អន្តរជាតិ
ចិន​លុប​ចោល​បំណុល​នៃ​កម្ចី​ចំនួន ២៣ នៅ​អាហ្វ្រិក ស្រប​ពេល​មាន​ការ​ជជែក​ដេញដោល​រឿង «អន្ទាក់​បំណុល»
07, Sep 2022 , 8:29 am        
រូបភាព
អតីត​ប្រធានាធិបតី​សំប៊ី Edgar Lungu (ឆ្វេង) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ចិន នៅ​រដ្ឋធានី​លូសាកា ប្រទេស​សំប៊ី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨។ ចិន​​មាន​តួនាទី​ក្នុង​ការ​ផ្លាស់​ប្តូរ​ទម្រង់​នៃ​បំណុល​នៅ​​បណ្តា​ប្រទេស​អាហ្វ្រិក​ដូច​ជា​សំប៊ី។
អតីត​ប្រធានាធិបតី​សំប៊ី Edgar Lungu (ឆ្វេង) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ចិន នៅ​រដ្ឋធានី​លូសាកា ប្រទេស​សំប៊ី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨។ ចិន​​មាន​តួនាទី​ក្នុង​ការ​ផ្លាស់​ប្តូរ​ទម្រង់​នៃ​បំណុល​នៅ​​បណ្តា​ប្រទេស​អាហ្វ្រិក​ដូច​ជា​សំប៊ី។
ដោយ: VOA
អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា ការ​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​ចិន​ដែល​ថា​ខ្លួន​នឹង​លើកលែង​បំណុល​ចំពោះ​កម្ចី​ចំនួន ២៣ សម្រាប់​ប្រទេស​ចំនួន ១៧ នៅ​ទ្វីប​អាហ្វ្រិក ប្រហែលជា​ត្រូវ​បាន​ជំរុញ​ឡើង​ដោយ​ការ​ចោទ​ប្រកាន់​ដែល​ថា​ប្រទេស​ចិន​អនុវត្ត «ការទូត​បែប​អន្ទាក់​បំណុល»។

 
អ្នក​រិះគន់​នានា​បាន​ចោទ​ប្រកាន់​ជា​យូរ​មក​ហើយ​ថា រដ្ឋាភិបាល​ចិន​បាន​អនុវត្ត​ការទូត​បែប​អន្ទាក់​បំណុល ដោយ​ពួកគេ​បាន​លើកឡើង​ថា ចិន​បាន​ផ្ដល់​កម្ចី​ដោយ​ចេតនា​ទៅ​ឱ្យ​ប្រទេស​ណា​ដែល​ខ្លួន​ដឹង​ថា​មិន​អាច​សង​បំណុល​ទាំង​នោះ​វិញ​បាន ដើម្បី​បង្កើន​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន។
 
ប្រទេស​ចិន​បាន​ច្រានចោល​យ៉ាង​ដាច់​អហង្ការ​លើ​ការ​ចោទ​ប្រកាន់​នេះ ដោយ​បាន​ចោទ​ថា​ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​វិធី​សម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​រដ្ឋាភិបាល​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Harry Verhoeven អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​សាកលវិទ្យាល័យ Columbia ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក។
 
លោក Verhoeven បាន​ប្រាប់ VOA ថា៖ «វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ប្រទេស​ចិន​នៅ​ក្នុង​ការ​ធ្វើ​រឿង​ដូច​នេះ។ ...ជា​ការពិត ឥឡូវ​នេះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើកឡើង​ជា​ទូទៅ​អំពី​ការទូត​បែប​អន្ទាក់​បំណុល​នៅ​ក្នុង​ន័យ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​ប្រទេស​ចិន​ចាំបាច់​ត្រូវតែ​តបត​ទៅ​វិញ»។
 
