អន្តរជាតិ
កូរ៉េខាងត្បូង ត្រៀមខ្លួនទប់ទល់ព្យុះទីហ្វុង Hinnamnor ដ៏ខ្លាំងមិនធ្លាប់មាន
05, Sep 2022 , 2:29 pm        
រូបភាព
ទូកជាច្រើនចូលចតនៅកំពង់ផែ Pohang មុនព្យុះទីហ្វុង Hinnamnor ទៅដល់។ រូបថត AFP
ទូកជាច្រើនចូលចតនៅកំពង់ផែ Pohang មុនព្យុះទីហ្វុង Hinnamnor ទៅដល់។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 

កូរ៉េខាងត្បូង កំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះទីហ្វុងឈ្មោះ Hinnamnor ដែលកំពុងរំកិលខ្លួនមកដល់ប្រទេសនេះជាបណ្តើរៗហើយ។--
 
ព្យុះទីហ្វុង Hinnamnor  ជាព្យុះដែលមានកម្លាំងខ្លាំងបំផុតដែលបោកបក់លើកូរ៉េខាងត្បូង។ ព្យុះនេះ ត្រូវបានព្យាករណ៏ថា នឹងទៅដល់ប្រទេសនេះនៅថ្ងៃទី៥ ខែកញ្ញា។ មកទល់ពេលនេះ កូរ៉េខាងត្បូងរងភ្លៀងធ្លាក់ និងខ្យល់បក់យ៉ាងខ្លាំងនៅតាមតំបន់មួយចំនួននៅភាគខាងត្បូងប្រទេស ដែលជាសញ្ញានៃការទៅដល់របស់ព្យុះទីហ្វុងនេះ។
 
ទន្ទឹមនេះ ទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងវិធានការសុវត្ថិភាពរបស់កូរ៉េខាងត្បូងនៅថ្ងៃទី៤ ខែកញ្ញា បង្កើនកម្រិតប្រកាសអាសន្នអំពីព្យុះទីហ្វុងដល់កម្រិតខ្ពស់បំផុតនៅទូទាំងទីក្រុងភាគខាងត្បូងនៃប្រទេសមានដូចជាទីក្រុងក្វាងជូ ទីក្រុងប៊ូសាន ទីក្រុងដេហ្គូ និងទីក្រុងអ៊ុលសាន។
 
យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) គិតត្រឹមម៉ោង៥ព្រឹកនៅថ្ងៃទី៥ ខែកញ្ញា ព្យុះទីហ្វុងទី១១នៅកូរ៉េខាងត្បូងឆ្នាំនេះ ស្ថិតនៅចម្ងាយ៥៥០គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុង Seogwipo នៃកោះជេជូ ដោយផ្លាស់ទីក្នុងល្បឿន២២គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលឿនជាងការប៉ាន់ស្មានពីមុនដែលត្រឹមតែ ១២គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ព្យុះទីហ្វុងនេះត្រូវបានចាត់ថ្នាក់ថាជាព្យុះទីហ្វុងកម្រិតខ្លាំងណាស់ ដែលមានល្បឿនខ្យល់អតិបរមា៤៩ម៉ែត្រក្នុងមួយវិនាទី។
 
បន្ទាប់ពីបោកបក់កាត់កោះជេជូ ព្យុះទីហ្វុង Hinnamnor ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់ដល់ទីក្រុងកំពង់ផែភាគខាងត្បូងប៊ូសាន នៅម៉ោង៩ព្រឹកថ្ងៃទី៦ ខែកញ្ញា។
 
KMA ក៏បាន​ព្រមានពីការធ្លាក់​ភ្លៀង​​ខ្លាំង​នៅ​គ្រប់​ផ្នែក​នៃ​ប្រទេស​រហូត​ដល់​ថ្ងៃ​ទី៦ ខែកញ្ញា ដោយរំពឹងថា នឹងមានជំនន់ទឹកភ្លៀងចន្លោះពី១០០មីលីម៉ែត្រទៅ៣០០មីលីម៉ែត្រនៅថ្ងៃទី៥ និង៦ ខែកញ្ញា ហើយព្យុះទីហ្វុងនេះក៏អាចមានខ្យល់បក់ខ្លាំងផងដែរ ដោយមានល្បឿនខ្យល់អតិបរមាពី៤០ទៅ៦០ម៉ែត្រក្នុងមួយវិនាទីនៅកោះជេជូ និងនៅតាមតំបន់ឆ្នេរផ្នែកខាងក្រោមផ្សេងទៀតនៅចន្លោះយប់ថ្ងៃទី៥ និងទី៦ ខែកញ្ញា។ 
 
ទាក់ទងនឹងបញ្ហានេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី៥ ខែកញ្ញា និយាយថា​ លោកនឹងនៅប្រចាំការតែម្ដងនៅពេលដែលព្យុះទីហ្វុង Hinnamnor ដ៏ខ្លាំងនេះបានចូលមកដល់ប្រទេសជាបណ្តើរៗ។ លោក យូន អះអាងថា រដ្ឋាភិបាលនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន ហើយក៏បាន​ណែនាំ​​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់វិធានការ​មុន ​និង​រាយការណ៍​ពេលក្រោយ​ដើម្បី​កាត់បន្ថយ​ការខូចខាត​ពីព្យុះនេះផងដែរ។
 
លើសពីនេះ រដ្ឋាភិបាលផ្តល់ណែនាំឱ្យសាលារៀនឈប់សម្រាក ឬប្តូរការរៀនតាមអនឡាញវិញហើយឱ្យក្រុមហ៊ុនឯកជនមានការកែសម្រួលម៉ោងធ្វើការនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ដែលជាពេលដែលព្យុះទីហ្វុង Hinnamnor ត្រូវបានគេរំពឹងថានឹងមកដល់។
 
នៅដើមខែសីហា កូរ៉េខាងត្បូងទទួលរងគ្រោះទឹកជំនន់ដ៏ខ្លាំងដែរនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញ ដែលបណ្តាលឱ្យមនុស្ស១៦នាក់ស្លាប់ ឬបាត់ខ្លួន និងជន់លិចផ្ទះសម្បែង និងអគារជាង២៥០០ខ្នង។កម្រិតទឹកភ្លៀងដែលធ្លាក់ជោគជាំលើតំបន់ទាំងនោះមានដល់ទៅជាង៥២៥​មីលីម៉ែត្រ៕
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com