អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាល្លឺម៉ង់ បញ្ជូនកងទ័ពបន្ថែមទៅលីទុយអានី
05, Sep 2022 , 3:59 pm        
រូបភាព
យោធាអាល្លឺម៉ង់ Klaipeda ទៅដល់កំពង់ផែ Klaipeda របស់លីទុយអានី។ រូបថត AFP
យោធាអាល្លឺម៉ង់ Klaipeda ទៅដល់កំពង់ផែ Klaipeda របស់លីទុយអានី។ រូបថត AFP
អាល្លឺម៉ង់បានបញ្ជូនទាហានប្រហែល១រយនាក់បន្ថែមទៅលីទុយអានី នៅថ្ងៃទី៤ ខែកញ្ញា តាមការសន្យារបស់ខ្លួនដើម្បីពង្រឹងវត្តមាននៅប្រទេសអឺរ៉ុបភាគខាងកើតដែលជាសមាជិកអង្គការណាតូ បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ កន្លងមក លីទុយអានីមានទ័ពអាល្លឺម៉ង់ប្រហែល ១៥០០នាក់មកហើយក្នុងប្រទេស។


 
កងទ័ពអាល្លឺម៉ង់ប្រហែល១រយនាក់នៅថ្ងៃទី៤ ខែសីហា បានទៅដល់លីទុយអានីដោយធ្វើដំណើរតាមនាវា ចូលតាមកំពង់ផែទីក្រុង Klaipeda។ មុនរុស្ស៊ីឈ្លានពានអ៊ុយក្រែន ទ័ពអាល្លឺម៉ង់មាននៅលីទុយអានីជាង ៥០០នាក់ ហើយអាល្លឺម៉ង់ចាប់ផ្ដើមបញ្ជូនទៅបន្ថែមទៀតក្រោយសង្គ្រាមនៅអ៊ុយក្រែន ដែលបច្ចុប្បន្នមានដល់ជាង១៥០០នាក់។ ចំនួនទ័ពដែលបញ្ជូនទៅនេះ នឹងកើតជាកងពលតូចមួយតែម្ដង។ 
 
«សារចំពោះសម្ពន្ធមិត្តរបស់យើងនៅទីនេះ នៅភាគខាងកើត គឺយើងប្តេជ្ញាធានាសន្តិសុខ»។ លោក Christian Nawrat មេបញ្ជាការកងពលតូចរបស់អាល្លឺម៉ង់បានលើកឡើងបែបនេះ។ លោកបានបន្ថែមថា អង្គភាពនេះ នឹងស្ថិតនៅជាអចិន្ត្រៃយ៍ក្នុងប្រទេសតំបន់បាល់ទិក ហើយនឹងចូលរួមក្នុងសមយុទ្ធមួយដែលនឹងធ្វើនៅពេលខាងមុខ ដោយមានការចូលរួមពីអង្គភាពប្រយុទ្ធផ្សេងទៀត។  
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP សមយុទ្ធយោធា​លើក​ដំបូងនៅលីទុយអានី ​អាច​នឹង​ធ្វើ​ឡើង​ក្នុង​ខែ​តុលាខាងមុខ។ រដ្ឋបាល់ទិកទាំង៣ ដូចជាអេស្តូនី ឡេតូនី និងលីទុយអានី ជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូដែលស្ថិតនៅជិតអ៊ុយក្រែន។ ប្រទេសទាំងនេះព្រួយបារម្ភពីសុវត្ថិភាពដែលអាចនឹងក្លាយជាគោលដៅបន្ទាប់ពីអ៊ុយក្រែនទៀត។
 
កាលពីខែមិថុនា អធិការបតីអាល្លឺម៉ង់ Olaf Scholz បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ពង្រាយកងទ័ពបន្ថែមទៀតនៅលីទុយអានី ដើម្បីមានសមត្ថភាពខ្លាំងគ្រប់គ្រាន់សម្រាប់ការពារការឈ្លានពាន។
 
បន្ទាប់ពីរុស្ស៊ីលុកលុយអ៊ុយក្រែននៅចុងខែកុម្ភៈ អង្គការណាតូបានសម្រេចចិត្តបង្កើតអង្គភាពប្រយុទ្ធថ្មីចំនួនបួននៅក្នុងប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី។ អង្គការណាតូ ក៏បានពង្រឹងសន្តិសុខក្នុងតំបន់ភាគខាងកើតរបស់ខ្លួននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពីរុស្ស៊ីកាន់កាប់គ្រីមេក្នុងឆ្នាំ២០១៤ មក៕
 

Tag:
 អាល្លឺម៉ង់ លីទុយអានី
© រក្សាសិទ្ធិដោយ thmeythmey.com