ការ​ប្រកាស​របស់​ប្រទេស​ចិន​នេះ​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ជាក់លាក់​អំពី​ប្រទេស​ឬ​ក៏​បរិមាណ​កម្ចី​ដែល​ខ្លួន​បាន​លើកលែង​នោះ​ទេ ប៉ុន្តែ​អ្នក​វិភាគ​នានា​បាន​និយាយ​ថា តាំងពី​ឆ្នាំ ២០០០ មក ជា​រឿយៗ ប្រទេស​ចិន​បាន​លើកលែង​កម្ចី​ណា​ដែល​ជិត​ឈាន​ដល់​កាល​កំណត់​តម្រូវ​ឱ្យ​សង​អស់​ប៉ុន្តែ​នៅ​សល់បំណុល​តិចតួច។
 
អ្នកស្រី Deborah Brautigam ប្រធាន​គម្រោង​ផ្ដួចផ្ដើម​ស្រាវជ្រាវ​ចិន​អាហ្វ្រិក​នៃ​មហា​វិទ្យាល័យ​សិក្សា​កិច្ចការ​អន្តរជាតិ​ជាន់​ខ្ពស់​នៅ​សាកលវិទ្យាល័យ Johns Hopkins បាន​ប្រាប់ VOA ថា៖ «នេះ​មិន​មែន​ជា​ការ​លុបចោល​កម្ចី​នោះ​ទេ ប៉ុន្តែ​ជា​ការ​លុបចោល​នូវ​ផ្នែក​ដែល​នៅ​សល់​នៃ​កម្ចី​គ្មាន​ការ​ប្រាក់​ដែល​ឈាន​ដល់​កាល​កំណត់​ដែល​តម្រូវ​ឱ្យ​សង​អស់។ ឧទាហរណ៍ ប្រសិន​បើ​កម្ចី​មួយ​តម្រូវ​ឱ្យ​សង​ឱ្យ​អស់​ក្នុង​រយៈពេល ២០ ឆ្នាំ ប៉ុន្តែ​កម្ចី​នោះ​នៅ​មាន​បំណុល​នៅ​សល់ ចិន​លុបចោល​ផ្នែក​ដែល​នៅ​សល់​នោះ»។


រូបឯកសារ៖ បុគ្គលិក​សន្តិសុខ​ម្នាក់​ដើរក្បែរ​ផ្ទាំង​បង្ហាញ​ពី​គំរូ​រថភ្លើង​ល្បឿន​លឿន​របស់​ចិន នៅ​មុន​កិច្ច​ប្រជុំ​វេទិកា​សហប្រតិបត្តិការ​ចិន-អាហ្វ្រិក​នៅ​រដ្ឋធានី​ប៉េកាំង​របស់​ចិន​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨។
 
ហេតុផល​ដែល​ចិន​លើកលែង​បំណុល និង​ការ​ចោទ​ប្រកាន់​រឿង «អន្ទាក់​បំណុល»
 
ការ​ស្រាវជ្រាវ​របស់​អ្នកស្រី Brautigam បាន​បង្ហាញ​ថា រវាង​ឆ្នាំ ២០០០ និង​ឆ្នាំ ២០១៩ ប្រទេស​ចិន​បាន​លុបចោល​បំណុល​ដូច​នេះ​យ៉ាង​តិច​ចំនួន ៣.៤០០ លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។
 
អ្នក​វិភាគ​នានា​បាន​ពន្យល់​ថា បើ​ទោះបីជា​ការ​លុបចោល​នេះ​គឺ​សម្រាប់​តែ​កម្ចី​ដែល​គ្មាន​ការប្រាក់​របស់​រដ្ឋាភិបាល​ចិន​ក៏ដោយ ក៏​វា​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​កម្ចី​ពាណិជ្ជកម្ម​ដែល​មាន​ការប្រាក់​របស់​រដ្ឋាភិបាល​ចិន​នោះ​ដែរ ដែល​កម្ចី​ប្រភេទ​នេះ​អាច​ត្រូវ​បាន​កែប្រែ​លក្ខខណ្ឌ​សង​បំណុល​ឡើង​វិញ ប៉ុន្តែ​មិន​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ពិចារណា​ដើម្បី​លុបចោល​នោះ​ទេ។
 
