កីឡាជាតិ
ជាតិ
ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ៖ ត្រូវប្រឹងដើម្បីជោគជ័យទាំងការប្រកួត និងការរៀបចំក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម
04, Sep 2022 , 9:29 am        
រូបភាព
សិក្ខាកាម ដែលបានចូលរួមរៀនវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុ កម្រិតអន្តរជាតិ។ រូបពី សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា
សិក្ខាកាម ដែលបានចូលរួមរៀនវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុ កម្រិតអន្តរជាតិ។ រូបពី សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា
ដោយ:
លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានលើកទឹកចិត្តកីឡាករ-កីឡាការិនីឲ្យបន្តប្រឹងប្រែងហ្វឹកហាត់ត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ លោកមានប្រសាសន៍បែបនេះ នាពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសអាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុកម្រិតអន្តរជាតិ កាលពីថ្ងៃទី៣១ ខែសីហា។

 
វគ្គបណ្តុះបណ្តាលបច្ចេកទេសអាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុ កម្រិតអន្តរជាតិ មានសិក្ខាកាមចូលរួមចំនួន៩រូប ដោយប្រព្រឹត្តទៅរយៈពេល៥ថ្ងៃនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ វគ្គនេះ មានការចែករំលែកពីសំណាក់លោកស្រី Rachel DL Ramos ជនជាតិហ្វីលីពីន ដែលជាចៅក្រមអាជ្ញាកណ្តាលអន្តរជាតិ នៃសហព័ន្ធកីឡាកីឡាវាយកូនឃ្លីលើតុអន្តរជាតិ(ITTF)។
 
ក្រៅពីវាយតម្លៃទាក់ទងនឹងវគ្គបណ្តុះបណ្តាល លោក គៀត ច័ន្ទថារិទ្ធ បាននិយាយលើកទឹកចិត្តដល់ក្រុមកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុ ឲ្យបង្កើនការហ្វឹកហាត់ត្រៀមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា រូបនេះ បានគូសបញ្ជាក់ថា៖ «ប្រសិនបើការខិតខំនេះ ដណ្តើមបានមេដាយជូនជាតិ គឺជាជោគជ័យមួយ។ ប្រសិនបើមិនដណ្តើមបានមេដាយទេ គឺត្រូវតែទទួលបានជោគជ័យមួយទៀត គឺការរៀបចំ ដោយសារកម្ពុជាជាម្ចាស់ផ្ទះ ដូច្នេះកុំឲ្យគេថាមិនជោគជ័យទាំងពីរ គឺយ៉ាប់មែនទែន»។
 
ជាមួយគ្នានេះផងដែរ លោកក៏បានទទួលស្គាល់ថា សមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជានៅមានកម្រិត បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានាក្នុងតំបន់។ ប៉ុន្តែការរៀបចំ កុំឲ្យចាញ់គេ ដោយត្រូវតែខិតខំប្រឹងប្រែងធ្វើការរៀបចំឲ្យបានល្អជាងគេ។ ដូច្នេះ ជោគជ័យរបស់កីឡាវាយកូនឃ្លីលើតុ មានពីរគឺ បើមិនជោគជ័យ១ គឺត្រូវជោគជ័យ១ ដើម្បីលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក្នុងការរៀបចំនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com