អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូទីន អនុម័តគោលនយោបាយការបរទេសថ្មីសំដៅការពារជនរួមជាតិក្រៅប្រទេស
06, Sep 2022 , 2:04 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបថត AFP
ដោយ:
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ៥ ខែកញ្ញា បានអនុម័តគោលនយោបាយថ្មីមួយ ដោយផ្អែកលើគោលគំនិតពិភពរុស្ស៊ី (Russian World) ។ គោលគំនិតក្នុងនយោបាយការបរទេសថ្មីដែលរុស្ស៊ីប្រើជាហេតុផលជ្រៀតជ្រែកកិច្ចការប្រទេសខាងក្រៅដើម្បីគាំទ្រអ្នកនិយាយភាសារុស្ស៊ី ដូចជាតំបន់ភាគខាងជើងអ៊ុយក្រែនជាដើម ផ្ដោតលើការផ្សព្វផ្សាយ និងការការពារប្រពៃណី ក៏ដូចជាជនរួមជាតិរុស្ស៊ី។

 
«សហព័ន្ធរុស្ស៊ីផ្តល់ការគាំទ្រដល់ជនរួមជាតិដែលរស់នៅក្រៅប្រទេសដើម្បីទទួលបានសិទ្ធិពេញលេញ ធានាការការពារផលប្រយោជន៍របស់ពួកគេ និងថែរក្សាអត្តសញ្ញាណវប្បធម៌រុស្ស៊ីរបស់ពួកគេ»។ នេះបើតាមគោលនយោបាយមនុស្សធម៌របស់រុស្ស៊ីដែលអនុម័តនៅថ្ងៃទី៥ ខែកញ្ញា។ 
 
បើតាមគោលនយោបាយបរទេសនេះដដែល ទំនាក់ទំនងរបស់រុស្ស៊ីជាមួយជនរួមជាតិក្រៅប្រទេសអនុញ្ញាតក្រុងមូស្គូពង្រឹងមុខមាត់នៅលើឆាកអន្តរជាតិឱ្យក្លាយជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ​មួយដែលខិតខំបង្កើតពិភពលោកពហុប៉ូល។ 
 
ក្រោយការដួលរលំសហភាពសូវៀតនៅឆ្នាំ១៩៩១ ជនជាតិរុស្ស៊ីប្រហែល២៥លាននាក់ឃ្លាតឆ្ងាយពីទឹកដីរុស្ស៊ី ដោយរស់នៅក្នុងរដ្ឋឯករាជ្យថ្មីដែលជាអតីតសាធារណរដ្ឋសហភាពសូវៀត។ បើទោះយ៉ាងនេះក្តី លោក វ៉្លាឌីមៀ ពូទីន វិញ នៅតែបន្តចាត់ទុកអតីតរដ្ឋសហភាពសូវៀតដែលលាតសន្ធឹងពីរដ្ឋបាល់ទិក រហូតដល់អាស៊ីកណ្តាលជាដែនឥទ្ធិពលរបស់ខ្លួនដដែល។ ប៉ុន្តែគំនិតនេះត្រូវបានប្រទេសលោកខាងលិច ក៏ដូចជាអតីតរដ្ឋសហភាពសូវៀតផ្ទាល់ប្រឆាំងដាច់ខាត។ 
 
ជាមួយគ្នានេះ គោលនយោបាយបរទេសខាងលើបង្កើតឡើងដើម្បីឱ្យរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រជាជនស្លាវ ចិន និងឥណ្ឌា ហើយបន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈិមបូព៌ា អាម៉េរិកឡាទិន និងអាហ្វ្រិកផងដែរ។​ 
 
បន្ថែមពីនេះ ក្រោមគោលនយោបាយថ្មី រដ្ឋាភិបាលក្រុងមូស្គូ នឹងពង្រឹងទំនាក់ទំនងជាមួយតំបន់ផ្ដាច់ខ្លួននៅហ្សកហ្ស៊ីចំនួនពីរដែលរុស្ស៊ីទទួលស្គាល់ជារដ្ឋឯករាជ្យមាន Abkhazia និង Oseetia ក៏ដូចជាតំបន់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែនដូចជា សាធារណរដ្ឋប្រជាមានិតដូណេត្ស និងសាធារណរដ្ឋលូហាន៕
 
 
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com