អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីហ្វីលីពីន និងឥណ្ឌូណេស៊ី ចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ
06, Sep 2022 , 12:59 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅវិមាន Istana Bogor ។ រូបថត AFP
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅវិមាន Istana Bogor ។ រូបថត AFP
ដោយ:
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នៅថ្ងៃទី៥ ខែកញ្ញា បានជួបជាមួយសមភាគីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅទីក្រុង Bogor ក្នុងទស្សនកិច្ចក្រៅប្រទេសដំបូងបង្អស់របស់លោក Marcos Jr. ក្រោយជាប់ឆ្នោតកាលពីឧសភា។ កិច្ចសហប្រតិបត្តិការសន្តិសុខ ពាណិជ្ជកម្ម និងការដឹកជញ្ជូន ជារបៀបវារៈសំខាន់ក្នុងជំនួបនេះ។

 
លោក Ferdinand Marcos Jr. បានយកឥណ្ឌូណេស៊ីជាទិសដៅទីមួយដូចអតីតប្រធានាធិបតីមុនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែរ។ អំឡុងទស្សនកិច្ចបីថ្ងៃ លោក Marcos Jr. នៅថ្ងៃទី៥ ខែកញ្ញា បានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅទីក្រុង Bogor ដោយមេដឹកនាំទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។ 
 
អំឡុងកិច្ចប្រជុំនៅវិមានប្រធានាធិបតី Istana Bogor ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ផែនការសកម្មភាពការទូត៥ឆ្នាំ ហើយបានព្រមព្រៀងគ្នាពន្លឿន និងត្រួតពិនិត្យការរៀបចំព្រំដែនសមុទ្រឡើងវិញផងដែរ។ 
 
ចំណែកទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់ព្រំដែនវិញ លោក វីដូដូ បានស្នើឱ្យមេដឹកនាំហ្វីលីពីនបើកដំណើរការផ្លូវនាវាចរណ៍ Ro-Ro ដែលឆ្លងកាត់ពីទីក្រុងឥណ្ឌូណេស៊ី Bitung ទៅទីក្រុងហ្វីលីពីន Davao ឡើងវិញ ក៏ដូចជាការបើកផ្លូវហោះហើរទៅតំបន់ Davao ដែរ។
 
ក្រៅពីនេះ រដ្ឋជាសមាជិកអាស៊ានទាំងពីរនេះថែមទាំងបានយល់ព្រមលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងអាស៊ានផងដែរ ខណៈឥណ្ឌូណេស៊ីនឹងធ្វើជាប្រធានផ្លាស់វេននៅឆ្នាំក្រោយ។ 
 
« យើងក៏បាននិយាយលម្អិតពីតួនាទីដែលយើងជឿថាអាស៊ានគួរតែបំពេញ ស្របពេលយើងប្រឈមនឹងផលវិបាកជាច្រើនក្នុងស្ថានភាពភូមិសាស្រ្តនយោបាយដែលផ្លាស់ប្តូរដ៏ឆាប់រហ័សនេះដែលមិនត្រឹមតែក្នុងតំបន់យើងប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល»។ លោក Marcos Jr. លើកឡើងបែបនេះក្នុងសន្និសីទកាសែតរួមមួយនៅថ្ងៃទី ៥​ ខែកញ្ញា ដោយជឿជាក់ថា អាស៊ាននឹងក្លាយជាភ្នាក់ងារនាំមុខគេដែលបន្តផ្តល់សន្តិភាពដល់ប្រទេសទាំងពីរ។ 
 
បន្ទាប់បញ្ចប់ជំនួបជាមួយមេដឹកនាំឥណ្ឌូណេស៊ី ប្រធានាធិបតីហ្វីលីពីនដែលត្រូវបានស្គាល់ថាគេស នឹងត្រូវទៅជួបជាមួយមេដឹកនាំធុរកិច្ចផ្សេងទៀត មុនហោះទៅសិង្ហបុរីនៅថ្ងៃទី៦ ខែកញ្ញា៕
 
 
 
 
 

Tag:
 ហ្វីលីពីន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com