អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន នឹងផ្ដល់កញ្ចប់ជំនួយថ្មីជាង៤៣លានដុល្លារដល់ប៉ាគីស្ថានដើម្បីដោះស្រាយគ្រោះទឹកជំនន់
05, Sep 2022 , 11:29 pm        
រូបភាព
យន្តហោះដឹកនាំជំនួយរបស់ចិនទៅដល់ប៉ាគីស្ថាន។ រូបថត Xinhua
យន្តហោះដឹកនាំជំនួយរបស់ចិនទៅដល់ប៉ាគីស្ថាន។ រូបថត Xinhua
ដោយ:
រដ្ឋាភិបាលចិន នៅថ្ងៃទី៣ ខែកញ្ញា សន្យាផ្ដល់ជំនួយចំនួន៣០០លានយ័ន (៤៣,៥លានដុល្លារ) ដល់​ប៉ាគីស្ថានដើម្បីស្រោចស្រង់ប្រទេសពីគ្រោះងទឹកជំនន់ដ៏អាក្រក់ បន្ទាប់ពីផ្ដល់ជំនួយរួចម្ដងហើយកាល​ពីសប្ដាហ៍មុនចំនួន១០០លានយ័ន (១៤,៥លានដុល្លារ) ។ មេដឹកនាំ​ប៉ាគីស្ថាន ​ក៏​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះជំនួយជាបន្តបន្ទាប់របស់ចិនដែលជាមិត្តដ៏សំខាន់មួយ។

អំឡុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៅថ្ងៃទី៣ខែកញ្ញាជាមួយប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះ មហន្តរាយជាតិប៉ាគីស្ថាន (NDMA) លោក AKhtar Nawaz ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ​អភិវឌ្ឍន៍អន្តរជាតិចិនលោក Luo Zhaohui បានប្រកាសអំពីការសម្រេចចិត្តបរិច្ចាគប្រាក់​ជំនួយ​បន្ថែម​ទៀតសម្រាប់ប៉ាគីស្ថាន។ លោក Luo បានលើកឡើងថា ភាគីទាំងពីរមានទម្លាប់​ជួយគ្នា​ទៅ​វិញ​ទៅ​មក​ទាំងក្នុងស្ថានភាពរីករាយ និងស្ថានលំបាក។
 
«ប្រជាជនចិននឹងមិនភ្លេចថា ប៉ាគីស្ថានបានបរិច្ចាគតង់បណ្តោះអាសន្ន​ទាំងអស់របស់ខ្លួន​ដល់​ចិន​នៅ​គ្រោះរញ្ជួយដីនៅទីក្រុង Wenchuan នោះទេ»។ លោក Luo បានសង្កត់ធ្ងន់បែបនេះ ដោយចង់រម្លឹក​ដល់ការជួយជ្រោមជ្រែងរបស់ប៉ាគីស្ថានអំឡុងគ្រោះរញ្ជួដីនៅ Wenchuan កាលពីឆ្នាំ២០០៨។ នេះបើតាមទូរទស្សន៍ចិន CGTN ។
 
ក្នុងជំនួបដដែលនោះ លោក Luo ក៏បានអះអាងថា ចិនបានចាប់ផ្ដើមបញ្ជូនតង់ប្រហែល៣ពាន់​តាម​រយៈយន្តហោះយោធា ហើយបានរៀបចំខ្ទឹមបារាំងចំនួន២០០តោនដែលនឹងទៅដល់ប៉ាគីស្ថាន​តាម​រយៈផ្លូវហាយវ៉េ Karakoram ក្នុងមួយសប្តាហ៍ទៀត។
 
ទន្ទឹមនេះ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិនរូបនេះបានបញ្ជាក់ថា រដ្ឋបាល​ឧតុ​និយមចិនបានផ្តល់ការព្យាករអាកាសធាតុតាមពេលវេលាជាក់ស្តែងដល់ប៉ាគីស្ថាន ហើយពលរដ្ឋចិន សហគ្រាស និងរដ្ឋាភិបាលក្នុងតំបន់ជាច្រើន កំពុងរៀបចំការបរិច្ចាគដើម្បីជួយ​ប៉ាគីស្ថា​ន​បន្ថែម​ទៀត។ លោក Luo ក៏បានសន្យានឹងប៉ាគីស្ថានក្នុងការជួយជ្រោមជ្រែងប្រទេសមួយនេះក្នុងការស្តារ និងកសាង​ប្រទេសឡើងវិញក្រោយគ្រោះមហន្តរាយផងដែរ។
 
ជាការឆ្លើយតបនឹងជំនួយជាបន្តបន្ទាប់របស់ក្រុងប៉េកាំង នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif នៅថ្ងៃទី៣ ខែកញ្ញា បានសម្ដែងការដឹងគុណចំពោះជំនួយរបស់ក្រុងប៉េកាំង ចាត់ទុក ការជួយ​នេះបង្ហាញពីចំណងមិត្តភាពដ៏សំខាន់បំផុតសម្រាប់ប្រទេសទាំងពីរ។ លោក Sharif ក៏បាន​បង្ហោះ​សារ​លើបណ្ដាញសង្គម Twitter ថា ជំនួយចិននឹងជួយផ្ដល់ជំនួយ​សង្គ្រោះចាំ​បាច់​ដល់​ប្រជាជនប៉ាគីស្ថាន។
 
យោងតាម NDMA ទឹកជំនន់បានសម្លាប់មនុស្ស១,២៩០នាក់, ប៉ះពាល់ដល់មនុស្សជាង៣៣លាន​នាក់, បំផ្លាញផ្ទះប្រជាពលរដ្ឋជាង១,៤៦លានខ្នង, ស្ពាន២៤៣ និងផ្លូវហាយវេប្រវែង៥,៥៦៣​គីឡូម៉ែត្រ។ បន្ថែមពីលើនេះ មួយភាគបីនៃប៉ាគីស្ថាននាពេលបច្ចុប្បន្ន កំពុងលិចក្រោមទឹក ហើយ​ទឹក​មិនទាន់ចាប់ផ្តើមស្រកនៅឡើយ៕
 

Tag:
 ចិន
  ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com