ជាតិ
សង្គមជាតិ
អ្នកស្រី គង់ ចាន់ថូ៖«សូមឈប់វាយប្រហារកូនខ្ញុំ គាត់ជាជនរងគ្រោះទេ»
05, Sep 2022 , 2:59 pm        
រូបភាព
អ្នកស្រី គង់ ចាន់ថូ ម្ដាយក្មេងស្រី ពេជ្រនី
អ្នកស្រី គង់ ចាន់ថូ ម្ដាយក្មេងស្រី ពេជ្រនី
សៀមរាប៖​ ​ អ្នកស្រី គង់ ចាន់ថូ ​ដែលជាម្ដាយរបស់យុវតីដែលបានចាកចេញពីផ្ទះប្រមាណ៧ខែ មករស់នៅក្នុងចម្ការលោក ខឹម វាសនា នាជើងភ្នំគូលែន បានស្នើឱ្យសាធារណជនបញ្ឈប់ការរិះគន់ និងប្រើពាក្យសម្តីវាយប្រហាលើកូនស្រីខ្លួន។ ការស្នើសុំរបស់អ្នកម្តាយរូបនេះ គឺបន្ទាប់ពីកូនស្រីខ្លួន  រងព្យុះតិះដៀល ខឹងសម្បារពីមហាជន បន្ទាប់ពីនាងបានចេញពីវីដេអូ និងសំណេរបកស្រាយពីដើមចមនៃការសម្រេចចិត្តចាកចេញពីផ្ទះ​។

 
​សម្រាប់អ្នកស្រី គង់ ចាន់ថូ សំណេរ ឬការនិយាយ​ក្នុងវីដេអូទាំងនោះ មិនមែនកើតចេញពីទឹកចិត្តផ្ទាល់របស់កូនអ្នកស្រីខ្លួនឡើយ ពោលអាចមានអ្នកបង្ខិតបង្ខំពីក្រោយ។ «រាល់សារ ដែលកូនបាននិយាយ ថាគាត់មិនមានអ្នកបង្ខិតបង្ខំទេ ទៅ[ចេញពីផ្ទះ] ដោយខ្លួនគាត់ ប៉ុន្តែសភាពកូនខ្ញុំនៅផ្ទះ គឺនាងមានសភាពល្អណាស់ មិនដូចអ្វីដែលនិយាយ[ក្នុងវីដេអូ] នោះទេ ។ ដូច្នេះនាងខ្ញុំសោកស្ដាយ ការណ៍ដែលគាត់និយាយមិនមែនជាទឹកចិត្តពិតរបស់គាត់ទេ ក្នុងន័យមានអ្នកបង្ខិតបង្ខំ ពីព្រោះមើលកែវភ្នែកគាត់មានសភាពមិនធម្មតា មិនប្រក្រតី បានន័យថាកូនខ្ញុំមានការរារាំង ឬការបង្ខិតបង្ខំពីក្រុមណាមួយ ដែលឱ្យគាត់និយាយរបៀបនេះ ព្រោះអីកូនខ្ញុំជាក្មេងល្អ។ នាងមិនដែលធ្វើឱ្យគ្រួសារមានការពិបាក ក្នុងការទូន្មានទេ»។ នេះជាការទួញសោករបស់អ្នកស្រី គង់ ចាន់ថូ វ័យ៤៧ឆ្នាំ រស់នៅស្រុកស្ទោង ខេត្តកំពង់ធំ។


អ្នកស្រី គង់ ចាន់ថូ ដែលបានមកស្វែងរកកូនស្រីដែលចាកចេញពីផ្ទះអស់រយៈពេល៧ខែ មករស់នៅក្នុងចម្កាលោក ខឹម វាសនា នៅជើងភ្នំគូលែន។
 
ដៃជាប់ស៊ីរ៉ូម ក្រោយអស់កម្លាំងដោយសារឡើងចុះទៅចម្ការរបស់លោក ខឹម វាសនា ជាង១០ថ្ងៃមកហើយ ដើម្បីទន្ទឹងរង់ចាំកូនស្រីដែលមានវ័យ១៨ឆ្នាំ អ្នកស្រីបញ្ជាក់ថា មិនជឿរាល់ពាក្យសំដីដែលចេញតាមបណ្ដាញសង្គមឡើយ គឺទាល់តែបានជួបកូនស្រីផ្ទាល់។ អ្នកស្រីថា៖«យ៉ាងណាទាល់តែនាងបានជួបនឹងខ្ញុំ ទើបខ្ញុំទទួលយកការពិតបាន។ តែត្រឹមបង្ហោះក្នុងបណ្ដាញសង្គម មិនអាចទទួលយកបានទេ»។ 
 