លោក Verhoeven បាន​និយាយ​ថា ចំនួន​ទឹក​ប្រាក់​នៅ​ក្នុង​កម្ចី​ទាំង ២៣ ដែល​ចិន​បាន​លើកលែង​នេះ​គឺ​ទំនងជា​មាន​ចំនួន​មិន​ច្រើន​នោះ​ទេ ប៉ុន្តែ​នយោបាយ​នៃ​កាយវិការ​បែប​នេះ​គឺ​គួរ​ឱ្យ​ចាប់​អារម្មណ៍ ដោយសារតែ «អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ចិន​ហាក់​ដូចជា​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​រិះគន់​ផ្សេងៗ​ទាក់ទិន​នឹង​ការ​ប្រឡូក​របស់​ខ្លួន​នៅ​ក្នុង​បណ្ដា​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក»។
 
ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ដោយសារតែ​ការ​ចោទ​ប្រកាន់​រឿង​អន្ទាក់​បំណុល​នេះ «ចិន​បាន​ភ្ញាក់​ខ្លួន​យឺត​ពេល ដោយសារតែ​ការពិត នេះ​គឺ​ជា​រឿង​មិន​ល្អ​ផ្នែក​ទំនាក់ទំនង​សាធារណៈ»។
 
ប្រទេស​ចិន​ក៏​បាន​ដើរ​តួ​ផង​ដែរ​នៅ​ក្នុង​ការ​កំណត់​ឡើង​វិញ​នូវ​លក្ខខណ្ឌ​បំណុល​បរទេស​របស់​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក​ដូចជា​ប្រទេស​សំប៊ី​ជាដើម ដែល​ប្រទេស​នេះ​បាន​ក្លាយជា​ប្រទេស​ទី​មួយ​នៅ​ទ្វីប​អាហ្វ្រិក​ដែល​មិន​អាច​សង​បំណុល​របស់​ខ្លួន​បាន​នៅ​ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។
 
ប្រទេស​ចិន​រួម​ជាមួយ​នឹង​ប្រទេស​បារាំង​គឺ​ជា​ប្រធាន​គណៈកម្មាធិការ​មួយ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​កិច្ច​ប្រឹងប្រែង​សម្រាល​ប្រាក់​បំណុល។ វិធានការ​ដែល​ត្រូវ​បាន​ស្វាគមន៍​ដោយ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ (IMF) នេះ កំពុង​បន្ត​ទៅ​មុខ។
 
ប្រទេស​ចិន​គឺជា​ប្រទេស​ដែល​ផ្ដល់​កម្ចី​ច្រើន​ជាង​គេ​បំផុត​ដល់​ប្រទេស​សំប៊ី។ ប្រទេស​សំប៊ី​ជំពាក់​បំណុល​ចិន​ប្រហែល ៦ ពាន់​លាន​ដុល្លារ។ កាលពី​ខែ​កក្កដា ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​សំប៊ី​បាន​ប្រកាស​ថា ខ្លួន​បាន​លុបចោល​កម្ចី​ដែល​ខ្លួន​មិន​ទាន់​ទទួល​បាន​ចំនួន ២ ពាន់​លាន​ដុល្លារ​ពី​អ្នក​ផ្ដល់​ឥណទាន​បរទេស ដែល​ក្នុង​នោះ​កម្ចី​ចំនួន ១.៦០០ លាន​ដុល្លារ​គឺ​ជា​កម្ចី​ពី​ធនាគារ​របស់​ចិន។ វិធានការ​នេះ​បាន​បញ្ឈប់​ការ​បង្កើត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដែល​ភាគ​ច្រើន​ទទួល​បាន​ថវិកា​មកពី​ធនាគារ​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត South China Morning Post។
 
