួយដៃគូតាមបណ្តាប្រទេស​ ដើម្បីផ្តល់នូវបច្ចេកវិទ្យាថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីការពារពូជត្រី និងធ្វើ​ឱ្យប្រសើរឡើងនូវគុណភាពទឹកទន្លេ នៅទូទាំងអាងទន្លេមេគង្គ។ 
 
ការស្រាវជ្រាវមុនៗ ដែលផ្តល់មូលនិធិដោយ ACIAR បានបង្ហាញថា នៅពេលដែលយើងសាងសង់ផ្លូវសម្រាប់ត្រីហែលឆ្លងកាត់បានល្អ វាបានកាត់បន្ថយផល់ប៉ះពាល់ដែលបណ្តាមកពីការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តទៅលើការផ្លាស់ទីរបស់ត្រី ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គម​របស់សហគមន៍ដែលពឹងផ្អែកលើទន្លេមេគង្គបានយូរអង្វែង។
 
គួរបញ្ជាក់ផងដែរថា តាមរយៈភាពជាដៃគូមេគង្គ-អូស្តា្រលី ប្រទេសអូស្ត្រាលីនឹងផ្តល់ជំនួយសរុបជាថវិកាចំនួន ៥លានដុល្លាអូស្រ្តាលី សម្រាប់រយៈពេល៣ឆ្នាំ (២០២២-២០២៥) ដល់​គម្រោង FishTech នេះ។ សកម្មភាពក្នុងគម្រោងនេះ ភាគច្រើនត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ព្រមទាំងមានការចូលរួមពីប្រទេសវៀតណាម និងថៃ ក្នុងវគ្គបណ្តុះបណ្តាលនានា ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com