ក្រៅពីបដិសេធមិនទទួលស្គាល់ សារ និងវីដេអូ របស់កូនស្រីបែបនេះហើយ អ្នកស្រី គង់ ចាន់ថូ ក៏សុំឱ្យមហាជនឈប់ជេរស្ដីដល់កូនស្រីខ្លួនផងដែរ ដោយបញ្ជាក់ថា កូនស្រី និងគ្រួសាររបស់ខ្លួនគឺជាជនរងគ្រោះតែប៉ុណ្ណោះ ហើយអ្នកស្រីមានការបារម្ភពីកូនកាន់តែខ្លាំង ក្រោយឃើញភាពមិនប្រក្រតីរបស់កូនតាមរយៈសារ និងវីដេអូដែលចេញមកម្ដងៗ។ អ្នកស្រី គង់ ចាន់ថូ៖« គ្រួសារខ្ញុំ ទាំងម្ដាយ និងកូនស្រីខ្ញុំពេជ្រនី គឺជាជនរងគ្រោះដូចគ្នា។ ដូច្នេះឃ្លីបចេញនីមួយៗសូមបងប្អូនមហាជនទាំងអស់ ក៏ដូចជាសង្គមហ្វេសប៊ុក សូមពិចារណាឡើងវិញ កុំវាយប្រហារទៅលើកូនស្រីរបស់ខ្ញុំ ព្រោះនាងក៏ជាជនរងគ្រោះដែរ»។ 
 
ពេជ្រនី អាយុ១៨ឆ្នាំ ជាកូនស្រីពៅ មានបងប្អូន៣នាក់ (ប្រុស២) ក្នុងគ្រួសារជាអ្នករកស៊ីធូរធារមួយ នាស្រុកស្ទោង ខេត្តកំពង់ធំ។ នាងត្រូវបានគ្រួសារអះអាងថា បានបាត់ពីផ្ទះនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ គឺមានរយៈពេល៧ខែហើយ ដោយមិនដឹងមូលហេតុ។  ពេលបាត់ខ្លួនដំបូង គ្រួសារនេះមិនដឹងថាកូនស្រីនៅទីណាទេ និងព្យាយាមស្វែងរកគ្រប់ទិសទី និងគ្រប់មធ្យោបាយ ទាល់តែឃើញរូបភាពក្នុងឡាយវីដេអូរបស់លោក ខឹម វាសនា នាចុងខែ សីហា ទើបដឹងថា កូនខ្លួនជឿតាមការអូសទាញ សុខចិត្តរស់នៅឆ្ងាយគ្រួសារ ដោយសារតាមគណបក្ស LDP។


គ្រួសារបន់អ្នកតាឲ្យពេជ្រនី ឆាប់ចេញពីចម្ការលោក ខឹម វាសនា
 
ជាក្មេងរៀនសូត្រពូកែមួយរូប ពេជ្រនី ត្រូវបានគ្រួសារអះអាងថា ជាក្មេងល្អ ស្លូតបូត គោរពឪពុកម្ដាយ បងប្អូន រួមនិងអ្នកជិតខាងគ្រប់គ្នា។ នាងគិតតែពីការរៀនសូត្រតែប៉ុណ្ណោះ រហូតជាប់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ នៅរាជធានីភ្នំពេញ។ គេអាចដឹងចំណុចនេះបាន តាមរយៈបន្ទប់គេងនាង។ ក្រដាសមេរៀនរាប់សិបផ្ទាំងមានបិទតាមជញ្ជាំងជុំវិញបន្ទប់គេង មុខបន្ទប់ទឹកក៏មិនចន្លោះដែរ។ សៀវភៅរាប់សិបក្បាល និងសម្ភារជាច្រើនក្នុងបន្ទប់គេងក្មេងស្រី ពេជ្រនី ត្រូវបានទុកដាក់យ៉ាងមានរបៀប តែបាត់ម្ចាស់ដែលធ្លាប់នៅជាមួយមិនដែលឃ្លាតឆ្ងាយ។ 
 