លោក Shahar Hameiri ដែល​ជា​សេដ្ឋវិទូ​នយោបាយ​នៃ​សាកលវិទ្យាល័យ Queensland នៅ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​យល់ស្រប​ថា វិធានការ​ថ្មី​ចុងក្រោយ​បង្អស់​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​លើកលែង​បំណុល​ចំពោះ​កម្ចី​ដែល​គ្មាន​ការ​ប្រាក់​សម្រាប់​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក​គឺ​ប្រហែល​គ្រាន់តែ​ជា «កាយវិការ​បែប​សុឆន្ទៈ» តែ​ប៉ុណ្ណោះ។
 
លោក​បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មួយ​មក​កាន់ VOA ថា៖ «ប្រសិនបើ​មាន​ការ​លេច​ឡើង​នូវ​បញ្ហា​សង​បំណុល កម្ចី​ធំ​ជាង​នេះ​នឹង​ទំនង​ជា​ត្រូវ​បាន​កំណត់​លក្ខខណ្ឌ​ឡើង​វិញ ដូច​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ប្រទេស​សំប៊ី​ដូច្នេះ​ដែរ»។
 
ការ​អះអាង​របស់​សហរដ្ឋ​អាមេរិក​អំពី «អន្ទាក់​បំណុល»
 
មន្ត្រី​ជាន់​ខ្ពស់​នានា​របស់​សហរដ្ឋ​អាមេរិក​ជា​រឿយៗ​បាន​ដាស់តឿន​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជា​ពិសេស​នៅ​ទ្វីប​អាហ្វ្រិក អំពី​គ្រោះថ្នាក់​នៃ​កម្ចី​របស់​ចិន ហើយ​ឯកសារ​មួយ​កាលពី​ឆ្នាំ ២០២០ របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​មាន​ចំណងជើង​ថា «កត្តា​នៃ​ការ​ប្រឈម​ពាក់ព័ន្ធ​នឹង​ចិន» មាន​បំណង​ចង់​សំដៅ​លើ «កម្មវិធី​អភិវឌ្ឍន៍​បែប​ជញ្ជក់​ឈាម​និង​ការទូត​បែប​អន្ទាក់​បំណុល» របស់​ចិន។
 
នៅ​ក្នុង​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​កាលពី​ខែ​សីហា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield បាន​លើកឡើង​អំពី​គោល​គំនិត​ដែល​ថា «ប្រទេស​អ្នក​មាន​និង​មាន​អំណាច​បាន​ទាញ​យក​ធនធាន​ធម្មជាតិ​របស់​ទ្វីប​អាហ្វ្រិក​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ការ​ធ្វើ​ដូច្នេះ​នៅ​បន្ត​ធ្វើ​ឡើង​នៅ​ពេល​សព្វថ្ងៃ​នេះ​តាម​រយៈ​កិច្ច​ព្រមព្រៀង​មិន​ល្អ​និង​អន្ទាក់​បំណុល»។ អ្នកស្រី​មិន​បាន​លើកឡើង​អំពី​ប្រទេស​ចិន​ឱ្យ​ចំ​នោះ​ទេ។
 
ទស្សនៈ​របស់​ទ្វីប​អាហ្វ្រិក
 
អ្នក​នយោបាយ​នៅ​ទ្វីប​អាហ្វ្រិក​ផ្ទាល់​មាន​ប្រតិកម្ម​ផ្សេងៗ​គ្នា​ចំពោះ​ការ​លើកឡើង​អំពី​អន្ទាក់​បំណុល​នេះ ដោយ​អ្នក​ខ្លះ​ដូចជា​ឯកអគ្គរដ្ឋទូត​អេត្យូពី​ប្រចាំ​ប្រទេស​ចិន​លោក Teshome Toga Chanaka ជាដើម បាន​ច្រានចោល​នូវ​ការ​លើកឡើង​ដូច​នេះ ដោយ​លោក​បាន​និយាយ​ថា៖ «ភាព​ជា​ដៃគូ​ដែល​មិន​ផ្ដល់​ប្រយោជន៍​ដល់​ភាគី​ទាំង​សងខាង​នឹង​មិន​ឋិតថេរ​បាន​យូរ​នោះ​ទេ»។
 
