ជាតិ
សង្គមជាតិ
លោក ប្រាក់ សុខុន៖ នៅអាស៊ាន កម្ពុជា រងគ្រោះជាងគេ ពីការជួញដូរសម្បត្តិវប្បធម៌
07, Sep 2022 , 1:03 pm        
រូបភាព
បដិមាបុរាណខ្មែរ ត្រូវបានដាក់តាំងក្នុងពិធី ដែលភាគីកម្ពុជា ទទួលពីភាគីអាម៉េរិក ក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ (រូបពីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា)។ រូបរង្វង់មូល គឺលោក ប្រាក់ សុខា រដ្ឋមន្រ្តីការបរទេសកម្ពុជា ថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់សន្និសីទអន្តរជាតិស្តីពីការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ (រូបពីក្រសួងការបរទេស)។
បដិមាបុរាណខ្មែរ ត្រូវបានដាក់តាំងក្នុងពិធី ដែលភាគីកម្ពុជា ទទួលពីភាគីអាម៉េរិក ក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ (រូបពីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា)។ រូបរង្វង់មូល គឺលោក ប្រាក់ សុខា រដ្ឋមន្រ្តីការបរទេសកម្ពុជា ថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់សន្និសីទអន្តរជាតិស្តីពីការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ (រូបពីក្រសួងការបរទេស)។
ដោយ: ថ្មីៗ
ថ្លែងសុទ្ទរកថាតាមប្រព័ន្ធវីដេអូ ទៅកាន់សន្និសីទអន្តរជាតិស្ដីពីការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ ដែលត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបង្ហាញពីស្ថានភាពនៃការលួចយកវត្ថុបុរាណចេញពីកម្ពុជា ទៅជួញដូរតាមបណ្តាប្រទេសនានា។ សន្និសីទនេះ ប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។



លោករដ្ឋមន្រ្តីការបរទេស អះអាងដូច្នេះថា៖«ប្រើប្រៀបធៀបនឹងប្រទេសអាស៊ានផ្សេងទៀត ខ្ញុំជឿថា កម្ពុជា បានទទួលរងគ្រោះខ្លាំងជាងគេ ក្នុងការជួញដូរ ការបំផ្លិចបំផ្លាញ ការលួចយក និងការជីកកកាយ [សម្បត្តិវប្បធម៌] ដោយខុសច្បាប់ ក្នុងអំឡុងពេលជាច្រើនទស្សវត្សរ៍នៃសង្គ្រាមស៊ីវិល និងអស្ថិរភាព។ ផ្អែកតាមតម្រូវការនៃការរីកចម្រើនទីផ្សារងងឹតក្នុងការជួញដូរសម្បត្តិវប្បធម៌ បានបណ្តាលឲ្យមានការរលាយខ្ចាត់ខ្ចាយប្រាសាទបេតិកភណ្ឌ និងទីតាំងបុរាណជាច្រើនកន្លែង»។

លោក បន្តថា ការជួញដូរសម្បត្តិវប្បធម៌ គឺជាឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ និងជាបញ្ហាប្រឈមរួមមួយ ដែលត្រូវដោះស្រាយដោយប្រទេសអាស៊ានទាំងអស់។ លោក ប្រាប់ទៅអង្គសន្និសីសារព័ត៌មានថា កម្ពុជា ស្នើឲ្យសហគមន៍អន្តរជាតិ ចូលរួមសហការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសម្បត្តិវប្បធម៌ ដើម្បីអាចនាំសម្បត្តិវប្បធម៌ មកកាន់ប្រជាជាតិអាស៊ានរៀងៗខ្លួនវិញ។

លោក សង្កត់ធ្ងន់ថា៖«ទំហំនៃបញ្ហានេះ ពិតជាធំធេងណាស់។ រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តបញ្ឈប់ការជួញដូរវត្ថុបុរាណទាំងនេះ ហើយយើង នឹងធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលអាស៊ាន អង្គការអន្តរជាតិ និងដៃគូឯកជននានា ដែលគំនិតស្របគ្នា ដើម្បីបញ្ចប់បញ្ហានេះ។ យើង ត្រូវតែប្តេជ្ញាចិត្ត និងបន្តតស៊ូប្រឆាំង ដើម្បីការពារព្រលឹងនៃបេតិកភណ្ឌវប្បធម៌របស់យើង និងបន្តទប់ស្កាត់វត្ថុបុរាណដែលមានតម្លៃមិនអាចកាត់ថ្លៃបានទាំងនេះ ពីការលួចយក ហើយនាំចេញពីប្រទេសដើម»៕

Tag:
 ប្រាក់ សុខុន
  ការជួញដូរវត្ថុបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com