អ្នកជិតខាងទទួលយកមិនបានចំពោះការប្រែប្រួលអត្តចរិតក្មេងស្រី ពេជ្រនី
 
អ្នកស្រី ប៉ាត់ ឆេងលន ជាអ្នកជិតខាងរបស់គ្រួសារអ្នកស្រី គង់ ចាន់ថូ។ អ្នកស្រីមានអារម្មណ៍សោកស្ដាយជាខ្លាំង ចំពោះការប្រែប្រួលអត្តចរិតក្មេងស្រី ពេជ្រនី និយាយមើលងាយគ្រួសារ ខុសពីមុនដែលនាងមានចរិតស្លូតបូត សុភាពរាប់សា រាក់ទាក់ និងមិនចេះដើរលេងផ្ដេសផ្ដាស ខិតខំតែរៀនសូត្រតែប៉ុណ្ណោះ។ ចំណែកគ្រួសារវិញ ត្រូវបានអ្នកស្រី ប៉ាត់ ឆេងលន អះអាងថា ស្លូត និងស្រឡាញ់ថ្នាក់ថ្នមកូនស្រីតែមួយនេះជាខ្លាំង មិនដែលធ្វើឱ្យទើសចិត្តឡើយ។ 
 
«មិនដឹងក្មួយស្ដាប់ពាក្យគេក៏មិនដឹង តែក្មួយត្រូវដកពាក្យវិញ មិនត្រូវស្ដាប់ពាក្យអ្នកដទៃជាងម្ដាយយើងទេ។ ឡាយមកសុទ្ធតែថា គ្រួសារគាបសង្កត់ មិនត្រូវទេ គ្រួសារនេះស្រឡាញ់ថ្នាក់ថ្នមកូនណាស់ លុយក៏មានចាយ តាមចិត្តកូន មានកូនស្រីតែមួយ ម្ដាយណាមិនស្រឡាញ់កូន។ ក្មេងនេះល្អណាស់ ដល់តែចេញមកអ៊ីចឹង អ្នកណាមិនយំ អ្នកណាមិនស្រណោះ គ្រាន់តែវាឡាយ ខ្ញុំយំ២-៣ដងហើយ ខ្ញុំអាណិតម្ដាយឪពុក»។ នេះជាការរៀបរាប់របស់អ្នកស្រី ប៉ាត់ ឆេងលន។
 
ក្រៅពីសុំឱ្យក្មេងស្រី ពេជ្រនី ឈប់ជឿសំដីអូសទាញគេហើយ ស្រ្ដីខាងលើ ក៏សំណូមពរទៅលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលអ្នកស្រីជឿថា បានអូសទាញក្មេងស្រី ពេជ្រនី ដោះលែងក្មេងស្រីរូបនេះ វិលមកជួបគ្រួសារវិញផងដែរ។ អ្នកស្រី ឆេងលន៖« ស្រណោះដល់ម្ដាយឪពុកគ្នាផង កូនតែមួយ ខ្ញុំសូមសំណូមពរឱ្យគាត់ដោះលែងពេជ្រនីមក ព្រោះម្ដាយឪពុកគ្នានេះស្រឡាញ់កូនណាស់ គ្នាមានតែកូនស្រីតែមួយទេ»។
 
អ្នកជិតខាងមួយទៀត គឺអ្នកស្រី សំ អឿន៖«ខ្ញុំមិនដឹងថា នៅខាងក្នុងនោះគេបង្រៀនគាត់ ឬបង្ខិតបង្ខំគាត់ឱ្យនិយាយឬយ៉ាងណាទេ ពេជ្រនីដែលខ្ញុំស្គាល់ និងឥឡូវ គឺវាខុសគ្នាដាច់ ខុសទទួលយកអត់បាន ចង់និយាយថាក្មេងពីមុនវាសុភាពគិតពីការសិក្សារៀនសូត្រ អត់ចេះមានដើរហើរអីទេ ដឹងតែរៀន ហើយរឿងថាម៉ែឪគាបសង្កត់ មិនអ៊ីចឹងទេ គាត់ស្រឡាញ់លើកស្ទួយ សឹងថាដូចកែវ អត់មានថាធ្វើអីឱ្យទាស់ចិត្តអត់មានទេ ហើយកូននោះក៏មិនដែលឱ្យម្ដាយពិបាកចិត្តដែរ រហូតដល់ថ្ងៃបាត់ខ្លួន សូម្បីខ្ញុំជាអ្នកជិតខាងក៏ស្ដាយ ក៏ជួយរកដែរ»។


