ជាតិ
សង្គមជាតិ
សមត្ថកិច្ចទទួលបណ្ដឹងជិត១០០ ពីករណីបាត់សមាជិកគ្រួសារដែលជឿថាកំពុងនៅចម្ការលោក ខឹម វាសនា
03, Sep 2022 , 10:29 am        
រូបភាព
ស្រ្តីម្នាក់កំពុងដាក់ពាក្យបណ្ដឹងក្នុងរោងប៉ុស្ដិ៍មុខដីចម្ការរបស់លោក ខឹម វាសនា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
ស្រ្តីម្នាក់កំពុងដាក់ពាក្យបណ្ដឹងក្នុងរោងប៉ុស្ដិ៍មុខដីចម្ការរបស់លោក ខឹម វាសនា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
សៀមរាប៖ ត្រឹមថ្ងៃទី២ ខែកញ្ញា មានបណ្ដឹងសរុបជិត១០០ករណី ដែលសមាជិកគ្រួសារដែលបាត់ខ្លួន និងជឿថា អាចមកស្នាក់នៅក្នុងដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្ស LDP នៅជើងភ្នំគូលែន។

 
អភិបាលស្រុកបន្ទាយស្រី ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាថ្ងៃទី២ ខែកញ្ញា បានបញ្ជាក់ថា លោកពុំមានតួលេខជាក់លាក់ ពីចំនួនអ្នកដែលមកដាក់ពាក្យបណ្ដឹងស្វែងរកក្រុមគ្រួសារ នៅរោងប៉ុស្តិ៍សមត្ថកិច្ចនៅមុខចម្ការលោក ខឹម វាសនា ប៉ុន្មានឱ្យជាក់លាក់ទេ តែអាចខ្ទង់១០០ករណីដែរ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកញ្ញា។ លោកបន្តថា អ្នកខ្លះបានបាត់សមាជិកគ្រួសារ ដោយអះអាងថា បានមកតាមការអូសទាញពីគ្រូ ខ្លះក្នុងរូបភាពប្ដីប្រពន្ធចាប់បង្ខាំងក្នុងដីចម្ការជាដើម។ 


លោក ឃឹម ហ្វីណង់ កំពុងពេលចុះបំពេញការងារនៅមុខដីចម្ការរបស់លោក ខឹម វាសនា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
 
«តាមផ្លូវច្បាប់ គឺយើងមានក្រុមការងារទទួលពាក្យបណ្ដឹងរួចហើយ នៅទីកន្លែងផ្ទាល់ ហើយសួរថាតើយើងមានចំណាត់ការយ៉ាងណាទៀត? ឥឡូវនេះយើងមានការផ្តល់ការសម្របសម្រួល ដើម្បីឱ្យអ្នកដែលគាត់ស្វែងរកក្រុមគ្រួសារគាត់នោះ អាចផ្តល់ព័ត៌មានចូលទៅក្នុងតំបន់ដែលជាការប្រមូលផ្ដុំ ហើយយើងធ្វើឡើងកម្រិតមានព្រំដែនកំណត់នៅឡើយទេ ដោយសារការប្រមូលផ្ដុំនេះគ្នាច្រើន នៅច្របូកច្របល់នៅឡើយ»។ នេះជាការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ ដោយបន្តថា អាជ្ញាធរនឹងព្យាយាមធ្វើយ៉ាងណាឱ្យពលរដ្ឋទាំងនោះអាចជួបជុំសមាជិកគ្រួសារឡើងវិញ ហើយក្នុងករណីមានការបង្ខាំងឬយ៉ាងណានោះ សមត្ថកិច្ចនឹងមានចំណាត់ការជាក់ស្ដែងទៀត។
 
យ៉ាងណាមិញ អភិបាលស្រុកបន្ទាយស្រីបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងចម្ការបន្តចាកចេញជាបន្តបន្ទាប់ និងមានចំនួនកាន់តែច្រើនឡើងគួរឱ្យកត់សម្គាល់ ដោយមានការរុះរើតង់ និងរោងផងដែរ៕
 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ឃឹម ហ្វីណង់ ដូចតទៅ ៖
 

Tag:
 ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com