អ្នក​នយោបាយ​ផ្សេង​ទៀត ដែល​ក្នុង​នោះ​មាន​ដូចជា​លោក William Ruto ប្រធានាធិបតី​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​ប្រទេស​កេនយ៉ា និង​លោក Adalberto Costa, Jr. បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​អង់ហ្គោឡា​ជាដើម បាន​បង្ហាញ​ក្ដី​បារម្ភ​ទាក់ទិន​នឹង​ការ​ទទួល​យក​កម្ចី​ពី​ចិន។
 
ការ​ឆ្លើយតប​របស់​ចិន
 
ការ​ចោទ​ប្រកាន់​រឿង​អន្ទាក់​បំណុល​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចិន​ខឹង​យ៉ាង​ខ្លាំង ដោយ​បាន​និយាយ​ថា​បំណុល​ជា​ច្រើន​របស់​បណ្ដា​ប្រទេស​ក្រីក្រ​គឺ​បាន​មក​ពី​អ្នក​ផ្ដល់​កម្ចី​ឯកជន​របស់​បស្ចិម​ប្រទេស ហើយ​អ្នក​ផ្ដល់​កម្ចី​នេះ​គឺ​ជា​អ្នក​ដែល​យក​ការប្រាក់​ខ្ពស់​ខ្លាំង។
 
រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​និយាយ​កាលពី​ខែ​សីហា​ថា ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ចិន «គឺ​ជា​រឿង​ដែល​មិន​អាច​ការពារ​បាន​ពី​ការ​រិះគន់» នោះ​ឡើយ។
 
ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ជានិច្ចកាល​បាន​ចេញ​ផ្សាយ​អត្ថបទ​ដែល​មាន​បំណង​ជំទាស់​ទៅ​នឹង​ការ​លើកឡើង​អំពី​រឿង​អន្ទាក់​បំណុល​នេះ​ថា​ជា​ការ​លើកឡើង​មិន​ត្រឹមត្រូវ។
 
ការ​ជំទាស់​ទៅ​នឹង​ការ​លើកឡើង​រឿង​អន្ទាក់​បំណុល
 
សេដ្ឋវិទូ​និង​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ក៏​បាន​និយាយ​ផង​ដែរ​ថា ការ​លើកឡើង​រឿង​អន្ទាក់​បំណុល​ដើម្បី​ប្រឆាំង​នឹង​ចិន​នេះ​គឺ​ជា​ការ​លើកឡើង​ដែល​គ្មាន​ហេតុផល​ត្រឹមត្រូវ។
 
អ្នកស្រី Brautigam បាន​បញ្ជាក់​ថា៖ «គំនិត​អំពី​រឿង​អន្ទាក់​បំណុល​នេះ​ចង់​បញ្ជាក់​ថា ធនាគារ​ចិន​មាន​មូលហេតុ​លាក់បាំង​ដែល​នោះ​គឺ​ការ​ផ្ដល់​កម្ចី​ដោយ​ចេតនា​ទៅ​ឱ្យ​ប្រទេស​ណា​ដែល​ខ្លួន​ដឹង​ថា​ប្រទេស​នោះ​មិន​អាច​សង​បំណុល​របស់​ខ្លួន​បាន»។
 
អ្នកស្រី​បាន​បន្ថែម​ថា៖ «ការពិត​គឺ​ថា ដូច​ទៅ​នឹង​ម្ចាស់​មូលបត្រ​បំណុល​ដែរ ដែល​ជា​ម្ចាស់​បំណុល​ភាគ​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក ធនាគារ​ចិន​បាន​ផ្ដល់​កម្ចី​ដល់​ប្រទេស​ណា​ដែល​មើល​ទៅ​អាច​សង​បំណុល​បាន។ អ្នក​ផ្ដល់​ឥណទាន​ទាំង​អស់​នេះ​បាន​ដឹង​ក្នុង​ពេល​ក្រោយ​មក​ថា ហានិភ័យ​ដែល​ខ្លួន​បាន​វាយ​តម្លៃ​ថា​នឹង​ប្រឈម​អាច​នឹង​ប្រែប្រួល​យ៉ាង​លឿន​នៅ​ក្នុង​រយៈពេល​ខ្លី»។
 
