អត្ថបទពាណិជ្ជកម្ម
កម្មវិធីសប្បុរសធម៌ធនាគារ​ HH BANK លើកទី៣ ប្រធានបទ «រួមគ្នាលើកកម្ពស់ជីវភាពកុមារកំព្រានៅកម្ពុជាឱ្យកាន់តែប្រសើរ»
05, Sep 2022 , 9:47 am        
រូបភាព
ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២៖ ធនាគារ​​ HH Bank បានដឹកនាំបុគ្គលិកប្រមាណ១០០នាក់ ជាមួយនឹងសម្ភារសិក្សា និងសម្ភារប្រើប្រាស់់ ឧបត្ថម្ភដល់កុមារកំព្រាទាំងអស់ នៅមណ្ឌលមែកឈើ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។


 
នេះគឺជាកម្មវីធីសប្បុរសធម៌លើកទី៣ហើយ ដែលធនាគារ HH Bank រៀបចំឡើងដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់កុមារកម្ពុជា ក្នុងនោះកាលពីឆ្នាំ២០២១ ធនាគារបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ហើយកាលពីដើមឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ធនាគារបានរៀបចំយុទ្ធនាការបរិច្ចាគឈាម​ និងឧបត្ថម្ភថវិកាជូនមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា ។ ដោយឡែកកម្មវិធីសប្បុរសធម៌លើកទី៣ នេះ ធនាគារបានផ្តោតលើការទ្រទ្រង់កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាននូវការទំនុកបំរុងគ្រប់គ្រាន់ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរ។


 
បន្ទាប់ពីទទួលបានដំណឹង អំពីភាពខ្វះខាតរបស់កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលមែកឈើ ដែលសព្វថ្ងៃមានកុមារកំព្រា ជាង១២០នាក់ រស់នៅដោយជួបផលលំបាក តាមរយៈការបង្ហោះលើផេករបស់ លោកប្រធានមណ្ឌលមែកឈើ លោក​ Phalla Phorn  ភ្លាមនោះ​ លោក ឈន់ សកល នាយកនាយកដ្ឋានផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផលនៃធនាគារ​ HH BANK បានចាត់ចែងក្រុមការងារចុះទៅត្រួតពិនិត្យផ្ទាល់ដល់មណ្ឌលមែកឈើ ហើយក៏រៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។ អគ្គនាយកធនាគារ HH BANK លោក Jason Wong Ling Chung បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដែលបានចូលរួមចំណែកក្នុងកិច្ចការងារជួយសង្គម ហើយជាពិសេសឃើញស្នាមញញឹមរបស់កុមារទាំងអស់នៅទីនេះ ដែលទទួលបានសម្ភារសិក្សា សម្ភារប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយនេះជាកត្ដាជំរុញឱ្យធនាគារនៅតែបន្ដ​ ខិតខំ និងរួមចំណែកក្នុងកម្មវីធីសប្បុរសធម៌ »។
 


លោក ភាន់ ផល្លា ប្រធានមណ្ឌលមែកឈើ បានថ្លែងថា៖ «ថ្ងៃនេះជាថ្ងៃមួយដ៏អស្ចារ្យដែលកុមារកំព្រារទាំងជាង១២០នាក់ នៅក្នុងមណ្ឌល ដែលបានធនាគារ HH Bank នាំមកជូននូវ​ ថវិកា១៤លានរៀល រួមទាំងមានសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដូចជាទូទឹកកក សៀវភៅសិក្សា សាប៊ូប្រើប្រាស់ប្រចាំថ្ងៃដូចជាសាប៊ូបោកខោអាវ កក់សក់ សាប៊ូដុសខ្លួន និងសង់សួនបន្លែដែលមានគ្រាប់ពូជដំណាំ សម្រាប់អោយមណ្ឌលដាំដុះសម្រាប់បរិភោគ។ ក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ របស់ធនាគារHH Bank ក៏ដូចជាថ្នាក់គ្រប់គ្រងធនាគារ និងបុគ្គលិកទាំងអស់ជាខ្លាំង ហើយក៏សំណូមពរឱ្យក្រុមហ៊ុន ក៏ដូចជាធនាគារផ្សេងទៀតចូលរួមកម្មវីធីសប្បុរសធម៌ឱ្យបានច្រើន ដូចធនាគារ HH Bank ផងដែរ ព្រោះពួកគេក៏ត្រូវការភាពកក់ក្តៅ និងទំនុកបម្រុងដូចក្មេងដទៃដែរ»។


 
បន្ទាប់ពីសម្ដែងរបាំ កុមារី ចន្ទ លិតា ដែលរស់នៅក្នុងមណ្ឌលនេះ បានបញ្ចេញអារម្មណ៍យ៉ាងរំភើបថា៖ «ខ្ញុំពិតជារំភើបជាខ្លាំង​ ដោយលែងបារម្ភថា គ្មានសាប៊ូប្រើ គ្មានសៀវភៅរៀន​ទៀតហើយ អរគុណដល់ធនាគារ HH Bank ដែលបានផ្តល់ភាពកក់ក្តៅដល់ពួកយើង ហើយពួកខ្ញុំចង់ឃើញពូៗមីងៗ មកលេងទីនេះឱ្យបានញឹកញាប់ »។


 
ក្រៅពីឧបត្ថម្ភសម្ភារសិក្សា និងសម្ភារប្រើប្រាស់ ធនាគារ HH Bank ក៏បានឧបត្ថម្ភផងដែរនូវសួនបន្លែធម្មជាតិ ដែលមានការចូលរួមដាំដុះដោយថ្នាក់គ្រប់គ្រងដោយផ្ទាល់ ដើម្បីផ្តល់ជាអាហារទំនុកបំបម្រុងបន្ថែមក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់មណ្ឌលលើការទិញម្ហូបអាហារសម្រាប់កុមារ។


 
គួរបញ្ជាក់ថា ធនាគារ HH BANK មានទីស្នាក់កាលកណ្តាលនៅទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ អាគារលេខ #៦៤ វិថីព្រះនរោត្តម កែងផ្លូវ ១៧៨ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលគ្រប់គ្នាបានស្គាល់ថាជាធនាគារពាណិជ្ជថ្មីមួយ ជាមួយសេវាកម្មប្រាក់កម្ចី និងប្រាក់បញ្ញើ​​​ ប្រកបដោយភាពរួសរាយរាក់ទាក់ និងរហ័សទាន់ចិត្ត ជាមួយផែនការពង្រីកសាខាជាច្រើននៅរាជធានី និងតាមបណ្តាខេត្តក្រុងនាពេលឆាប់ៗខាងមុខនេះ៕
 
(អត្ថបទពាណិជ្ជកម្ម)


 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com