ជាតិ
សង្គមជាតិ
កម្ពុជា និងអាស៊ាន ពិភាក្សាពីការការពារ និងទប់ស្កាត់ការចរាចរសម្បត្តិវប្បធម៌ខុសច្បាប់
05, Sep 2022 , 4:59 pm        
រូបភាព
ថ្នាក់ដឹកនាំកម្ពុជា  និងអាស៊ាន ថតរូបជុំគ្នា នាពិធីបើកសន្និសីទអន្ដរជាតិស្ដីពីការការពារ និងការទប់ស្កាត់ការចរាចរជួញដូរវត្ថុបុរាណ
ថ្នាក់ដឹកនាំកម្ពុជា និងអាស៊ាន ថតរូបជុំគ្នា នាពិធីបើកសន្និសីទអន្ដរជាតិស្ដីពីការការពារ និងការទប់ស្កាត់ការចរាចរជួញដូរវត្ថុបុរាណ
សៀមរាប៖ កម្ពុជា មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋសមាជិកអាស៊ាន បាននិងកំពុងពិភាក្សាគ្នា ក្នុងសន្ដិសីទអន្ដរជាតិ ស្ដីពីការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ការការពារ និងការទប់ស្កាត់ការចរាចរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ជុំវិញទស្សនៈរបស់អាស៊ាន។



ក្នុងពិធីបើកសន្និសីទនៅថ្ងៃទី៥ ខែកញ្ញា នាសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា នាពេលកន្លងមកតាមរយៈការខិតខំប្រឹងប្រែងរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ វត្ថុបុរាណជាច្រើនត្រូវបាននាំមកកម្ពុជា ក្រោយដាក់លក់នៅលើទីផ្សារសិល្បៈអន្ដរជាតិ។ លោកស្រីបន្ថែមថា សន្និសីទនៅពេលនេះ គឺផ្តោតលើការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌក្នុងតំបន់អាស៊ីអាគ្នេយ៍ សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចក្នុងតំបន់។
 
«ការលួចបំផ្លិចបំផ្លាញនេះហើយ ដែលនាំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងលុបបំបាត់នូវការយល់ដឹងពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជន។ សម្បត្តិវប្បធម៌ជាតិទាំងនោះ គួរតែស្ថិតនៅទីតាំងដើមរបស់វា ដែលជាដួងព្រលឹង និងជាកិត្យានុភាពជាតិ ទើបអាចបង្ហាញពីការបង្កើតការងារចម្រុះដែលជាចរន្តសេដ្ឋកិច្ចសម្រាប់ប្រជាជន»។ នេះជាសាររបស់លោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅកាន់ថ្នាក់ដឹកនាំប្រទេសអាស៊ាន ទាំងការប្រជុំដោយផ្ទាល់ និងតាមអនឡាញ។


 
ក្នុងសន្ទរកថាបើកតាមប្រព័ន្ធអនឡាញ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ លោក ប្រាក់ សុខុន លើកឡើងថា កម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីនាំយកវត្ថុបុរាណត្រឡប់មកប្រទេសវិញ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តាមរយៈអាជ្ញាធរផ្នែកច្បាប់នៅសហអាមេរិក បានប្រគល់វត្ថុបុរាណចំនួន៣០មកកម្ពុជាវិញ ដែលត្រូវបានគេរត់ពន្ធចេញពីកម្ពុជា នាអំឡុងពេលប្រទេសអស្ថេរភាព។ លោករដ្ឋមន្រ្តីក៏បានអរគុណសហរដ្ឋអាមេរិក ដែលជានិច្ចកាលប្រឹងប្រែងលើកិច្ចការងារទាំងនេះ។
 
លោក ប្រាក់ សុខុន៖ យើងសូម​ថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិរបស់យើង ជាពិសេសសហរដ្ឋអាមេរិក ដែលបានជួយតាមដានវត្ថុបុរាណដែលត្រូវបានលួចទាំងនេះ បញ្ឈប់បណ្តាញរត់ពន្ធ និងប្រគល់ទ្រព្យសម្បត្តិជាតិមកកម្ពុជាវិញ​។ យើង​រំពឹង​ថា​តាម​រយៈការប្តេជ្ញាចិត្តចំពោះ​សម្បត្តិបេតិកភណ្ឌវប្បធម៌ និង​សម្ព័ន្ធភាពអន្តរជាតិ ទ្រព្យ​សម្បត្តិ​ជាតិជាច្រើនទៀតដែលត្រូវបាន​គេលួច​ប្លន់ និង​ដែលឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនឹងត្រូវប្រគល់មកកម្ពុជាវិញ»។ 


 
​យ៉ាង​ណាលោក ប្រាក់ សុខុន បញ្ជាក់ថា បញ្ហាការជួញដូរវត្ថបុរាណនេះ មិនមែនកើតមានតែប្រទេសកម្ពុជានោះនោះទេ។ បញ្ហាដ៏ស្មុគស្មាញនេះ គឺកំពុងប្រឈមមុខនឹងរដ្ឋជាសមាជិកអាស៊ានដទៃទៀតផងដែរ ដូច្នេះសន្និសីទអន្ដរជាតិនៅពេលនេះ ជាឱកាសដើម្បីរដ្ឋាភិបាលអាស៊ាន និងក្រុមអ្នកជំនាញអន្ដរជាតិ គួរត្រូវបានពិភាក្សា និងរកដំណោះស្រាយរួមគ្នា។
 
សូមបញ្ជាក់ថា សន្ដិសីទអន្ដរជាតិស្ដីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ «ការការពារ និងការទប់ស្កាត់ការចរាចរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ៖ ទស្សនៈពីអាស៊ាន» រៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការដោយ Antiquities Coalition នៃសហរដ្ឋអាមេរិក ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា នាខេត្តសៀមរាប៕
 
 
 
 

Tag:
 វប្បធម៌
  វត្ថុបុរាណខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com