កីឡាជាតិ
ជាតិ
ស្ដាប់​ហេតុ​ផល​ក្លិប​ក្នុង​លីកចំនួន​៣ដែល​មិន​មាន​កីឡាករ​បរទេ​ស
31, Jan 2014 , 9:34 am        
រូបភាព
ក្រុម​កីឡាករសាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប។ រូបថត CAM photo agency
ក្រុម​កីឡាករសាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប។ រូបថត CAM photo agency
ដោយ:
នៅ​ក្នុង​ថ្ងៃ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​មិត្ត​ហ្វូ​នខេម​បូឌាន​លីក ២០១៤ កាល​ពី​សប្ដាហ៍​មុន មាន​ក្រុម ៣ រួម​មាន ក្រសួងកា​រពារ​ជាតិ, គីរីវង់​សុខសែ​នជ័យ ​និង សា​កល​វិទ្យាល័យ​​អាស៊ី​អឺរ៉ុប ដែល​អ្នក​គាំទ្រ​សង្កេត​ឃើញ​ថា​មិន​មាន​ប្រើប្រាស់​កម្លាំង​ជា​​កីឡាករ​បរទេស ដើម្បី​ប្រកួត​ប្រជែង​ដូច​ក្រុម​ដទៃ​ផ្សេង​ទៀត។



លោ​ក អ៊ុព សំអាន អ្នក​ចាត់​កា​រទូទៅ​ក្រុម​ក្រសួង​កា​រពារ បាន​ប្រាប់​ថា៖«មិន​មែន​ខ្ញុំ​មិន​ចង់​បាន​ទេ ប៉ុន្ដែ​ក្លិប​យើង​មិន​មាន​ចេតនា​បន្ថែម​កីឡាករ​បរទេស​នោះ​ទេ។ កីឡាករ​បរទេស​គេ​​ទាមទារ​ប្រាក់​ខែ​ច្រើន ហើយ​បើ​យើង​យក​ប្រាក់​ទាំង​នោះ​មក​បណ្ដុះ​កូន​ខ្មែរ​វិញ​បាន ២ ឬ ៣ នាក់​ឯណោះ»។


បើទោះជា​គ្មាន​កីឡាករ​បរទេស ប៉ុន្ដែ​លោក អ៊ុព សំអាន ក៏​តែ​មាន​ឆន្ទះ​ដឹកនាំ​ក្រុម​ដើម្បី​ប្រជែង​យក​ពាន​រង្វាន់​ណា​មួយ​ក្នុង​ចំណោម លីក ក៏ដូចជា Hun Sen Cup ដោយ​សំអាង​ទៅ​លើ​កីឡាករ​របស់​លោក​មាន​សមត្ថភាព​មិន​ចាញ់​កីឡាករ​បរទេស​នោះ​ទេ។

ចំណែក​លោក ប៊ុន សម្បត្តិ គ្រូ​បង្វឹក​របស់​ក្រុម​អាស៊ី​អឺរ៉ុប វិញ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា៖ «លាក់​បាំង​អី​ឆ្នាំ​នេះ​ក្រុម​យើង​មាន​ខ្ទង់​ចំណាយ​តិច ហើយ​កីឡាករ​បរទេស​​គេ​ទាមទារ​ប្រាក់​ខែ​ខ្ពស់​ពេក»។ យ៉ាង​ណា​ក៏​ដោយ​លោក​គ្រូ​បង្វឹក​រូប​នេះ​ចង់​ប្រើប្រាស់​ធនធាន​ក្នុង​ស្រុក​ដែល​មាន​ឱ្យ​អស់​សិន​ទើប​សម្រេច​ចិត្ត​រក​កីឡាករ​បរទេស​បន្ថែម ឬ មិន​យក។  
ចំពោះ​លោក ឯម សុវ​ណ្ណារ៉ា អ្នក​ចាត់ការទូទៅ​ក្លិប​គីរីវង់​សុខ​សែនជ័យ​ ឯ​ណោះ​វិញ​បាន​ប្រាប់​ថា៖ «តាម​ពិត​មិន​មែន​យើង​មិន​យក​កីឡាករ​បរទេស​នោះ​ទេ ប៉ុន្ដែ​កីឡាករ​បរទេស​​ដែល​លេង​នៅ​ស្រុក​ខ្មែរ​គឺ​រក​អ្នក​មាន​សមត្ថភាព​មិន​បាន។ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុន​យើង​នឹង​ធ្វើ​តេស្ដ​កីឡាករ​បរទេស​ចំនួន ៣ នាក់ មាន​២ នាក់​ជា​ជនជាតិ​ប្រេស៊ីល មក​ពី​ថៃ ម្នាក់ និង មក​ពី​រៀតណាម​ម្នាក់ និង ម្នាក់​​ទៀត​ជា​ជន​ជាតិ​នីហ្សេរីយ៉ា មក​ពី​ប្រទេស​គេ​ផ្ទាល់​តែ​ម្ដង»៕





© រក្សាសិទ្ធិដោយ thmeythmey.com