អន្តរជាតិ
ថៃ ចង់បង្កើនចំណូលវិស័យទេសចរណ៍ តាមរយៈការរៀបចំពិធីមង្គលការឱ្យភ្ញៀវបរទេស
05, Sep 2022 , 10:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ថៃសង្ឃឹមថា ខ្លួននឹងអាចបង្កើនចំណូលក្នុងវិស័យទេសចរ តាមរយៈការរៀបចំកម្មវិធីដែលចំណាយច្រើនដូចជាពិធីរៀបមង្គលការ និងក្រេបទឹកឃ្មុំរបស់ភ្ញៀវបរទេស ពិសេសជនជាតិឥណ្ឌា។ នេះបើតាមការអះអាងរបស់មន្ត្រីទេសចរជាន់ខ្ពស់របស់ថៃ។



ដោយមានឆ្នេរខ្សាច់ស្រស់ស្អាត និងមានកន្លែងកម្សាន្តពេលរាត្រី ដែលអាចទាក់ទាញភ្ញៀវទេសចរបរទេសបាន ថៃរំពឹងថា វិស័យទេសចរណ៍នឹងអាចទាក់ទាញចំណូលបន្ថែម ចន្លោះពី១៦ពាន់លានដុល្លារទៅ១៩ពាន់លានដុល្លារក្នុងឆ្នាំ២០២២ នេះ។ 
 
អនុប្រធានអាជ្ញាធរទេសចរណ៍ថៃ លោក Siripakorn Cheawsamoot បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍មួយកាលពីសប្ដាហ៍មុនថា ថៃនឹងផ្ដោតការយកចិត្តទុកដាក់ខ្លាំងចំពោះការរៀបចំកម្មវិធីដែលចំណាយច្រើនៗដូចជាពិធីជប់លៀង មង្គលការ និងការក្រេបទឹកឃ្មុំរបស់ភ្ញៀវបរទេសដែលបានមកលេងប្រទេសខ្លួន។
 
«ទិន្នន័យពីរឆ្នាំចុងក្រោយនេះបង្ហាញថា គូស្វាមីភរិយាឥណ្ឌាជាច្រើនបានរៀបការ ប៉ុន្តែពិបាករកកន្លែងសម្រាប់ប្រារព្ធពិធីក្រេបទឹកឃ្មុំ ឬលើកថ្ងៃរៀបការ ដោយសារពួកគេចង់ឱ្យភ្ញៀវនៅក្រៅប្រទេសចូលរួម ក្នុងនោះក៏មានភ្ញៀវជនជាតិថៃដែរ»។ លោក Siripakorn បានបញ្ជាក់បែបនេះ។
 
ពិធីមង្គលការជនជាតិឥណ្ឌាដែលធ្វើនៅថៃ អាចចំណាយលុយប្រហែលពី២៧ម៉ឺនដុល្លារទៅជាង៨ម៉ឺនដុល្លារ។ ក្នុងការចំណាយនោះ គូរស្វាមីភរិយាអាចស្នាក់នៅរយៈពេលមួយសប្តាហ៍ ហើយរួមបញ្ចូលសេវាកម្មគ្រប់យ៉ាងចាប់ពីការរៀបចំពិធី ម្ហូបអាហារ ការតុបតែង និងការដឹកជញ្ជូនផងដែរ។ ប្រហែល៦០ភាគរយនៃជនជាតិឥណ្ឌាចង់រៀបការនៅថៃគឺជាអ្នករស់នៅឥណ្ឌាផ្ទាល់ ខណៈដែលនៅសល់គឺមកពីគ្រួសារឥណ្ឌារស់នៅក្រៅប្រទេស។ 
 
លើសពីនេះ ចាប់ពីខែតុលាតទៅ ថៃនឹងពន្យារទិដ្ឋាការភ្ញៀវទេសចរមួយចំនួនពី១៥ថ្ងៃទៅ៣០ថ្ងៃ ដោយសារភ្ញៀវទេសចរចង់នៅឱ្យបានយូរ ព្រោះការធ្វើដំណើរមានតម្លៃថ្លៃ ហើយជើងហោះហើរនៅមានតិចនៅឡើយ។ ម្យ៉ាង វាក៏អាចផ្ដល់ចំណូលបន្ថែមតាមរយៈការស្នាក់នៅយូរដែរ។ 
 
គិតពីខែមករាដល់ចុងខែសីហា នៃឆ្នាំ ២០២២  ថៃទទួលបានប្រាក់ចំណូលជាង៥ពាន់លានដុល្លារពីភ្ញៀវទេសចរបរទេសជាង ៤លាននាក់។ រដ្ឋាភិបាលថៃកំពុងកំណត់គោលដៅរកប្រាក់ចំណូលថ្មីក្នុងឆមាសទី២ គឺឱ្យបានចំនួន១១ពាន់លានដុល្លារ។ 
 
ប្រទេស​អាស៊ី​អាគ្នេយ៍​មួយនេះ ​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរ ដែលជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច។ យ៉ាងណាមិញ ភ្ញៀវទេសចរបរទេសបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារជំងឺកូ​វីដ-១៩។ ក្នុងឆ្នាំ២០១៩ ថៃមានភ្ញៀវទេសចររហូតដល់ជិត ៤០លាននាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ហើយពេលនោះ វិស័យទេសចរថៃរកបានចំណូលស្មើ១២ភាគរយនៃផលិតផលក្នុងស្រុកសរុប៕ 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com