អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រេសិតពិសេស UN​ ​ទទួលបន្ទុកមីយ៉ាន់ម៉ា​ ព្រួយបារម្ភ​ពី​សុខភាព​លោកស្រី​ ស៊ូ​ជី​
05, Sep 2022 , 5:59 pm        
រូបភាព
លោកស្រី Noeleen Heyzer ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។ រូបថត AFP
លោកស្រី Noeleen Heyzer ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។ រូបថត AFP
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហានៅមីយ៉ាន់ម៉ា Noeleen Heyzer នៅថ្ងៃទី៥ ខែកញ្ញ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា ដែលត្រូវបានឃុំខ្លួនចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១កន្លងទៅ។ លោកស្រី ក៏បានអះអាងថា នឹងមិនត្រលប់ទៅមីយ៉ាន់ម៉ា​ទៀតឡើយ លុះ​ត្រា​តែលោកស្រីអាចជួបលោកស្រី ស៊ូជី ។



លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានរបបយោធាទម្លាក់ចេញពីតំណែងក្នុងរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ទើបត្រូវបានតុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំទៀត ជុំវិញការក្លែងបន្លំសន្លឹកឆ្នោតកាលពីឆ្នាំ ២០២០។ កន្លងទៅលោកស្រី ត្រូវ​បាន​​រក​ឃើញ​ថា ​មាន​ទោស​ពី​បទ​ល្មើស​មួយ​ចំនួន​ទៀតដោយត្រូវជាប់ពន្ធនាគារជាង១៧ឆ្នាំទៅហើយ។ 
 
«ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាពរបស់លោកស្រី (ស៊ូជី) ហើយខ្ញុំក៏ថ្កោលទោសការកាត់ទោសដែលឱ្យលោកស្រីធ្វើការធ្ងន់ដែរ»។ លោក Noeleen Heyzer ថ្លែងបែបនេះក្នុងកម្មវិធីមួយរបស់វិទ្យាស្ថាន ISEAS Yusof Ishak នៅសិង្ហបុរីនៅថ្ងៃទី៥ ខែកញ្ញា។ 
 
លោកស្រីក៏បានបញ្ជាក់ថា លោកស្រីធ្លាប់បានសម្ដែងការព្រួយបារម្ភរួចហើយក្នុងអំឡុងពេលពិភាក្សាជាមួយលោក មីន អ៊ុងឡាំង ក្នុងទស្សនកិច្ចលើកដំបូងនៅប្រទេសនេះកាលពីខែសីហាកន្លងទៅ។ ទន្ទឹមនេះ លោកស្រីក៏បានស្នើសុំជួបជាមួយលោកស្រី ស៊ូជី និងបានអំពាវនាវដល់មេដឹកនាំរដ្ឋប្រហារឱ្យដោះលែងលោកស្រី ស៊ូជី ឱ្យត្រលប់ទៅផ្ទះវិញផងដែរ។ 
 
មីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ ចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពី ១៨ ខែមុន។ ការ​ដណ្តើម​អំណាចរបស់យោធានេះ បាន​នាំ​ឱ្យ​មាន​ការ​តវ៉ា​ទូទាំង​ប្រទេស ក៏ដូចជាការប៉ះទង្គិចគ្នារវាងយោធានិងពលរដ្ឋផង។ 
 
ក្នុងរយៈពេលប៉ុន្មានខែមកនេះ ស្ថានការណ៍នៅមីយ៉ាន់ម៉ា បានប្រែកាន់តែមានភាពហិង្សា ដោយក្រុមបាតុករមួយចំនួនបំពាក់ដោយអាវុធតទល់និងយោធា ខណៈយោធាបានទម្លាក់គ្រាប់បែកលើភូមិ និងដុតផ្ទះពលរដ្ឋស៊ីវិលក្នុងការប៉ុនប៉ងលុបបំបាត់ការប្រឆាំងក្នុងប្រទេស។ យោង​តាម​សមាគម​ផ្តល់ជំនួយ​អ្នក​ទោស​នយោបាយ ដែល​​តាម​ដាន​ស្ថានការណ៍​នៅមីយ៉ាន់ម៉ា មនុស្ស​ប្រមាណ២​២៦៣នាក់​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ៕
 

Tag:
 UN
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com