អន្តរជាតិ
លោកស្រី Liz Truss នឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសជំនួសលោកចនសុន
05, Sep 2022 , 8:40 pm        
រូបភាព
លោក បូរីស_ ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស និងលោកស្រី Liz Truss (នៅពីក្រោយ)។ រូបភាព៖ AFP
លោក បូរីស_ ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស និងលោកស្រី Liz Truss (នៅពីក្រោយ)។ រូបភាព៖ AFP
លោកស្រី Liz Truss រដ្ឋមន្រ្តីការបរទេសអង់គ្លេស នៅថ្ងៃទី៥ ខែកញ្ញា បានឈ្នះលោក Rishi Sunak អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានបក្សអភិរក្សនិយម។ បន្ទាប់ពីក្លាយជាប្រធានបក្ស លោកស្រី Truss នឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស ជំនួសលោកបូរីស ចនសុនបន្តទៀត។


បន្ទាប់ពីមានរឿងចម្រូងចម្រាសជាច្រើន លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស បានសម្រេចលាលែងពីតំណែងប្រធានបក្សអភិរក្សនិយមនៅក្នុងខែកក្កដា។ ប៉ុន្មានថ្ងៃបន្ទាប់ពីការលាលែងតំណែង បក្សអភិរក្សនិយម បានដំណើរការនីតិវិធីរើសប្រធានបក្ស។ បេក្ខភាពប្រជែងតំណែងប្រធានបក្សចុងក្រោយសល់តែពីររូបប៉ុណ្ណោះ គឺលោកស្រី Liz Truss រដ្ឋមន្រ្តីការបរទេសអង់គ្លេស និងលោក Rishi Sunak អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស។ យ៉ាងណាមិញ ក្នុងការបោះឆ្នោតជុំចុងក្រោយនៅថ្ងៃទី៥ ខែកញ្ញា លោកស្រី Truss បានទទួលសំឡេងគាំទ្រជាច្រើន និងក្លាយជាប្រធានបក្សអភិរក្សនិយម។ 

តាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian លោកស្រី Truss បានទទួលសំឡេងគាំទ្រចំនួន ៨១៣២៦ សន្លឹក ខណៈលោក Sunak បានទទួលសំឡេងត្រឹមតែជាង ៦ម៉ឺនសន្លឹកប៉ុណ្ណោះ។ បន្ទាប់ពីឈ្នះការបោះឆ្នោតជាប្រធានបក្ស លោកស្រី Truss នឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស ជំនួសលោក ចនសុន។ 

នៅថ្ងៃទី៦ ខែកញ្ញា លោកចនសុន នឹងធ្វើដំណើរទៅស្កុតឡែន ដើម្បីជួបជាមួយមហាក្សត្រអង់គ្លេស Elizabeth ដើម្បីលាលែងពីតំណែងនាយករដ្ឋមន្រ្តី។ ចំណែកលោកស្រី Truss ក៏ធ្វើដំណើរទៅជួបមហាក្សត្រដែរ ដោយមហាក្សត្រអង់គ្លេស នឹងស្នើឱ្យលោកស្រី Truss រៀបចំគណៈរដ្ឋមន្រ្តីថ្មីមួយ។ 

លោកស្រី Truss ដែលជារដ្ឋមន្រ្តីការបរទេសអង់គ្លេស នឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសទី៤ បើគិតចាប់ពីឆ្នាំពី២០១៥មក ស្របពេលអង់គ្លេស ត្រូវដោះស្រាយបញ្ហាជាច្រើន ជាពិសេសគឺការដាក់សម្ពាធលើរុស្ស៊ី រួមទាំងទប់នឹងឥទ្ធិពលចិនផង។ 

មិនតែប៉ុណ្ណោះ អង់គ្លេសក៏ប្រឈមបញ្ហាក្នុងប្រទេសច្រើនដែរ។ កន្លងមក ប្រមុខការទូតរូបនេះ បានសន្យាដោះស្រាយលើការចំណាយថ្លៃរស់នៅ, ការឡើងថ្លៃប្រភពថាមពល រួមទាំងការត្រៀមប្រភពថាមពលទុកសម្រាប់ពេលអនាគត។

សូមបញ្ជាក់ថា លោកស្រី Truss បានកើតនៅក្នុងឆ្នាំ ១៩៧៥ និងមានឪពុកជាសាស្រ្តាចារ្យគណិតវិជ្ជា ខណៈម្តាយជាគ្រូពេទ្យ។ រដ្ឋមន្រ្តីការបរទេសអង់គ្លេស ជាអតីតនិស្សិតនៅមហាវិទ្យាល័យ Merton នៃសកលវិទ្យាល័យ Oxford លើផ្នែកនយោបាយ សេដ្ឋកិច្ច និងទស្សនវិជ្ជា៕
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com