ប្រទេស​ចិន​បាន​កំណត់​លក្ខខណ្ឌ​បំណុល​ឡើង​វិញ ឬ​ក៏​ធ្វើ​ហិរញ្ញប្បទាន​ឡើង​វិញ​ជាមួយ​នឹង​លក្ខខណ្ឌ​ថ្មី​លើ​បំណុល​ប្រហែល ១៥ ពាន់​លាន​ដុល្លារ​នៅ​ទ្វីប​អាហ្វ្រិក​រវាង​ឆ្នាំ ២០០០ និង​ឆ្នាំ ២០១៩។ នេះ​បើ​យោង​តាម​ការ​រកឃើញ​របស់​ការ​ស្រាវជ្រាវ​របស់​អ្នកស្រី Brautigam។ ការ​ស្រាវជ្រាវ​នេះ​មិន​បាន​រក​ឃើញ​ថា ប្រទេស​ចិន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង «ការ​រឹបអូស​ទ្រព្យសម្បត្តិ» ណា​មួយ​ទេ។
 
ដោយ​ស្រប​តាម​ការ​រកឃើញ​របស់​អ្នកស្រី Brautigam លោក Hameiri បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មួយ​មក​កាន់ VOA ថា៖ «មាន​ភ័ស្តុតាង​តិចតួច​ប៉ុណ្ណោះ​ដែល​បង្ហាញ​ថា​ប្រទេស​ចិន​បាន​អនុវត្ត «ការទូត​បែប​អន្ទាក់​បំណុល»។ ការ​អះអាង​ដែល​ថា​ចិន​បាន​អនុវត្ត​ការទូត​បែប​អន្ទាក់​បំណុល​នោះ​គឺ​ចង់​សំដៅ​ថា​ប្រទេស​ចិន​មាន​ចេតនា​ផ្ដល់​កម្ចី​ដើម្បី​បោក​បញ្ឆោត​អ្នក​ខ្ចី​ប្រាក់​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​បំណុល​ដែល​មិន​អាច​សង​បាន​ក្នុង​គោល​បំណង​ដើម្បី​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​យុទ្ធសាស្ត្រ​នានា​ឬ​ក៏​ធ្វើ​ការ​ត្រួតត្រា​លើ​រដ្ឋាភិបាល​នៃ​ប្រទេស​កូន​បំណុល​ទាំង​នោះ»។
 
កម្ចី​ដែល​មាន​បញ្ហា
 
លោក Hameiri បាន​សរសេរ​ថា ការ​ផ្ដល់​កម្ចី​របស់​ចិន​ពេល​ខ្លះ​មាន​បញ្ហា ដោយសារតែ «នៅ​ពេល​ដែល​មាន​អារម្មណ៍​រំជើបរំជួល​ខ្លាំង​នៅ​ក្នុង​ការ​ផ្ដល់​កម្ចី អ្នក​ផ្ដល់​កម្ចី​របស់​ចិន​ជា​រឿយៗ​បាន​ចំណាយ​ពេល​តិចតួច​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ពិចារណា​អំពី​លទ្ធភាព​ដែល​កូន​បំណុល​អាច​សង​បំណុល​បាន។ ដូច្នេះ ការ​ផ្ដល់​កម្ចី​របស់​ចិន​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​បញ្ហា​បំណុល​កើតឡើង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន បើ​ទោះបីជា​វា​មិន​មែន​ជា​មូលហេតុ​តែ​មួយ​គត់​ឬ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​បញ្ហា​បំណុល​នេះ​កើតឡើង តួយ៉ាង​ដូចជា​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​ក៏ដោយ»។
 
អ្នក​រិះគន់​ខ្លះ​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​ជា​អ្នក​ធ្វើ​ឱ្យ​មាន​វិបត្តិ​នេះ​កើតឡើង​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​កាលពី​ដើម​ឆ្នាំ​នេះ នៅ​ពេល​ដែល​រដ្ឋាភិបាល​ស្រីលង្កា​ដែល​មិន​អាច​សង​បំណុល​បាន ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​អំណាច​ដោយ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ។
 