យុវតី ពេជ្រនី (រូបទី២ រាប់ពីឆ្វេង​) ថតរូបជបជុំគ្រួសារ មុនចុះចោលផ្ទះ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
 
រីឯអ្នកស្រី យ៉ុង អេង អាយុ៥០ឆ្នាំ ចាត់ទុកជាអ្នកស្និទ្ធមួយរូប ជាមួយគ្រួសារពេជ្រនី ផងដែរ។ ពេជ្រនី ធ្លាប់លេង និងគេងក្នុងតូបលក់របស់អ្នកស្រីតាំងពីតូចៗមក ហើយអ្នកស្រី ចាត់ទុកនាងដូចជាកូនស្រីម្នាក់ដូច្នោះដែរ។ 
 
អ្នកស្រី យ៉ុង អេង​ និយាយលាយទឹកភ្នែក ដោយស្រណោះ និងអាណិតក្មេងស្រី ពេជ្រនី និងគ្រួសារយ៉ាងដូច្នេះថា៖«ខ្ញុំអាណិតរូបវា ដែលជាមនុស្សល្អ ដល់តែនិយាយដូច្នេះមកខ្ញុំសោកស្ដាយណាស់ សោកស្ដាយក្មេងអីដឹងពាក្យ ដឹងជាគេនៅពីក្រោយខ្នង ដឹងជាគេបញ្ជាយ៉ាងម៉េច បានទៅនិយាយដូច្នេះ បើថាពាក្យវាពិត គឺមិនមែនទេ។ ខ្ញុំយល់ថា អ្នកណាហើយបានគ្រប់គ្រងក្មេងនេះ សូមឱ្យជួយជូនក្មេងនេះមកវិញចុះ សូមឱ្យជួបមុខម្ដាយចុះ ខ្ញុំសូមសំណូមពរថ្នាក់ដឹកនាំ ដែលដឹកនាំប្រទេស សូមជួយវែកញែករឿងនេះ រកយុត្តិធម៌ជូនគាត់ផង»។
 
ក្នុងវីដេអូរយៈពេល២.៥០នាទី ដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកនាយប់ថ្ងៃទី៣ ខែកញ្ញា ក្មេងស្រី ពេជ្រនី បានប្រាប់ទៅក្រុមគ្រួសារឱ្យឈប់បន្តរកនាងទៀត និងអះអាងថា នាងចេញពីផ្ទះដោយខ្លួនឯង ពុំមានអ្នកណាបង្ខិតបង្ខំនាងឡើយ។ នាងបន្តថា ក្រោយចេញពីផ្ទះមួយថ្ងៃ ខ្លួនបានសរសេរសារប្រាប់ទៅគ្រួសាររួចហើយ និងប្រាប់ថា កុំឱ្យបារម្ភពីនាង។ 
 
ពេជ្រនី រៀបរាប់ថា៖« ដំបូងអះអាងថា មិនរកខ្ញុំទេ ឱ្យតែដឹងថា នៅកន្លែងមានសុវត្ថិភាព មានក្ដីសុខ លែងរកទៀតហើយ  តែគាត់នៅតែទាមទាររកកន្លែងនៅ ឱ្យខ្ញុំប្រាប់គាត់ម៉េច បើខ្ញុំស្គាល់ចរិតរបស់គាត់ គាត់ដឹងកន្លែងខ្ញុំនៅ គាត់ប្រាកដជាតាមមកចាប់ខ្ញុំទៅវិញហើយ ហើយអ្នកផ្សេងទៀតដែលគ្នាមិនដឹងអី ប្រាកដជាមានគ្រោះជាមួយគ្នា ច្បាស់ជាមិនរួចខ្លួនទេ អាហ្នឹងចរិតគ្រួសារខ្ញុំ ចរិតគាត់ជាមនុស្សអាត្មានិយមណាស់...ហើយមូលហេតុដែលខ្ញុំចេញពីផ្ទះហ្នឹង គឺមិនចាំបាច់និយាយទៀតទេ ព្រោះខ្ញុំបានសរសេរក្នុងសាររួចហើយ សារហ្នឹងខ្ញុំអ្នកសរសេរខ្លួនឯងផ្ទាល់ អត់មានពីណាកែតម្រូវ អត់មានពីណាបន្ថែមឱ្យខ្ញុំទេ»៕
 
 
 

Tag:
 ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com