អន្តរជាតិ
ចិន៖ រញ្ជួយដី៦,៨រ៉ិចទ័រនៅខេត្តស៊ីឈួន សម្លាប់មនុស្ស៤៦នាក់
06, Sep 2022 , 10:59 am        
រូបភាព
យោធាចិន កំពុងរុករកជនរងគ្រោះក្នុងការរញ្ជួយដីនៅខេត្តស៊ីឈួន។ រូបថត Xinhua
យោធាចិន កំពុងរុករកជនរងគ្រោះក្នុងការរញ្ជួយដីនៅខេត្តស៊ីឈួន។ រូបថត Xinhua
ដោយ:
មនុស្សយ៉ាងហោចណាស់៤៦នាក់ បានស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងដែលបាន​វាយប្រហារ​ខេត្តស៊ីឈួននៅភាគនិរតីចិននៅថ្ងៃទី៥ ខែកញ្ញា។ គ្រោះរញ្ជួយដីនេះ ក៏បានធ្វើឱ្យខូចខាតផ្ទះសម្បែង និងកាត់ផ្ដាច់ថាមពលអគ្គិសនីតំបន់មួយចំនួនផងដែរ។

 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ការរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រ បានវាយប្រហារតំបន់ភាគ​អាគ្នេយ៍នៃទីក្រុងខាន់ទីង ខេត្តស៊ីឈួង Sichuan ក្នុងជម្រៅ១០គីឡូម៉ែត្រ។ មនុស្ស៤៦នាក់ បានស្លាប់ និង១៦នាក់ទៀតកំពុងបាត់ខ្លួន។
 
យ៉ាងហោចណាស់ទីក្រុងមួយក្នុងខេត្តដ៏ធំនេះ បានទទួលរងការខូចខាតធ្ងន់ធ្ងរពីការបាក់ដីពី​លើ​ភ្នំ​ដែលបង្កឡើងដោយការរញ្ជួយដី ហើយផ្លូវទៅកាន់ទីក្រុងមួយផ្សេងទៀតត្រូវបានបិទ ខណៈ​បណ្តាញ​ទូរគមនាគមន៍ក្នុងតំបន់ដែលមានប្រជាជនរស់នៅជាងមួយម៉ឺននាក់ត្រូវបានកាត់ផ្តាច់។ ស្ថានីយ៍​អគ្គិសនីមួយចំនួននៅតំបន់ Garze និង Ya'an ក៏ត្រូវបានកាត់ផ្ដាច់​ដោយសារ​គ្រោះរ​ញ្ជួយ​ដី​នេះផង​ដែរ​។
 
ក្រៅពីខេត្តស៊ីឈួន ការរញ្ជួយដីផ្សេងៗទៀតជាច្រើន ក៏ត្រូវបានកត់ត្រានៅក្នុងតំបន់ក្បែរនោះ។ យោងតាមទីភ្នាក់ងាភូគព្ភសាស្រ្តអាម៉េរិក ការរញ្ជួយដីកម្រិតតូចជាង៤,៦រ៉ិចទ័របានវាយប្រហារ​តំបន់​ភាគខាងកើតទីបេដែរ។
 
ប្រតិបត្តិការសង្រ្គោះ កំពុងធ្វើឡើងញាប់ដៃជើង។ ក្រុមអ្នកសង្គ្រោះរាប់រយនាក់​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ចំណុចកណ្តាលនៃតំបន់រញ្ជួយដី។ អ្នកពន្លត់អគ្គិភ័យ រុករកជនរងគ្រោះតាមផ្លូវ​ដែល​ពោរ​ពេញ​ទៅ​ដោយថ្ម និងកំទេចកំទីផ្សេងៗ។ អាជ្ញាធរខេត្តស៊ីឈួន អះអាង​ថា ទាហានជាង​មួយពាន់នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​អ្នក​សង្គ្រោះផងដែរ។ អាជ្ញាធរក៏បានបញ្ជូនតង់ ភួយ និងគ្រែដែលអាច​បត់​បាន​រាប់​ពាន់​សម្រាប់ប្រជាជននៅតំបន់រងគ្រោះ។
 
ជុំវិញគ្រោះធម្មជាតិមួយនេះ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ប្រធានាធិបតីចិន ស៊ី ជិនភីង បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានចាត់ទុកការសង្គ្រោះជីវិតប្រជាជននៅតំបន់រងគ្រោះ ជាអាទិភាពទីមួយ ដើម្បីកាត់បន្ថយការបាត់បង់អាយុជីវិតប្រជាជនបន្ថែមទៀត៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com