ប្រទេស​ចិន​ក៏​ជា​អ្នក​ផ្ដល់​ឥណទាន​ទ្វេភាគី​ធំ​ជាង​គេ​បំផុត​ដល់​ប្រទេស​ស្រីលង្កា​ផង​ដែរ។ ប៉ុន្តែ ប្រភព​ប្រាក់​កម្ចី​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​ស្រីលង្កា​គឺ​មូលបត្រ​បំណុល​របស់​រដ្ឋ​ដែល​លក់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។
 
លោក Verhoeven បាន​និយាយ​ថា ការ​កើនឡើង​នៃ​មូលបត្រ​បំណុល​របស់​រដ្ឋ​ក៏​ជា​កត្តា​សំខាន់​នៅ​ក្នុង​បំណុល​របស់​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ផង​ដែរ ហើយ​លោក​បាន​ច្រានចោល​នូវ​ការ​លើកឡើង​អំពី​រឿង​អន្ទាក់​បំណុល​របស់​ចិន។
 
លោក​បាន​បញ្ជាក់​ដូច្នេះ​ថា «សម្រាប់​ប្រទេស​ចិន​វិញ ប្រទេស​នេះ​ចាត់ទុក​ការ​លើកឡើង​អំពី​រឿង​អន្ទាក់​បំណុល​នេះ …ថា​ជា​ការ​ធ្វើ​ឡើង​ដោយ​ចេតនា» ដោយ​ខ្លួន​អះអាង​ដូច្នេះ​ដើម្បី​ឱ្យ​ប្រទេស​នានា​បោះឆ្នោត​គាំទ្រ​ខ្លួន​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​គោល​បំណង​ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​របស់​បស្ចិម​ប្រទេស។
 
លោក Verhoeven បាន​លើកឡើង​ថា មាន «ភ័ស្តុតាង​ពិត​ប្រាកដ​តិចតួច​ប៉ុណ្ណោះ​ដែល​បង្ហាញ​ថា​ចិន​ធ្វើ​ដូច្នេះ​ដើម្បី​ផល​ចំណេញ​នយោបាយ» ដែល «ករណី​នេះ​មិន​មែន​ចង់​មាន​ន័យ​ថា​កម្ចី​របស់​ចិន​គឺ​សុទ្ធតែ​ល្អ​នោះ​ទេ ឬ​ក៏​ចង់​មាន​ន័យ​ថា​ចិន​តែងតែ​ទទួល​ខុស​ត្រូវ ឬ​ក៏​ការ​ខ្ចី​បំណុល​ពី​ចិន​សុទ្ធតែ​ជា​រឿង​ល្អ​បំផុត​ដែល​ប្រទេស​នានា​ត្រូវ​ធ្វើ​នោះ​ឡើយ»។
 
លោក​បាន​បន្ថែម​ថា ដោយសារតែ​ឥឡូវ​នេះ​ប្រទេស​ចិន​បាន​ខ្ជះខ្ជាយ​ពេល​វេលា​ជា​ច្រើន​ទាក់ទិន​នឹង​ការ​ផ្ដល់​កម្ចី​របស់​ខ្លួន​ដោយសារ​ប្រទេស​មួយ​ចំនួន​មិន​អាច​សង​បំណុល​បាន ហើយ​ខ្លួន​ថែម​ទាំង​ជួប​បញ្ហា​លំបាក​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ផង​ដែរ នោះ «ពិតជា​មាន​ការ​យល់​ឃើញ​ដែល​ថា ស្ថានភាព​ដ៏​ល្អ​កាលពី ១០ ឬ​ក៏ ១៥ ឆ្នាំ​មុន​ដែល​ចិន​អាច​ផ្ដល់​កម្ចី​ជា​ច្រើន​បាន … គឺ​លែង​មាន​ទៀត​ហើយ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com